សេចក្ដី​ព្រាង​បឋម​នៃ​វិសោធនកម្ម​ច្បាប់ព្រៃ​ឈើ​ ច្បាប់​ជល​ផល​ និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​ត្រូវ​បាន​ដាក់​ជូន​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពិគ្រោះ​យោបល់ ​

ភ្នំពេញ ២៥ មេសា ២០១៧៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំសេចក្ដីព្រាងវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិក្រោមអធិបតីភាពបើកសិក្ខាសាលាដោយ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ…

 

ភ្នំពេញ ២៥ មេសា ២០១៧៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំសេចក្ដីព្រាងវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិក្រោមអធិបតីភាពបើកសិក្ខាសាលាដោយ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២៥ – ២៦ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Sofitel ភ្នំពេញ។ 

 

សិក្ខាសាលានេះ មានសមាសភាពចូលរួមមកពីក្រសួង ស្ថាប័នសាមីពាក់ព័ន្ធ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិពី ៥ខេត្ត តំណាងសហគមន៍មូលដ្ឋាន អង្គការដៃគូ អង្គការសង្គមស៊ីវិល និងអ្នកជាប់ពាក់ព័ន្ធនានា។

 

ដោយបានការគាំទ្ររបស់អង្គការ Winrock លេខាធិការដ្ឋាន គ.ជ.អ.ប បានសម្របសម្រួលរៀបចំឡើងនូវសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ ក្នុងគោលបំណងប្រមូលនូវបទពិសោធន៍នានា ដែលបាននឹងកំពុងអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាននៅក្នុងតំបន់ព្រៃឡង់ ដើម្បីបានជាធាតុចូលសម្រាប់កែសម្រួលជាបណ្ដើរៗនូវសេចក្ដីព្រាងវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ។

 

មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដម ង៉ាន់ ចំរើន បានបញ្ជាក់ពីគោលបំណងសំខាន់នៃការរៀបចំវិសោធនកម្មច្បាប់ទាំងបីនេះថាមានចំនួន២ធំៗ (១) បែងចែកការទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន និង (២) មានបំណងរៀបចំធ្វើការបែងចែកការទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងថ្នាក់រដ្ឋបាលនីមួយៗពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដម ង៉ាន់ ចំរើន បានបន្តថា៖ «នេះជាដំណើរការមួយដែលយើងកំពុងធ្វើក្នុងក្រមខណ្ឌកំណែទម្រង់ផ្ទេរមុខងារ ដូច្នេះការធ្វើវិសោធនកម្មច្បាប់ទាំងនេះ គឺត្រូវឱ្យស៊ីសង្វាក់គ្នាជាមួយកិច្ចដំណើរការកំណែទម្រង់។»

 

សូមបញ្ជាក់ថាសិក្ខាសាលាពិគ្រោះយោបល់នេះជាការពិគ្រោះលើសេចក្ដីព្រាងបឋមនៃវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ ដែលបានរៀបចំកាលពីខែកុម្ភៈកន្លងទៅ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់