កំណែ​ទម្រង់​វិមជ្ឈការ វិសហ​មជ្ឈការ​នៅ​ថ្នាក់​ឃុំ សង្កាត់​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​មូលដ្ឋាន

បន្ទាយមានជ័យ ១៥ មិថុនា ២០១៦៖ ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភាបានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ បានជួយជំរុញដល់ការអភិវឌ្ឍមូលដ្ឋាននិងការចូលរួមកាត់បន្ថយភាពក្រីក្រ។

បន្ទាយមានជ័យ ១៥ មិថុនា ២០១៦៖ ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភាបានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ បានជួយជំរុញដល់ការអភិវឌ្ឍមូលដ្ឋាននិងការចូលរួមកាត់បន្ថយភាពក្រីក្រ។

 

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសបើកអង្គវេទិកាបូកសរុបថ្នាក់ភូមិភាគក្រោមប្រធានបទស្តីពី ការចូលរួមជំរុញនិងការលើកកម្ពស់ការអភិវឌ្ឍន៍ឃុំ សង្កាត់ ភូមិភាគទី៤ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

 

ឯកឧត្តមបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តអនុវត្តកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ តាមរយៈការបន្តពង្រឹងរដ្ឋបាល ថ្នាក់ក្រោមជាតិ បន្តអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកានិងទ្រព្យសម្បត្តិសំដៅធានា ឱ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតប ក្នុងការផ្តល់សេវាសាធារណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សមិទ្ធផលនៃកំណែទម្រង់នេះ នៅថ្នាក់ឃុំ សង្កាត់បាន លើកទឹកចិត្ត ឱ្យយើងប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀតនៅថ្នាក់មូលដ្ឋាន។

 

ទន្ទឹមនេះកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក៏ត្រូវបានរៀបចំ ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងពង្រឹងតួនាទីការទទួលខុសត្រូវ របស់ស្ថាប័នគ្រប់លំដាប់ ថ្នាក់សំដៅលើកកម្ពស់អភិបាលកិច្ចល្អ ការលើកស្ទួយការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្របន្ថែមទៀត។

 

ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចគោលបំណងនេះ ចាំបាច់ត្រូវរៀបចំឱ្យមានការសហការ ដ៏មានប្រសិទ្ធភាពរវាងកិច្ចខិតខំប្រឹងប្រែងទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

 

ដំណើរការនេះទាមទារ ឱ្យប្រជាពលរដ្ឋគ្រប់រូបមានឱកាសស្មើគ្នា ដើម្បីចួលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងទាមទារឱ្យមានការផ្តល់សេវាសាធារណៈដែលមានគុណភាពទូលំទូលាយជាងមុន។

 

ឯកឧត្តមបានលើកទៀតឡើងថា ការរៀបចំវេទិកានេះឡើងក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាពការងារ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ក្រោយការរៀបចំវេទិការបស់ភូមិភាគទី៤ ព្រមទាំងផ្តល់ឱកាស ឱ្យក្រុមប្រឹក្សា ឃុំ សង្កាត់ លើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈមនិងសំណូមពររបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋជាពិសេសរិះរកដំណោះស្រាយរាល់បញ្ហាប្រឈមនានាពីថ្នាក់ជាតិ និងអង្គភាពពាក់ព័ន្ធ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់