សិក្ខាសាលាផ្សព្វផ្សាយស្តីពី សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ដែលបានកែសម្រួល

"

ព្រះវិហារ ១៦ កក្កដា ២០១៥៖ សិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីបង្កើនការយល់ដឹងដល់សិក្ខាកាមអំពីគោលការណ៍ណែនាំគន្លឹះ និងនីតិវិធីនានាដែលបានកែសម្រួលក្នុងសៀវភៅកាលពីពេលកន្លងមក និងដើម្បីពង្រឹងការអនុវត្តតាមនីតិវិធីជាធរមាន ពេលអនុវត្តគម្រោងអភិវឌ្ឍន៍ទាំងឡាយដែលប្រើប្រាស់មូលនិធិឃុំ សង្កាត់ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំឡើងនៅសាលាខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥…

ព្រះវិហារ ១៦ កក្កដា ២០១៥៖ សិក្ខាសាលាស្តីពីការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីបង្កើនការយល់ដឹងដល់សិក្ខាកាមអំពីគោលការណ៍ណែនាំគន្លឹះ និងនីតិវិធីនានាដែលបានកែសម្រួលក្នុងសៀវភៅកាលពីពេលកន្លងមក និងដើម្បីពង្រឹងការអនុវត្តតាមនីតិវិធីជាធរមាន ពេលអនុវត្តគម្រោងអភិវឌ្ឍន៍ទាំងឡាយដែលប្រើប្រាស់មូលនិធិឃុំ សង្កាត់ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំឡើងនៅសាលាខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥។

 

សិក្ខាសាលាផ្សព្វផ្សាយរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុយ សេរិទ្ធ អភិបាលរងខេត្ត និងមានការចូលរួមពីគណៈភិបាលក្រុងស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ អ្នកទទួលការ នឹងមន្ត្រីនៃទីចាត់ការពាក់ព័ន្ធរបស់សាលាខេត្ត សរុបចំនួន ១២២នាក់ ស្រី ២៤នាក់។

 

ក្នុងពិធីបើកសិក្ខាសាលា លោក ស៊ុយ សេរិទ្ធ អភិបាលរងខេត្ត បានផ្តាំផ្ញើដល់សិក្ខាកាមឲ្យយកចិត្តទុកដាក់ទទួលយកនូវចំណេះដឹង និងបទពិសោធន៍សម្រាប់ការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនផងដែរ។

 

លោកស្រី នុត សាមាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ខេត្តមានចំណាប់អារម្មណ៍បញ្ជាក់អំពីការវិវត្តនៃការអនុវត្តគោលនយោបាយកំណែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈការអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី១ និងផអ៣ដំណាក់កាលទី២(២០១៥-២០១៧) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០-២០១៩) និងជាពិសេសគូសបញ្ជាក់អំពីការផ្លាស់ប្តូរយុទ្ធសាស្រ្តនៃការអភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សរាជធានី ខេត្ត ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីថ្នាក់ក្រោមជាតិ។

 

លោក ជាម មុនី ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្ត បានបង្ហាញនូវខ្លឹមសារសំខាន់ៗ និងសំណួរបំផុសគំនិតដល់អ្នកចូលរួម ជាពិសេសឃុំ សង្កាត់ដែលជាម្ចាស់គម្រោងនៃគម្រោងមូលនិធិឃុំ សង្កាត់ ។ ខ្លឹមសារទាំងនោះ មាន៖(១)ការរៀបចំឯកសារដេញថ្លៃ (២)ការដាក់និងទទួលសំណើដេញថ្លៃ (៣)ការប្រកាសបើកការដេញថ្លៃ (៤)ការបើកសំណើដេញថ្លៃ (៥)លទ្ធកម្មការងារសាងសង់ (៦)លទ្ធកម្មការងារសេវាកម្ម (៧)កិច្ចសន្យាការងារសេវាកម្ម (៨)ការចុះហត្ថលេខាលើកិច្ចសន្យា (៩)ល័ក្ខខ័ណ្ឌនៃកិច្ចសន្យា និង(១០)ការតាមដាននៅក្នុងអំឡុងពេលថែទាំសម្រាប់កិច្ចសន្យាការងារសាងសង់។

 

ជាលទ្ធផលសិក្ខាកាមទាំងអស់បានស្វែងយល់នូវគោលការណ៍គន្លឹះ និងនិតិវិធីដែលបានកែសម្រួល លើសពីនេះពួកគាត់បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកយ៉ាងផុលផុសដោយលើកពីបញ្ហាប្រឈម និងដំណោះស្រាយនានា។  ការផ្សព្វផ្សាយនេះក៏មានបញ្ជូលផងដែរ នូវវិធីសាស្រ្តតាមបែបចូលរួម  និងមានល្បែងថាមពល  សំដៅបង្កើតបរិយាកាសរីករាយ  និងបង្កើនថាមពលដែលធ្វើឲ្យដំណើរការប្រព្រឹត្តទៅប្រកបដោយភាពរលូន និងយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មបំផុត។ ចុងបញ្ចប់សិក្ខាកាមបានប្តេជ្ញានាំយកនូវចំណេះដឹងទៅផ្សព្វផ្សាយបន្ត និងផ្លាស់ប្តូរការអនុវត្តដើម្បីទទួលបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ៕ រៀបចំដោយ៖ លោក ជាម មុនី ទីប្រឹក្សអភិវឌ្ឍន៍សមត្ថភាពខេត្ត និង កែសម្រួលដោយ៖ លោកស្រី នុត សាមាន

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់