ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី២

បន្ទាយមានជ័យ ៥ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី២ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី…

បន្ទាយមានជ័យ ៥ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី២ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ(ក)សាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះផងដែរ ក៏មានវត្តមានប្រតិភូអមដំណើរ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី២ គណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ គណៈអភិបាល ក្រុង ស្រុក តំណាងសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ មេបញ្ជាការនៃទីបញ្ជាការសឹករងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត តំណាង សភាពាណិជ្ជកម្មខេត្ត តំណាងអង្គការជាតិ និងអន្តរជាតិ តំណាងគណបក្សប្រជាជនកម្ពុជា តំណាង គណបក្សសង្គ្រោះជាតិ តំណាងគណបក្សហ្វុនស៊ីនប៉ិច និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀតសរុប ១១៧រូប (ស្រ្តី៦០រូប)។
ឯកឧត្តម គោស៊ុំ សារឿត អភិបាល នៃគណៈអភិបាលខេត្ត មានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសភាពការណ៍ទូទៅរបស់ខេត្ត ការអភិវឌ្ឍន៍លើគ្រប់វិស័យដោយផ្តោលើការងារ សន្តិសុខ និងសុវត្ថិភាពសាធារណៈ ការងារសេដ្ឋកិច្ច និងជីវភាព និងលទ្ធផលការងារបស់ក្រុមប្រឹក្សា ខេត្តអាណត្តិទី២ (២០០៩ ២០១៤)។

បន្ទាប់មកឯកឧត្តម ឌុច សុន  អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យលេខ នស/រកត/០៥១៤/៦៣៨ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការតែង តាំងប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ។ យោងតាមព្រះរាជក្រឹត្យ សម្រេចតែងតាំង ឯកឧត្តម អ៊ុង អឿន ជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងសមាជិកក្រុមប្រឹក្សាចំនួន១៦ រូបទៀត។

ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យដែលទើបប្រកាសតែង បានមាន មតិចំណាប់អារម្មណ៍ និងធ្វើការប្តេជ្ញាចិត្ត ១)-ភក្តីភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្ត គោរព
រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានជាធរមាន និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់ កាលទី៣ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ លើកកម្ពស់ប្រសិទ្ធិភាពក្នុងការធ្វើនិង អនុវត្តសេចក្តីសម្រេចប្រកបដោយអភិបាលកិច្ចល្អ។ ២)-ខិតខំពង្រឹងរដ្ឋបាលឯកភាព អាចម្ចាស់ការបាន ក្នុងការគ្រប់គ្រងការចាត់ចែងមុខងារនិងធនធាន ហើយមានសមត្ថភាពសម្របសម្រួលនូវសកម្មភាពនៃ ការផ្តល់សេវា និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋា ភិបាល និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។ ៣)-ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល និង មន្ត្រីបុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ទំនាក់ទំនងជាមួយក្រុមប្រឹក្សា តាមបណ្តាប្រភេទព្រម ទាំងក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរឹងមាំខ្លាំងក្លាដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ឯកឧត្តម ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីបានមានមតិសំណេះសំណាល និងផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំខេត្ត បន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំអនុវត្តការងារឲ្យសម្រេចបានជោគជ៍យ ជាពិសេសបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាខេត្តថ្មី អាណត្តីទី២ ដែលទើបប្រកាសចូលកាន់តំណែងត្រូវអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាន នានាជាធរមានចំពោះមុខ។ ជាបន្ទាន់នេះត្រូវរៀបចំរបៀបរបបការងាររបស់ខ្លួនស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ត្រូវប្រជុំសាមញ្ញលើកទី១មិនឲ្យហួសពី១៥ថ្ងៃបន្ទាប់ពីពិធីប្រកាស ចូលកាន់តំណែងរបស់ក្រុមប្រឹក្សានាថ្ងៃនេះ។ កិច្ចប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សាត្រូវធ្វើការផ្សព្វផ្សាយ និងស្តាប់របាយការណ៍ លើបញ្ហាមួយចំនួនដូចជា៖

១)-ផ្សព្វផ្សាយសេចក្តីណែនាំ០១៥សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
២)-ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ។
៣)-អភិបាលខេត្តធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួន នៅក្នុងការដឹកនាំរបស់ក្រុមប្រឹក្សា អាណត្តិទី១ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ និងណែនាំក្រុមប្រឹក្សាត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬលើស៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកទី១។ ក្នុងកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាខេត្តត្រូវអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា និងប្រតិទិននៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សារយៈពេល១២ ខែ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់