កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​ចូលរួម​លើក​កម្ពស់​សមភាព​​យេនឌ័រ​​​

ភ្នំពេញ ៧ ធ្នូ ២០១៥៖ តាមរយៈការពង្រឹងសមត្ថភាពនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ សង្កាត់បានធ្វើឲ្យសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផ្ដោតទៅលើការប្រើប្រាស់មូលនិធិរបស់ខ្លួនកាន់តែច្រើនចំពោះការរៀបចំ និងការអនុវត្តគម្រោងផ្ដល់សេវានានាដែលពាក់ព័ន្ធនឹងសុខភាព អំពើហិង្សាក្នុងគ្រួសារ។

ភ្នំពេញ ៧ ធ្នូ ២០១៥៖ តាមរយៈការពង្រឹងសមត្ថភាពនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ សង្កាត់បានធ្វើឲ្យសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផ្ដោតទៅលើការប្រើប្រាស់មូលនិធិរបស់ខ្លួនកាន់តែច្រើន ចំពោះការរៀបចំ និងការអនុវត្តគម្រោងផ្ដល់សេវានានាដែលពាក់ព័ន្ធនឹងសុខភាព អំពើហិង្សាក្នុងគ្រួសារ។

 

នេះជាការលើកឡើងរបស់ ឯកឧត្ដម ប៉ាវ ហមផាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាប្រចាំឆ្នាំស្ដីពីការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅថ្នាក់ក្រោមជាតិ ដែលរៀបចំដោយក្រសួងកិច្ចការនារី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។

 

ឯកឧត្ដមបានបន្តថា ផែនការអនុវត្តរយៈពេល៣ឆ្នាំ ក្រុមការងារក្រសួងកិច្ចការនារី និងលេខាធិការដ្ឋាន គ.ជ.អ.ប បានសហការយ៉ាងជិតស្និទ្ធក្នុងការបញ្ជ្រាបយេនឌ័រទៅក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិនានា ការរៀបចំសេចក្ដីព្រាងឯកសារបច្ចេកទេសស្តីពីការលើកកម្ពស់បរិយាប័ន្ន និងសមធម៌សង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ការសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធនានា និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយថ្មីៗនេះក៏មានការអនុវត្តគម្រោងបណ្ដាញក្រុមប្រឹក្សាជាស្រ្តីដែលមកពី២៤ ខេត្ត ក្រុង ស្រុកដើម្បីចែករំលែកបទពិសោធន៍នឹងបញ្ហាយេនឌ័រ។

 

លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថារាជរដ្ឋាភិបាលតាមរយៈក្រសួងកិច្ចការនារីបានចូលរួមអនុវត្តនូវកម្មវិធីជាតិនារីរតនៈទី២ និងទី៣បានសម្រេចយ៉ាងជោគជ័យ បើទោះជាមានការជួបបញ្ហាប្រឈមមួយចំនួនក្តី។ លោកជំទាវ បន្តថាជាក់ស្ដែងការលើកកម្ពស់ការបញ្ជ្រាបយេនឌ័រក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការ គឺបានជួយគាំទ្រឲ្យថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិជាស្ត្រីមានការកើនឡើង។

 

លោកជំទាវ ក៏បានផ្តាំផ្ញើដល់អ្នកអនុវត្តកិច្ចការពាក់ព័ន្ធយេនឌ័រទាំងអស់ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែករិះរកយុទ្ធសាស្ត្រ និងរៀបចំផែនការសម្រាប់ឆ្នាំ២០១៦ ទាក់ទងនឹងកិច្ចការស្រ្តី។ លោកជំទាវ បានសង្កត់ធ្ងន់ថាក្រុមការងាររដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បែងចែកការងារឲ្យអ្នកទទួលខុសត្រូវច្បាស់លាស់ និងបន្តអនុវត្តយុទ្ធសាស្ត្រផែនការរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជ្រាបយេនឌ័រគ្រប់កម្រិត។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់