វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ថ្នាក់​ជាតិ​ស្ដីពី​ផែនការ​អភិវឌ្ឍន៍​រយៈ​ពេល​ប្រាំ​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់​រាជធានី ខេត្ត

ភ្នំពេញ ២៦ មិថុនា ២០១៤៖ នៅក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ខេត្ត នីមួយៗ បន្ទាប់ពីក្រុមប្រឹក្សា រាជធានី ខេត្ត ដែលជាប់ឆ្នោត ចូលកាន់តំណែង គឺតម្រូវឲ្យ រៀបចំកសាងផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយស្របតាមច្បាប់រៀបចំអង្គការ…


ភ្នំពេញ ២៦ មិថុនា ២០១៤៖ នៅក្នុងអាណត្តិក្រុមប្រឹក្សារាជធានី ខេត្ត នីមួយៗ បន្ទាប់ពីក្រុមប្រឹក្សារាជធានី ខេត្តដែលជាប់ឆ្នោត ចូលកាន់តំណែង គឺតម្រូវឲ្យរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយស្របតាមច្បាប់រៀបចំអង្គការ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងរាជធានី ខេត្ត របស់ខ្លួន។

ដើម្បីឲ្យការកសាងផែនការនេះ ប្រព្រឹត្តទៅបានល្អ តាមនីតិវិធី និងបច្ចេកទេសច្បាស់លាស់ លេខាធិការដ្ឋាន គ.ជ.អ.ប បានផ្ដល់វគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែមិថុនា ឆ្នាំ២០១៤ ដល់គ្រូបង្គោលថ្នាក់ជាតិចំនួនប្រមាណ៣០នាក់ ដែលជ្រើសចេញមកពីក្រសួងសមាជិក គ.ជ.អ.ប ចំនួន១០ ស្ដីពីផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់រាជធានី ខេត្ត សម្រាប់អាណត្តិទី២នៃក្រុមប្រឹក្សារាជធានី ខេត្ត ដែលទើបជាប់ឆ្នោតថ្មីៗនេះ។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅសណ្ឋាគារ Inter-Continental រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១នៃលេខាធិការដ្ឋាន គ.ជ.អ.ប។ វគ្គនេះគាំទ្រដោយគម្រោងសម្រាប់កិច្ចអភិវឌ្ឍន៍សមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំអង្គការនៅថ្នាក់រាជធានី ខេត្ត (PILAC2) នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

នៅក្នុងអាណត្តិទី២របស់ក្រុមប្រឹក្សារាជធានី ខេត្ត នេះ ក្រុមប្រឹក្សារាជធានី ខេត្ត  នឹងត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន ឲ្យបានយ៉ាងយូរនៅក្នុងឆ្នាំទី២ នៃអាណត្តិរបស់ខ្លួន។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដម លេង វី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិនាពេលនេះ គឺជាសកម្មភាពចាប់ផ្តើមដ៏ល្អប្រសើរ និងសមស្របបំផុត ក្នុងការធានាឲ្យក្រុមប្រឹក្សារាជធានី ខេត្តអាណត្តិទី២ អាចចាប់ផ្តើមរៀបចំកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន ស្របតាមសេចក្តីណែនាំ បច្ចេកទេសថ្មីស្តីពីការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ដែលត្រូវបានពិនិត្យកែសម្រួលឡើងវិញ និងបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ ២០១៣ កន្លងមកនេះ។

វគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់នូវសមត្ថភាពគ្រប់គ្រាន់ដល់គ្រូបង្គោលថ្នាក់ជាតិ ដើម្បីបណ្ដុះបណ្ដាលបន្តដល់គ្រូបង្គោលថ្នាក់រាជធានី ខេត្ត ដែលនឹងធ្វើការបណ្ដុះបណ្ដាលដល់ក្រុមការងារកសាងផែនការថ្នាក់រាជធានី ខេត្ត ដែលមានអភិបាលរង សមាជិកក្រុមប្រឹក្សា មន្ទីរជំនាញ និងមន្ត្រីសំខាន់ៗផ្សេងទៀតថ្នាក់រាជធានី ខេត្ត ដើម្បីកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍រយៈប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត សម្រាប់អាណត្តិទី២របស់ក្រុមប្រឹក្សារាជធានី ខេត្ត។

ឯកឧត្ដម លេង វី មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ គ្រូបង្គោលនឹងក្លាយជាតំណាងឲ្យក្រសួងជាសមាជិក គ.ជ.អ.ប និងជាអ្នកដែលត្រូវពាំនាំនូវខ្លឹមសារនៃសេចក្តីណែនាំបច្ចេកទេសថ្មីនេះ ទៅឲ្យអ្នកពាក់ព័ន្ធនានានៅរាធានី ខេត្តទូទាំងប្រទេស សំដៅលើកកម្ពស់សមត្ថភាពរបស់អ្នកទាំងនោះ នៅក្នុងការកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលបន្ត នៅក្នុងអំឡុងខែកក្កដា ខាងមុខនេះ សម្រាប់ក្រុមគោលដៅជាគ្រូបង្គោលមកពីរាជធានី ខេត្តទាំង២៤។ ភារកិច្ចនេះ មានអត្ថន័យ និងអត្ថប្រយោជន៍សំខាន់ណាស់ ក្នុងការរួមចំណែកអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដោយក្រសួង ស្ថាប័នថ្នាក់ជាតិដែលពាក់ព័ន្ធទាំងអស់។

វគ្គបណ្តុះបណ្តាលនេះ មានប្រធានបទសំខាន់ៗ ដូចជា៖

  • ដំណើរការកសាងផែនការអភិវឌ្ឍន៍រាជធានី ខេត្ត
  • ដើមឈើបញ្ហា និងដើមឈើដំណោះស្រាយ
  • ប្រតិទិនការកសាងផែនការអភិវឌ្ឍន៍
  • ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង (SWOT)
  • គោលការណ៍ផ្នែកគោលនយោបាយរាជធានី ខេត្ត
  • វិធីសាស្ត្រដាក់ពិន្ទុ
  • ដំណើរការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការអភិវឌ្ឍន៍ប្រាំឆ្នាំរាជធានី ខេត្ត
  • តារាងវិភាគស្ថានការណ៍
  • តារាងក្របខ័ណ្ឌអភិវឌ្ឍន៍រាជធានី ខេត្ត
  • ទម្រង់សៀវភៅផែនការអភិវឌ្ឍន៍
  • ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
  • ការរៀបចំតារាងសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
  • វិធីសាស្ត្រផេអូហ្វម៉ាទ្រីស (Pay-Off Matrix)
  • ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
  • ទម្រង់សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់