កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន

"

ភ្នំពេញ ២៩ មិថុនា ២០១៥៖ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគរ្ប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ត្រូវបានធ្វើឡើងក្នុងបំណងធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជនដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភ័ណ្ឌភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ត្រូវបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប…

ភ្នំពេញ ២៩ មិថុនា ២០១៥៖ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគរ្ប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជន ត្រូវបានធ្វើឡើងក្នុងបំណងធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជនដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសោភ័ណ្ឌភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ត្រូវបានប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមទីប្រជុំជននេះ រៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប ដោយក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប ។ 

 

ឯកឧត្តម ចាន់ សុធា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា សេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានរៀបចំឡើងដោយប្រើប្រាស់រយៈពេលជិត១ឆ្នាំ ដោយមានការពិគ្រោះយោបល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈកិច្ចប្រជុំ និងសិក្ខាសាលាជាច្រើនលើកច្រើនសារ។ ក្រុមការងាររបស់ក្រសួងបរិស្ថាន រួមជាមួយក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប បានខិតខំចងក្រងដោយផ្អែកទៅតាមខ្លឹមសារនៃច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងបានកែសម្រួលខ្លឹមសារទៅតាមលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

 

ឯកឧត្តមបន្ថែមថា ទោះយ៉ាងណាក៏ដោយ សេចក្តីព្រាងនេះក៏នៅមានខ្លឹមសារមួយចំនួនទាមទារជាចាំបាច់នូវការពិភាក្សា ផ្តល់យោបល់បន្ថែមទៀតអំពីអ្នកពាក់ព័ន្ធសំខាន់ៗ ពិសេសក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រុមប្រឹក្សាអភវឌ្ឍន៍កម្ពុជា ដើម្បីធ្វើឲ្យខ្លឹមសារនៃអនុក្រឹត្យនេះកាន់តែសុក្រឹត្យ។ 

 

ក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងមូលបានផ្តោតការយកចិត្តទុកដាក់ពិភាក្សាទៅលើបញ្ហាធំៗចំនួន៣គឺ ការផ្តល់កិច្ចសន្យាទៅឱ្យក្រុមហ៊ុនឯកជនក្នុងការប្រមូលសំរាម ការកំណត់កម្រៃសេវាសំរាម និងទោសបញ្ញត្តិសម្រាប់ផាកពិន័យ។ 

 

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ ពិគ្រោះយោបល់ និងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធសំខាន់ៗ ទៅលើសេចក្តីព្រាងអនុក្រឹត្យនេះ មុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ តំណាងក្រសួងយុត្តិធម៌ ក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងបរិស្ថាន ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប និងអគ្គនាយកដ្ឋានរដ្ឋបាល សរុបចំនួន ២០នាក់៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់