ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ ខេត្តកែប អាណត្តិទី២

ដំណាក់ចង្អើរ-កែប ១៦ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សា ស្រុកដំណាក់ចង្អើរ ខេត្តកែប អាណត្តិទី២ បានប្រព្រឹត្តទៅកាលពីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នៅបរិវេណសាលាស្រុកដំណាក់ចង្អើរ…


ដំណាក់ចង្អើរ-កែប ១៦ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ ខេត្តកែប អាណត្តិទី២ បានប្រព្រឹត្តទៅកាលពីល្ងាច ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤ នៅបរិវេណសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពីក្រុមប្រឹក្សាស្រុកដែលជាប់ឆ្នោត១១នាក់ (ស្រី១នាក់) អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាល-អភិបាលរងស្រុក មន្ទីរជំនាញអង្គភាពជុំវិញខេត្ត មន្ត្រីការិយាល័យរដ្ឋបាលស្រុក កងកម្លាំងទាំងបី ចៅសង្កាត់ ស្មៀនសង្កាត់ មេភូមិ សរុបចំនួន៦១ នាក់ (ស្រី៨នាក់)

ជាកិច្ចចាប់ផ្តើម លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់ចង្អើរ មានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពីស្ថានភាពអនុវត្តក្នុងអាណត្តិទី១របស់ក្រុមប្រឹក្សាស្រុក។ លោក ព្រុំ គន្ធី នាយករដ្ឋបាលសាលាខេត្ត បានអានអនុក្រឹត្យស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក។ បន្ទាប់មក ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានប្រគល់អនុក្រឹត្យជូនក្រុមប្រឹក្សា។

លោក កៅ គី ប្រធានក្រុមប្រឹក្សាស្រុក បានមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្ត៖

  • រៀបចំកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ
  • ប្រតិបត្តិផ្ដល់ភក្តីភាពរដ្ឋបាលឯកភាពតាមច្បាប់ ព្រះរាជក្រឹត្យ បណ្ដាលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល
  • ពង្រឹងរដ្ឋបាលឯកភាពស្រុក គ្រប់គ្រងធនធានហិរញ្ញវត្ថុ ផ្ដល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព
  • ពង្រឹងសាមគ្គីភាពផ្ទៃក្នុងរវាងក្រុមប្រឹក្សា និងគណៈអភិបាល មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញឲ្យមានសុខដុមនីយកម្មជានិរន្ត ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់ក្រុមប្រឹក្សាក្រុងដំណាក់ចង្អើរ៖

  • យកចិត្តទុកដាក់អនុវត្តខ្លឹមសារតាមប្រកាសលេខ១៦២៣ ប្រកចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ របស់ក្រសួងមហាផ្ទៃ ជាអាទិ៍កិច្ចការចំពោះមុខរួមមាន៖ (១).ការរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី១ ដែលត្រូវផ្សព្វផ្សាយសេចក្ដីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ផ្ដួចផ្ដើមគំនិតរៀបចំពង្រាង ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ របាយការណ៍លទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួននៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេសសល់ដែលសម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត (២).ការរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី២ ដែលត្រូវអនុម័ត កំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែរាប់ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
  • បន្តលើកកម្ពស់ការផ្ដល់សេវាសាធារណៈតាមបណ្ដាជំនាញរៀងខ្លួន
  • បន្តលើកកម្ពស់អភិវឌ្ឍធនធានមនុស្សបន្ថែមទៀត
  • ធ្វើការសិក្សាស្រាវជ្រាវឲ្យបានដឹងច្បាស់លាស់អំពីបញ្ហាកង្វល់ បញ្ហាប្រឈមរបស់ប្រជាជន ហើយទទួលយកបញ្ហាទាំងនោះមកធ្វើការដោះស្រាយ
  • បន្តលើកកម្ពស់ទទួលខុសត្រូវឲ្យបានទាន់ពេលវេលាក្នុងការកំណត់តារាងតម្លៃសេវាសាធារណៈ ដោយធ្វើការប្រកាសផ្សព្វផ្សាយបិទតាមសាលាឃុំ សង្កាត់ ឲ្យប្រជាជនបានយល់ដឹង
  • បន្តទប់ស្កាត់បទល្មើលព្រៃឈើ ជលផល និងបទល្មើសកើតមានក្នុង ភូមិ ឃុំ សង្កាត់ ដែលត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពឲ្យបានជាប្រចាំ
  • ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាល គោរពច្បាប់ គោលនយោបាយឲ្យបានខ្ជាប់ខ្ជួន ពង្រឹងរបៀបរបបអនុវត្តការងារ សំដៅអភិវឌ្ឍមូលដ្ឋាន ធានាឆ្លើយតបតម្រូវការរបស់ប្រជាជន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់