កិច្ច​ពិគ្រោះ​យោបល់​លើសេចក្តី​ព្រាង​ឯកសារ​យុទ្ធសាស្រ្តសម្រាប់​ផែនការ​អភិវឌ្ឍន៍ ដំណាក់​កាល​ទី​២ នៃ​កម្មវិធី​ជាតិ​​​ (CEN)

ភ្នំពេញ ១៥ កញ្ញា ២០១៤៖  លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងយុទ្ធសាស្ត្រសម្រាប់ ការរៀបចំតាក់តែងផែនការអភិវឌ្ឍន៍ ( ផអ៣ ) ដំណាក់កាលទី២ ក្នុងគោលបំណងសម្រេចទៅតាមលទ្ធផលដែលបានរំពឹងទុក។

ភ្នំពេញ ១៥ កញ្ញា ២០១៤៖  លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងយុទ្ធសាស្ត្រសម្រាប់ការរៀបចំតាក់តែងផែនការអភិវឌ្ឍន៍ ( ផអ៣ ) ដំណាក់កាលទី២ ក្នុងគោលបំណងសម្រេចទៅតាមលទ្ធផលដែលបានរំពឹងទុក។
     
ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ។ 
                             
ឯកឧត្តម ង៉ាន់ ចំរើន បានមានប្រសាសន៍ថា ឯកសារយុទ្ធសាស្ត្រសម្រាប់អនុវត្ត ផអ៣ (២០១៥-២០១៧) ដំណាក់កាលទី២នេះ ផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលក្រុង ស្រុក។

ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍសមត្ថភាពរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងឃុំ សង្កាត់ ក៏ត្រូវពង្រឹងផងដែរ ហើយនឹងត្រូវមានយុទ្ធសាស្ត្រផ្សេងៗពីការអនុវត្ត (ផអ៣) ដំណាក់កាលទី១ (២០១១-២០១៤) ដើម្បីអោយការអនុវត្ត (ផអ៣) ដំណាក់កាលទី២ មានប្រសិទ្ធភាពខ្ពស់។ ទោះបីការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានធ្វើឡើងជាច្រើនក៏ដោយ ក៏ប្រសិទ្ធភាពនៃសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានកម្រិតនៅឡើយ។    

ឯកឧត្តមបានបន្តថា ការពង្រឹងសមត្ថភាពនៅក្នុងការអនុវត្ត (ផអ៣) ដំណាក់កាលទី ២ នឹងត្រូវធ្វើឡើងជា បន្តទៀតដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានសមត្ថភាពគ្រប់គ្រាន់ និង មានភាពច្បាស់លាស់ក្នុងការអនុវត្តមុខងារ ដែលនឹងត្រូវផ្ទេរពីថ្នាក់ជាតិ។

នៅក្នុងសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រសម្រាប់ការរៀបចំតាក់តែង (ផអ៣) ដំណាក់កាលទី២នេះ នឹងមានការផ្ទេរមុខងារសាកល្បងដល់ ក្រុង ស្រុក គោលដៅ ហើយនឹងមានការផ្ទេរមុខងារជាបន្តបន្ទាប់ទៀត នៅពេលដែលការអនុវត្តការផ្ទេរមុខងារសាកល្បងនេះទទួលបានជោគជ័យ។                            
ឯកសារយុទ្ធសាស្ត្រសម្រាប់ការរៀបចំតាក់តែង (ផអ៣) ដំណាក់កាលទី២ នេះគ្រោងនឹងអនុម័តដោយ គ.ជ.អ.ប នៅពាក់កណ្តាលខែតុលាឆ្នាំ២០១៤ខាងមុខ។                            

ឯកឧត្តម ង៉ាន់ ចំរើន បានលើកទឹកចិត្តជំរុញដល់អ្នកចូលរួមទាំងអស់ ផ្តល់ជាមតិយោបល់អោយបានច្រើន ដែលជាធាតុចូលដ៏សំខាន់សម្រាប់អោយឯកសារយុទ្ធសាស្ត្រនេះអាចដំណើរការបានល្អ។ ឯកឧត្តម បានលើកឡើង ទៀតថា៖ឯកសារយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងយោងតាមបទពិសោធន៍ល្អមួយចំនួន និង មានការបន្ថែមយុទ្ធ សាស្ត្រមួយចំនួនដែលមានការខ្វះខាតពីការអនុវត្ត (ផអ៣) ដំណាក់កាលទី១។
      
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រសម្រាប់ការរៀបចំតាក់តែង (ផអ៣) ដំណាក់កាលទី២ ធ្វើឡើងដើម្បីពិភាក្សា និង ផ្តល់យោបល់ ដើម្បីឲ្យការអនុវត្ត (ផអ៣) ដំណាក់កាលទី២ ២០១៥ ២០១៧ ឲ្យសម្រេចបាននូវសមិទ្ធិផលរំពឹងទុកចំនួន ៥ រួមមាន ៖ រដ្ឋបាលថ្នាក់ក្រោមជាតិបំពេញមុខងារ ជាស្ថាប័នប្រជាធិបតេយ្យនៅមូលដ្ឋានដែលមានស្វ័យភាពនិងមានគណនេយ្យភាព ដោយគណៈអភិបាលត្រូវមាន គណនេយ្យភាពចំពោះក្រុមប្រឹក្សា ហើយក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប្រព័ន្ធគ្រប់គ្រង និង អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំបញ្ចប់ និង/ឬពិនិត្យឡើងវិញដើម្បីធានាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានលទ្ធភាពទទួលខុសត្រូវក្នុងការផ្តល់សេវានានា។ រដ្ឋបាលថ្នាក់ក្រោមជាតិនានា ដែលនៅកៀកនឹងប្រជាពលរដ្ឋ ត្រូវបានផ្តល់លទ្ធភាពនិងគាំទ្រដោយក្រសួងស្ថាប័ន ថ្នាក់រដ្ឋបាលកម្រិតផ្សេងទៀត ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការសម្រេចនានារបស់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានផ្តល់ធនធានសមស្រប ដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពបំពេញតួនាទី របស់ខ្លួនប្រកបដោយគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និង ការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ ត្រូវបានលើកកម្ពស់ សំដៅឈានឆ្ពោះទៅរកការគ្រប់គ្រងដែលធ្វើឲ្យមានការផ្លាស់ប្តូរ៕ ដោយ តារារិទ្ធី

ដកស្រង់ចេញពីគេហទំព័រ CEN

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់