ពីធីប្រកាសចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី២

តាកែវ ៩ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤…

តាកែវ ៩ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី នៅសាលសហសិក្សា សាលាគរុកោសល្យភូមិភាគខេត្តកែវ និងមានការចូលរួមពីថ្នាក់ដឹកនាំពីបណ្តាក្រុង ស្រុក មន្ទីរជំនាញ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងស្ថាប័ននានាជុំវិញខេត្ត សរុបប្រមាណ២៨៤នាក់ (ស្ត្រីប្រមាណ៤៥នាក់)។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឡាយ វណ្ណ: អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអានសុន្ទរកថាស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីទាំងមូលអំពីសមិទ្ធិផលដែលរដ្ឋបាលខេត្ត សម្រេចបានក្នុងរយៈពេលមួយអាណត្តិកន្លងទៅនេះ។ 

 

បន្ទាប់ពីឯកឧត្តម អង មង្គល អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាលវិជ្ជាជីវ នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន អានព្រះរាជក្រឹត្យទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តទាំង១៩ រូប ដែលមានសមាសភាពមកពី គណៈបក្សប្រជាជន១៥រូប និងមកពីគណៈបក្សសង្គ្រោះជាតិចំនួន៤រូបរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាផ្តាំផ្ញើ ប្រកបដោយអត្ថន័យជ្រាលជ្រៅ ដោយបានផ្តោតលើលទ្ធផលល្អប្រសើររបស់រដ្ឋបាលខេត្តក្នុងអាណត្តិទី១ ជាពិសេស ការអនុវត្តផែនការអនុវត្តបីឆ្នាំដំបូង(ផអ៣) នៃកម្មវិធីជាតិ១០ឆ្នាំរបស់គ.ជ.អ.ប និងបញ្ជាក់បន្ថែមពីយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចំណុចសំខាន់ៗដែលទាក់ទងនឹងគណនេយ្យភាពរបស់ក្រុមប្រឹក្សា ការផ្តល់សេវាដល់ប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស មានប្រសិទ្ធភាព មានសាមគ្គីភាពល្អរវាងគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត និងបានផ្តាំផ្ញើនូវចំណុចសំខាន់ៗ មួយចំនួនដែលទាក់ទងនឹងដំណើរការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាខេត្តឱ្យស្របតាមច្បាប់ ដែលមានចែងជាធរមានផងដែរ។

 

នៅចុងបញ្ចប់នៃពិធី ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តបានធ្វើសេចក្តីប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតី និងអង្គពិធីទាំងមូលប្រកបដោយឆន្ទៈមុះមុតស្មោះត្រង់ និងភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ អនុវត្តតួនាទី ភារកិច្ចឱ្យបានល្អប្រសើរដោយគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាន បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អរវាងក្រុមប្រឹក្សាខេត្ត គណៈអភិបាល ក្រសួង ស្ថាប័ន សមាគម អង្គការជាតិអន្តរជាតិនានា និងតាមដានត្រួតពិនិត្យរាល់ការងារទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បី ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់