ក្រុមប្រឹក្សា​បង្ហាញ​ពី​ភាព​​រីករាយ​ ស្របពេល​ដែល​គណៈ​អភិបាល​រៀបចំ​របាយការណ៍​បាន​ច្បាស់​លាស់​ជាង​មុន

កំពង់ចាម ៥ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាក្រុងកំពង់ចាម បានបង្ហាញពីភាពត្រេកអរ នៅពេលបានពិនិត្យឃើញគណៈអភិបាលដាក់របាយការណ៍ឆ្លងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាបាន ទាន់ពេលវេលា ជាក់លាក់ និងមានគុណភាពល្អប្រសើរជាងមុន។

កំពង់ចាម ៥ វិច្ឆិកា ២០១៥៖ ក្រុមប្រឹក្សាក្រុងកំពង់ចាម បានបង្ហាញពីភាពត្រេកអរ នៅពេលបានពិនិត្យឃើញគណៈអភិបាលដាក់របាយការណ៍ឆ្លងកិច្ចប្រជុំ ប្រចាំខែរបស់ក្រុមប្រឹក្សាបានទាន់ពេលវេលា ជាក់លាក់ និងមានគុណភាពល្អប្រសើរជាងមុន។

 

លោក គឹម តៃ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម បានបង្ហាញពីសេចក្ដីរីករាយនេះ ក្នុងវគ្គបណ្ដុះបណ្ដាលសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទីក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្ដីពីរបៀបបញ្ចេញរបាយការណ៍ពីក្នុងប្រព័ន្ធ ការបកស្រាយ និងវិធីសាស្ត្ររៀបចំរបាយការណ៍កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥។

 

លោក គឹម តៃ បានកត់សំគាល់ឃើញការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលបានល្អប្រសើរជាងមុនបន្ទាប់ពីដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងចាប់ពីខែកញ្ញា មក។ លោកបានបន្ថែម « គណៈអភិបាលបានដាក់របាយការណ៍ឆ្លងក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាបានចំនួន០២លើករួចមកហើយ។ ខ្ញុំសង្កេតឃើញថារបាយការណ៍ទាំងនោះដាក់ជូនក្រុមប្រឹក្សាពិនិត្យបានទាន់ពេលវេលា ច្បាស់លាស់ជាងមុន និងមានកំហុសឆ្គងតិច។»

 

លោកប្រធានក្រុមប្រឹក្សាបានចាត់ទុកការប្រើប្រាស់ប្រព័ន្ធថ្មីនេះ ជាសកម្មភាពល្អសម្រាប់ការគ្រប់គ្រងដែលមានព័ត៌មាន និងទិន្នន័យច្បាស់លាស់ពិសេសងាយរកផែនការ សកម្មភាព និងលទ្ធផលនានា ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ និងលទ្ធផលក្នុងអាណត្តិរបស់ក្រុមប្រឹក្សា។ល។

 

លោកស្រីថូ នារីភាជន៍ អភិបាលរងក្រុងកំពង់ចាម បានបង្ហាញពីសារៈសំខាន់របស់ប្រព័ន្ធថ្មីដែលអាចធ្វើឲ្យអភិបាលងាយស្រួលក្នុងការរៀបចំរបាយការណ៍សម្រាប់ក្រុមប្រឹក្សា។ លោកស្រី ក៏បានប្រាប់ថានឹងគាំទ្រដល់កាអនុវត្តប្រព័ន្ធថ្មីនេះ និងសន្យាគាំទ្រពង្រឹងការអនុវត្តឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។

 

គួរបញ្ជាក់ថា ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធអ៊ីនធឺណិតត្រូវបានរៀបចំឡើងដោយក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប ស្របតាមផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិ និងបានជ្រើសរើសក្រុង ស្រុក ខណ្ឌ គោលដៅសាកល្បងចំនួន១០ រួមមានស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់