ចំនួន​ស្រ្ដី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ដ​ក្នុង​រដ្ឋសភា​កើន​ដល់​ ២០.៣ ភាគរយ

ភ្នំពេញ ០៣ មីនា ២០១៥៖ រដ្ឋមន្រ្ដីក្រសួងកិច្ចការនារីបានអះអាងថា ការអនុវត្ដគោលនយោបាយសមភាពយេនឌ័រក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ តួនាទីស្រ្ដីក្នុងការធ្វើសេចក្ដីសម្រេចចិត្ដក្នុងរដ្ឋសភាមានការកើនឡើងរហូតដល់២០.៣ ភាគរយ បើ ប្រៀបធៀបទៅនឹងអត្រាកំណើនអាសនៈស្រ្ដីនៅទ្វីបអាស៊ី…

 

ភ្នំពេញ ០៣ មីនា ២០១៥៖ រដ្ឋមន្រ្ដីក្រសួងកិច្ចការនារីបានអះអាងថា ការអនុវត្ដគោលនយោបាយសមភាពយេនឌ័រក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ តួនាទីស្រ្ដីក្នុងការធ្វើសេចក្ដីសម្រេចចិត្ដក្នុងរដ្ឋសភាមានការកើនឡើងរហូតដល់២០.៣ ភាគរយ បើ ប្រៀបធៀបទៅនឹងអត្រាកំណើនអាសនៈស្រ្ដីនៅទ្វីបអាស៊ី។

ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូនារី ក្នុងឱកាសអបអរសាទរខួប អនុស្សាវរីយ៍លើកទី១០៤នៃទិវាអន្ដរជាតិនារី៨មីនា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ នៅវិមានព្រឹទ្ធសភាលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ការអនុវត្តការងារ យេនឌ័រនៅកម្ពុជារហូតមកដល់ពេល បច្ចុប្បន្ននេះបានធ្វើឱ្យសមាសភាពស្រ្ដីនៅក្នុងរដ្ឋសភា មានការកើនឡើងដល់ជាង ២០ភាគរយ បើប្រៀបធៀបអត្រាមធ្យមស្រ្ដីដែលទទួលអាសនៈ នៅក្នុងរដ្ឋសភានៅទ្វីបអាស៊ី និងក្នុងតំបន់អាស៊ាន។ លោកជំទាវបញ្ជាក់ថា ស្រី្ដក្នុងការធ្វើសេចក្ដីសម្រេចចិត្ដ និងទទួលបានអាសនៈក្នុងរដ្ឋសភានៅក្នុងទ្វីបអាស៊ីមានអត្រាត្រឹមតែជាង ១៩ភាគរយប៉ុណ្ណោះ។

 

ប៉ុន្តែស្រ្ដីនៅកម្ពុជាមានអត្រាខ្ពស់ជាងស្រ្ដីនៅក្នុងទ្វីបអាស៊ី និងប្រទេសក្នុងតំបន់អាស៊ានដែលទទួលបានតួនាទីនៅតាមស្ថាប័នរដ្ឋាភិបាល ។ ស្រ្ដីកម្ពុជា មានការចូលរួមច្រើននៅក្នុងវិស័យសេដ្ឋកិច្ច ក្នុងនោះមានចំនួន ៧៩ភាគរយ បម្រើឱ្យសេវាកម្លាំងពលកម្ម ។

លោកជំទាវបានលើកឡើងថា ការអនុវត្ដសមភាពយេនឌ័រនៅកម្ពុជា ក្នុង រយៈពេល២០ឆ្នាំកន្លងមកនេះបានធ្វើឱ្យស្រ្ដីមានសិទ្ធិស្មើភាពជាមួយបុរសនៅក្នុង វិស័យអប់រំ និងសុខាភិបាល ដែលរាជរដ្ឋាភិបាលបានផ្ដល់លទ្ធភាពឱ្យក្មេងស្រី បានចូលរៀនចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់ឧត្តមសិក្សាដូចក្មេងប្រុសដែរ ។ 

ចំពោះលទ្ធផលនៃការអនុវត្ដផែនការកាត់បន្ថយអត្រាមរណភាពរបស់ស្រ្ដី និងកុមារ នៅពេលសម្រាលកូន ត្រូវបានអង្គការសហប្រជាជាតិសម្រេចជ្រើសរើសយកប្រទេស កម្ពុជាធ្វើជាប្រទេសគំរូដែលបានសម្រេចទៅលើគោលដៅអភិវឌ្ឍសហស្សវត្ស ។ ទន្ទឹមនឹងការរីកចម្រើនរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច និងតួនាទីស្រ្ដីក្នុងការធ្វើសេចក្ដីសម្រេចចិត្ដនោះ ក៏មានបញ្ហាប្រឈមផងដែរចំពោះស្រ្ដីដែលទាមទារឱ្យស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលបន្ដចូលរួមដោះស្រាយ ដើម្បីផ្ដល់ឱកាសដល់ស្រ្ដីក្នុងការឈានទៅបង្កើនសមាសភាពក្នុងតួនាទី និងការធ្វើសេចក្ដីសម្រេចចិត្ត នៅតាមក្រសួងស្ថាប័ន ដើម្បីឱ្យមានតំណាងបេក្ខភាពស្រ្ដីកាន់តែច្រើនបន្ថែមទៀត។

 

ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាបានសម្ដែងការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ស្រ្ដីក្នុងការទទួលបានតួនាទី ឋានៈ ការចូលរួមក្នុងវិស័យនយោបាយ និងកិច្ចការសាធារណៈ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេស និងសង្គមជាតិ។ ឯកឧត្តមបន្ដថា ស្ថាប័ននីតិប្បញ្ញត្តិបន្ដគាំទ្រដល់ការអនុវត្ដគោលនយោបាយយេនឌ័ររបស់រាជរដ្ឋាភិបាល ហើយការអនុវត្ដផែនការនេះ ពិតជាមាន សារៈសំខាន់ណាស់ដើម្បីចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសង្គមមួយប្រកបដោយសមភាព សមធម៌ និងការរស់នៅដោយភាពសុខដុមរមនា។

សម្រាប់ការប្រារព្ធទិវាអន្តរជាតិ៨មីនា ក្នុងឆ្នាំ ២០១៥នេះ រាជរដ្ឋាភិបាល កម្ពុជាបានលើកយកប្រធានបទស្របតាមប្រធានបទសកល ទាក់ទងនឹងដំណើរឆ្ពោះទៅមុខស្រ្ដីកម្ពុជាក្រោយសន្និសីទស្រ្ដីពិភពលោកឆ្នាំ ១៩៩៥ ក្នុងគោលបំណង រំឭកអំពីការតស៊ូរបស់នារីនៅទូទាំងពិភពលោកក្នុងការទាមទារសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិស្មើភាពរវាងបុរស និងស្រ្ដី ព្រមទាំងពិនិត្យមើលឡើងវិញ លើសមិទ្ធផលក្នុងរយៈពេល២០ឆ្នាំ ចាប់តាំងពីសន្និសីទស្រ្ដីពិភពលោកឆ្នាំ១៩៩៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ៕ ដោយ៖ អ៊ុន រិទ្ធី

ដកស្រង់ចេញពីគេហទំព័រAKP

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់