ផ្លូវ​​ជនបទ​​ពីរ​​ខ្សែ​ប្រវែង​​ជាង​៦៩គីឡូម៉ែត្រ ​​នៅ​​ខេត្ត​កំពង់ស្ពឺ ក្រាល​​កៅស៊ូ​​ពីរ​ជាន់ (DBST) រួច​​ជា​​ស្ថាពរ

កំពង់ស្ពឺ ២ ធ្នូ ២០១៤៖ ផ្លូវលំជនបទចំនួន២ខ្សែ ដែលធ្លាប់តែពិបាកធ្វើដំណើរទៅមក ប្រវែង ៦៩,៣៥៦ គ.ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឥឡូវនេះបានកសាងឡើងវិញ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBST រួចរាល់ជាស្ថាពរហើយ ក្រោមគម្រោងកែលំអផ្លូវជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ។

កំពង់ស្ពឺ ២ ធ្នូ ២០១៤៖ ផ្លូវលំជនបទចំនួន២ខ្សែ ដែលធ្លាប់តែពិបាកធ្វើដំណើរទៅមក ប្រវែង ៦៩,៣៥៦ គ.ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឥឡូវនេះបានកសាងឡើងវិញ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ DBST រួចរាល់ជាស្ថាពរហើយ ក្រោមគម្រោងកែលំអផ្លូវជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ។

 

ខ្សែទី១៖ពីផ្សារត្រពាំងក្រឡឹង (ផ្លូវជាតិលេខ៤)-ផ្សារបាំងកាសី (ផ្លូវជាតិលេខ៣) ប្រវែង ៤៤.៩៣០ គ.ម មានលូមូល៣៦ កន្លែង លូប្រអប់ចំនួន ០៣ កន្លែង និងសំណង់ទ្វារទឹក០២ កន្លែង ឆ្លងកាត់ឃុំចំនួន ០៩ (ឃុំទួលអំពិល ឃុំស្វាយរំពារ ឃុំទួលសាលា ឃុំភារីមានជ័យ ឃុំស្វាយចចិប ឃុំព្រៃវិហារ ឃុំស្តុក ឃុំព្រៃក្មេង និងឃុំគីរីវ័ន្ត) ដែលមានភូមិចំនួន៤០ ក្នុងស្រុកភ្នំស្រួច ស្រុកបរសេដ្ឋ និងស្រុកគងពិសី។ ខ្សែទី២៖ ពីគីរីរស្មី-ដកពរ ប្រវែង ២៤.៤២៦ គ.ម មានលូមូល១៣កន្លែង ឆ្លងកាត់ឃុំចំនួន ០៣ (ឃុំព្រៃរំដួល ឃុំតាំងសំរោង និងឃុំក្រាំងដីវាយ ) ដែលមានភូមិចំនួន១៤ ក្នុងស្រុកភ្នំស្រួច។

 

នៅក្នុងដំណើរបេសកកម្មពិនិត្យផ្លូវជនបទក្រាលកៅស៊ូទាំងពីរខ្សែខាងលើ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរួមជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដែលដឹកនាំដោយ លោកបណ្ឌិត Shihiru Date ជាមន្ត្រីជាន់ខ្ពស់ផ្នែកដឹកជញ្ជូននៃការិយាល័យកណ្តាលរបស់ ADB ត្រូវបានទទួលស្វាគមន៍ និងសម្តែងនូវគោរពស្រឡាញ់យ៉ាងកក់ក្តៅ ពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ។

 

នៅក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានជម្រាបជូនប្រជាពលរដ្ឋថា ការកសាងផ្លូវ គឺជាគោលដៅយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទតាមរយៈផ្តល់លក្ខណៈងាយស្រួល និងកាត់បន្ថយពេលវេលា និងថវិកា របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់សាលារៀន មន្ទីរពេទ្យ ទីផ្សារ វត្តអារាម មជ្ឈមណ្ឌលផ្តល់សេវាសាធារណៈផ្សេងៗ ជាពិសេសការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗបានទាន់ពេលវេលា ហើយអស់សោហ៊ុយតិច។

 

ឯកឧត្តមរដ្ឋមន្ត្រី ក៏ជម្រាបផងដែរថា គម្រោងកែលម្អផ្លូវជនបទនេះ នឹងត្រូវបន្តទៅជុំហ៊ានទី២ ដែលត្រូវអនុវត្តចាប់ពីឆ្នាំ ២០១៥ តទៅ ដោយកែលំអផ្លូវជនបទេពីក្រាលក្រួសក្រហមឲ្យទៅជាក្រាលកៅស៊ូប្រវែងជាង១២០០គ.ម នៅក្នុង៩ខេត្ត ក្នុងនោះខេត្តកំពង់ស្ពឺ នឹងត្រូវទទួលបានជាង៧០ គ.ម បន្ថែមទៀត។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ជា សុផារ៉ា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្ររាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សាស្ថិរភាពនយោបាយ សន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន និងបានសំណូមពរដល់ប្រជាពលរដ្ឋឲ្យរួមគ្នាការពារសមិទ្ធផលខាងលើឲ្យបានស្ថិតស្ថេរគង់វង្ស។ ទន្ទឹមនេះ ឯកឧត្ដមក៏បានអំពាវនាវដល់ អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា និងអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ត្រូវចូលរួមដាំដើមឈើ រួមទាំងដើមត្នោតនៅតាមដងផ្លូវដើម្បីរួមចំណែកធ្វើឲ្យបរិស្ថានធម្មជាតិនៅក្នុងភូមិមានលក្ខណៈល្អប្រសើរផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់