សិក្ខាសាលា​​ពិគ្រោះ​យោបល់​​​ស្ដីពី​​សេចក្ដី​​ព្រាង​​ប្រកាស​​ប្រតិភូកម្ម​​ និង​​កិច្ច​ព្រមព្រៀង​​ផ្ទេរ​មុខងារ​​សាកល្បង​​ជួសជុល​​និង​ថែទាំ​​ប្រព័ន្ធ​​ផ្គត់ផ្គង់​​ទឹក​​ស្អាត​

កំពង់ចាម ២៧ វិច្ឆិកា ២០១៤៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ…

កំពង់ចាម ២៧ វិច្ឆិកា ២០១៤៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ស្ដីពីសេចក្ដីព្រាងប្រកាសប្រតិភូកម្ម និងកិច្ចព្រមព្រៀងផ្ទេរមុខងារសាកល្បងជួសជុលនិងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារ ៧មករា ខេត្តកំពង់ចាម។

 

សិក្ខាសាលានេះប្រារព្ធឡើងក្រោមអធិបតីភាព លោក នួន ពេជ្យនិមិត្ត អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក សុខ សុទ្ធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប លោក Rainer Rodewohld ប្រធានជំនាញការបច្ចេកទេសធនាគារពិភពលោក (ADB-TA)  និងមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ នៃស្រុកគោលដៅអនុវត្តគម្រោងសាកល្បងក្នុងខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធដែលមានចំនួនសរុប៥៩នាក់ (ស្រី ៦នាក់)។

 

មានមតិបើកសិក្ខាសាលា លោក សុខ សុទ្ធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលាពិគ្រោះយោបល់នេះថា ជាធាតុចូលមួយយ៉ាងសំខាន់ ដើម្បីស្វែងយល់ពីចំណុចខ្វះខាតសម្រាប់កែសម្រួលបន្ថែមលើសេចក្ដីព្រាងប្រកាសប្រតិភូកម្ម និងកិច្ចព្រមព្រៀងក្នុងបំណងឲ្យការសាកល្បងផ្ទេរមុខងារនេះដំណើរការបានល្អ នឹងឈានទៅផ្ទេរមុខងារទាំងស្រុងនៅពេលបន្ទាប់។

 

 

លោក សុខ សុទ្ធី បានមានប្រសាសន៍បន្តទៀតថា ការធ្វើប្រតិភូកម្មមុខងារដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយយ៉ាងសំខាន់នៃការអនុវត្តកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានដល់ការទទួលបានរដ្ឋបាលឯកភាពស្របតាមច្បាប់គ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។  

 

ក្នុងជំហានសាកល្បង ក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចធ្វើប្រតិភូកម្មមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ឲ្យដល់ស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច ស្រុកឈូក ស្រុកជុំគីរី នៃខេត្តកំពត និងស្រុកមេមត់ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃុំ ដើម្បីគ្រប់គ្រង ចាត់ចែង និងអនុវត្តសាកល្បងក្នុងរយៈពេលពីរឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦។

 

មុខងារដែលក្រសួងអភិវឌ្ឍន៍ជនបទត្រូវធ្វើប្រតិភូកម្មរួមមាន៖

១. ការជួលជុលតូច និងការជួសជុលធំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដូចជា៖ អណ្ដូងស្នប់ អណ្ដូងលូ អណ្តូងចម្រុះ ស្រះសហគមន៍ និងបណ្ដាញចែកចាយទុយយោ

២. ការធ្វើតេស្តគុណភាពទឹកដោយប្រើប្រាស់ឧបករណ៍យួរដៃតូចៗ

៣. គាំទ្រដល់ដំណើរការបង្កើតក្រុមប្រើប្រាស់ទឹក និងអនាម័យ

៤. ពង្រឹងសមត្ថភាពក្រុមអ្នកប្រើប្រាស់ទឹក និងអនាម័យក្នុងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

៥. គ្រប់គ្រងបញ្ជីសារពើភណ្ឌរាល់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុក។

 

គួរបញ្ជាក់ថា ដើម្បីជំរុញកិច្ចដំណើរការផ្ទេរមុខងារ និងធនធានឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យលេខ៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ សម្រាប់ក្រសួង ស្ថាប័នអនុវត្ត។ ផ្អែកលើអនុក្រឹត្យនេះ មានក្រសួងអាទិភាពចំនួន០៥ បានបញ្ចប់ការរៀបចំបញ្ជីវិភាគមុខងារ និងបានកំពុងបន្តរៀបចំកិច្ចដំណើរការពិនិត្យមើលមុខងារឡើងវិញ ដើម្បីឈានទៅដល់ការកំណត់នូវមុខងារ និងធនធានដែលត្រូវផ្ទេរឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះមានក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល។

 

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ទេរមុខងារសាកល្បងលើវិស័យសុខាភិបាលរបស់ការិយាល័យស្រុកប្រតិបត្តិចំនួន០៣ ទៅឱ្យរដ្ឋបាលស្រុកចំនួន០៥ ដែលរួមមាន ស្រុកកណ្ដៀង ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្រុកម៉ោងឫស្សី ស្រុករុក្ខគិរី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ដោយឡែកក្រសួងបរិស្ថានក៏បានរៀបចំសិក្ខាសាលាដើម្បីពិនិត្យមើលមុខងារ និងធនធានដើម្បីផ្ទេរទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ រួចហើយដែរ។

 

មុខងារដែលស្រុកប្រតិបត្តិសុខាភិបាលធ្វើប្រតិភូកម្មដល់រដ្ឋបាលស្រុកក្នុងគម្រោងសាកល្បងមាន៖

១. ការថែទាំមណ្ឌលសុខភាព រួមបញ្ចូលទាំងសេវាអនាម័យ អគ្គីសនី និងទឹក

២. ការផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ

៣. ការផ្តល់ការលើកទឹកចិត្តដល់បុគ្គលិកមណ្ឌលសុខភាព

៤. ការលើកស្ទួយ និងបន្ថែមសេវា ដូចជាការគាំពារ សេវាសុខភាពសហគមន៍ និងប្រចាំការ២៤ម៉ោង

៥. ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់សេវានៅមណ្ឌលសុភាព និងសេវាសុខភាពនៅសហគមន៍៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់