រាជធានីភ្នំពេញ៖ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល ដំណាក់កាលទី ០២ (DAR II) ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង និងកញ្ញាមន្ត្រីជំនាញនៅតាមបណ្តាក្រសួង ស្ថាប័ននៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសរុបចំនួនប្រមាណ ១០០រូប នៅក្នុងសណ្ឋាគារ Great Duke។
ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍសហព័ន្ធអាល្លឺម៉ង់ (BMZ) បានផ្តល់ហិរញ្ញប្បទានដល់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលនេះ ចាប់ពីខែឧសភា ឆ្នាំ២០១៩ រហូតដល់ខែមេសា ឆ្នាំ២០២២។
កម្មវិធីនេះមានគោលបំណងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រុង ស្រុកដែលបានជ្រើសរើសនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់សេវាសង្គម និងសេវារដ្ឋបាលប្រកបដោយគណនេយ្យភាព តម្លាភាព និងការសម្របសម្រួលដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លើសពីនេះ កម្មវិធីនេះនឹងធ្វើការក្នុងភាពដៃគូរវាងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុកដែលបានជ្រើសរើស និងដៃគូអភិវឌ្ឍន៍។
សូមជម្រាបជូនថា ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តកម្មវិធីនាឱកាសនេះ គឺជាវេទិកាមួយដែលអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន ស្ថាប័នរៀបចំគោលនយោបាយថ្នាក់ជាតិ ប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានាមកជួបជុំគ្នាក្នុងគោលបំណងជម្រាបជូនអំពី ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ ព្រមទាំងប្រកាសជាផ្លូវការនូវកិច្ចដំណើរការអនុវត្តកម្មវិធី និងប្រារព្ធពិធីចុះកិច្ចព្រមព្រៀងអនុវត្តកម្មវិធី៕