សង្គម​ស៊ីវិល​ ថា ការ​លាត​ត្រដាង​ព័ត៌មាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ច្រើន​លើ​រដ្ឋាភិបាល

ភ្នំពេញ ២៩ ធ្នូ ២០១៥៖  សង្គមស៊ីវិលបានមើលឃើញថា ការលាតត្រដាងព័ត៌មានគឺធ្វើឲ្យពលរដ្ឋ មានទំនុកចិត្តច្រើនលើ រដ្ឋាភិបាល ហើយការមានតម្លាភាពនៃការងាររដ្ឋាភិបាល នឹងកើតមានគ្រប់ទីកន្លែង ដែលនឹងនាំមកនូវរដ្ឋាភិបាលមួយ ដែលបើកចំហ …

ភ្នំពេញ ២៩ ធ្នូ ២០១៥៖  សង្គមស៊ីវិលបានមើលឃើញថា ការលាតត្រដាងព័ត៌មានគឺធ្វើឲ្យពលរដ្ឋមានទំនុកចិត្តច្រើនលើរដ្ឋាភិបាល ហើយការមានតម្លាភាពនៃការងាររដ្ឋាភិបាលនឹងកើតមានគ្រប់ទីកន្លែង ដែលនឹងនាំមកនូវរដ្ឋាភិបាលមួយដែលបើកចំហ។

លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានថ្លែងថា មានព័ត៌មាននឹងធ្វើឲ្យពលរដ្ឋគ្រប់រូបមានទំនុកចិត្តលើខ្លួនឯង មានភាពក្លាហាន និងហ៊ាននិយាយ។ «ពេលណា ពលរដ្ឋគ្រប់រូបចូលរួមជាមួយរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពេលនោះការងារអភិបាលកិច្ចល្អ និងប្រជាធិបតេយ្យនៅកម្ពុជានឹងរីកដុះដាលរឹងមាំ»។

លោក ណែប ស៊ីនថៃ ថ្លែងបែបនេះនៅក្នុងសិក្ខាសាលាស្តីពី «ការចែករំលែកមេរៀន និងបទពិសោធន៍ក្នុងយុទ្ធនាការបើកចំហព័ត៌មាននៅថ្នាក់ក្រោមជាតិ» ដែលរៀបចំដោយ APIកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។

ដោយឡែក ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ឆ្នាំង លោកស្រី ភួង ឈួយអេង បានលើកទឹកចិត្តឲ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំបញ្ចូលសកម្មភាពផ្សព្វផ្សាយព័ត៌មាន និងយន្តការបើកចំហព័ត៌មានទៅក្នុងផែនការការងាររបស់ឃុំ ស្រុកនីមួយៗ។

លោកស្រី ថ្លែងថា ការបើកចំហ និងផ្សព្វផ្សាយព័ត៌មានមិនមែនគ្រាន់តែជាប្រយោជន៍របស់ពលរដ្ឋប៉ុណ្ណោះទេ វាផ្តល់ផលប្រយោជន៍ដល់អាជ្ញាធរ ក្រុមប្រឹក្សាឃុំ ស្រុក ក្នុងការជំរុញពលរដ្ឋឲ្យមកចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍នានានៅតាមមូលដ្ឋាន។ «ដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិគប្បីធ្វើជាគំរូគេក្នុងការបើកចំហព័ត៌មាន ដោយបង្កើតយន្តការ ឧបករណ៍ និងមធ្យោបាយផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។

លោកស្រី ភួង ឈួយអេង ក៏បានអំពាវនាវដល់រដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ពិចារណារាល់មេរៀនល្អៗ បទពិសោធន៍ និងលទ្ធផលការវាយតម្លៃគម្រោង”បង្កើនការទទួលបានព័ត៌មានសាធារណៈ” របស់អ្នកស្រាវជ្រាវដែលបានបង្ហាញក្នុងសិក្ខាសាលានេះ សម្រាប់ជាគំនិតយោបល់ក្នុងការតាក់តែងគោលនយោបាយ និងកិច្ចអន្តរាគមន៍ផ្សេងៗនៅពេលអនាគត៕ NCDDS

លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)

 

ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តកំពង់ឆ្នាំង លោកស្រី ភួង ឈួយអេង

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់