ឆមាស​ទី១ ឆ្នាំ ២០១៤ អត្រា​អ្នក​កើត​ជំងឺគ្រុនឈាម​ថយចុះ ៨៣ ភាគរយ

ភ្នំពេញ ៧ កក្កដា ២០១៤៖ ក្នុងឆមាសទី ១ ឆ្នាំ ២០១៤ នេះជំងឺគ្រុនឈាមនៅកម្ពុជា កើតមានចំនួន ១០០៥ នាក់ក្នុងនោះស្លាប់ ៦ នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៣ មានការថយចុះ ៨៣ ភាគរយ ដែលពេលនោះមានអ្នកជំងឺ គ្រុនឈាមចំនួន ៦០៣៩ នាក់ ក្នុងនោះស្លាប់ ២៥ នាក់…

ដោយ៖ ថ្មីៗ (អត្ថបទចុះផ្សាយនៅថ្ងៃ 06-07-2014, 5:29 pm)
http://thmeythmey.com/index.php?page=detail&ctype=article&id=16084&lg=kh

ភ្នំពេញ ៧ កក្កដា ២០១៤៖ ក្នុងឆមាសទី ១ ឆ្នាំ ២០១៤ នេះជំងឺគ្រុនឈាមនៅកម្ពុជា កើតមានចំនួន ១០០៥ នាក់ក្នុងនោះស្លាប់ ៦ នាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០១៣ មានការថយចុះ ៨៣ ភាគរយ ដែលពេលនោះមានអ្នកជំងឺ គ្រុនឈាមចំនួន ៦០៣៩ នាក់ ក្នុងនោះស្លាប់ ២៥ នាក់។ នេះបើយោងតាមរបាយការណ៍របស់មជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្ដ្រ-បាណកសាស្ដ្រ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជាតិ AKP។

អត្រាអ្នកកើតជំងឺគ្រុនឈាមនៅកម្ពុជាក្នុងឆមាសទី ១ នេះមានអ្នកជំងឺចំនួន ១០០៥ នាក់ក្នុងនោះស្លាប់ ៦ នាក់ ។ ចំនួននេះ មានការ ថយចុះរហូតដល់ ៨៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ។ នេះបើតាមសម្តីរបស់លោក ច ម៉េងជូ ប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ-បាណកសាស្ដ្រ ។

នៅរយៈពេល ៦ ខែដូចគ្នាក្នុងឆ្នាំ ២០១៣ កន្លងទៅ មានអត្រាអ្នកកើតជំងឺគ្រុនឈាមរហូតដល់ចំនួន ៦០៣៩ នាក់ ក្នុងនោះស្លាប់ ២៥ នាក់។ ឆ្នាំនេះករណីឈឺស្លាប់មានកម្រិតទាបជាងឆ្នាំ មុនៗនៃរយៈពេល ៨ ឆ្នាំកន្លងមកក្នុងឆមាសទី ១ ដូចគ្នា ។ ប្រការដែល កត់សម្គាល់គឺ ៤,៨ភាគរយ នៃករណីគ្រុនឈាមទាំងអស់ដើមឆ្នាំ ២០១៤ នេះ គឺជាមនុស្សធំពេញវ័យអាយុលើសពី ១៥ ឆ្នាំ ចំណែក ក្នុងកំទ្បុងឆ្នាំ ២០០៧-២០១៣ មានតែ ២ ឬ ៣ ភាគរយប៉ុណ្ណោះ ដែលមានជំងឺគ្រុនឈាម ទៅលើមនុស្សធំពេញវ័យអាយុលើសពី ១៥ ឆ្នាំនេះ ។

លោក ច ម៉េងជូ បន្តថា ទោះបីអត្រាអ្នកកើតជំងឺគ្រុនឈាមមានការថយចុះក្តី កម្ពុជានៅតែបន្ដការប្រុងប្រយ័ត្នជានិច្ច ព្រោះ ថា កន្លងមកជារៀងរាល់ ៣ ទៅ ៥ ឆ្នាំម្ដង ជំងឺនេះតែងមានការផ្ទុះរាតត្បាតឡើងនៅកម្ពុជា។ ជំងឺនេះធ្លាប់មានការផ្ទុះរាតត្បាត ទូទាំងប្រទេសនៅឆ្នាំ ១៩៩៨  ឆ្នាំ ២០០៧ និង ឆ្នាំ ២០១២ ក្នុងនោះការផ្ទុះរាតត្បាតនៅឆ្នាំ ២០០៧ មានអ្នកឈឺចំនួន ៣៩ ៤៦០ ករណី ស្លាប់ ៤០៤ នាក់ ហើយការផ្ទុះនៅឆ្នាំ ២០១២ មានអ្នកឈឺ ៤០៩០៩ ករណី ស្លាប់ ១៨៩ ។ នៅឆមាសទី ១ នេះ មានចំនួន ៦៧ ភាគរយ នៃករណីគ្រុនឈាមសរុបជាកុមារ អាយុពី ៥ ដល់ ១៤ ឆ្នាំ ដែលភាគច្រើនកំពុងរៀនក្នុងសាលាបឋមសិក្សា។

សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសទី ១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មានការផ្ទុះរាតត្បាត ជំងឺគ្រុនឈាមជារឿយៗ ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៣ ជំងឺគ្រុនឈាមនេះ ក៏មានកើតឡើងផងដែរនៅក្នុងប្រទេសសិង្ហបុរី ថៃ និងទ្បាវ ។ នៅដើមឆ្នាំ ២០១៤ នេះ កំពុងផ្ទុះការរាតត្បាតនៅប្រទេសម៉ាទ្បេស៊ី ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់