បើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង១៥០ម៉ែត្រនៅផ្លូវលេខ៧៣​

ភ្នំពេញ ១៥ កុម្ភៈ ២០១៦៖ ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកប្រវែង  ១៥០ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ៧៣ ចន្លោះឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់

ភ្នំពេញ ១៥ កុម្ភៈ ២០១៦៖ ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកប្រវែង  ១៥០ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ៧៣ ចន្លោះឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាតំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហមកម្ពុជា។

បន្ទាប់ពីបានស្តាប់របាយការណ៍លើកឡើងរបស់ ឯកឧត្តម ប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់អំពីលទ្ធផលការងារដែលខេត្តអនុវត្តន៍សម្រេចបាននាពេលកន្លងមក និងទិសដៅការងារដែលត្រូវអនុវត្តន៍បន្តរួចមក លោកឧត្តមសេនីយ៍ទោ គង់ អៀង នាយករងនៃនាយកដ្ឋានវិស្វកម្មក្រសួង ការពារជាតិ បានឱ្យដឹងថា ស្ពានកំពង់រាំងស្ថិតក្នុងភូមិសាស្ត្រ ឃុំពីរ ស្រុកពីរ និងខេត្តពីរ គឺខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ដោយស្ថានភាពទឹកទន្លេមេគង្គនៅឆ្នាំ២០១៥ មានទំហំតូច ពុំចូលពេញបឹងបួរ ព្រែកឡើយ អាកាសធាតុត្រជាក់តិច ហើយក្តៅខ្លាំង ភ្លៀងតិច កម្រិតទឹកឡើងយឺត ស្រកល្បឿមលឿន បង្កការលំបាកដល់ការរស់នៅ របស់មនុស្ស និងសត្វផងដែរនោះ  បន្ទាប់ពីមានការលើកឡើងជាសំណូមពីអាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ការងារនេះមកឱ្យ កងវិស្វកម្មក្រសួងការពារ ជាតិ ដោយមានការសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ចុះសិក្សា និងលើកជាគម្រោងសាងសង់ស្ពាននេះឡើង។ តាមរបាយការណ៍របស់ឧត្តមសេនីយ៍ទោ គង់ អៀង បានឱ្យដឹងបន្តថា  ពិធីបើកការដ្ឋាន សាងសង់ស្ពានបេតុង ១កន្លែង នាពេលនេះ  មានប្រវែង១៥០ម៉ែត្រ ទទឹង១២,៩០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកឆ្លូង ខេត្តក្រចេះ  និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ គម្រោងសាងសង់ស្ពាននេះ មានរយៈពេល២៤ខែ ចាប់ពីថ្ងៃបើកការដ្ឋាននេះទៅ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ មានប្រសាសន៍ថា ការសាងសង់ស្ពានបេតុងថ្មីដែលសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យសាងសង់នេះ ពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ  ព្រោះស្ពានចាស់ ដែលធ្វើអំពីដែកបាឡេមានទម្រង់តូច អាចឱ្យរថយន្តទៅមកបានម្ដងម្ខាងតែប៉ុណ្ណោះ ចំណែកស្ពានថ្មី ដែល កំពុងបើកការដ្ឋានសាងសង់មានប្រវែង ១៥០ម៉ែត្រ និងទំហំទទឹងរហូតដល់ ១២,៩ ម៉ែត្រ ដែលអាច ឱ្យរថយន្ត ឆ្លងកាត់ទៅមកទាំងសងខាងក្នុងពេលតែមួយ។ ការសាងសង់នេះ ប្រើប្រាស់ថវិការដ្ឋ ដែលគ្រោងប្រមាណ ១១៥០០ លានរៀល។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាស្ពាន គឺពង្រឹងការធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ក៏ពន្លឿនការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។ ប្រការនេះធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ទំនាក់ទំនងផ្លាស់ប្តូរផលិតផលរវាងប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាជាមួយនឹងប្រជាពលរដ្ឋនៅគ្រប់ទិសតំបន់នៅក្នុងប្រទេស និងតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចដទៃទៀតនិងស្របតាមចំនុចផ្ដោតជាអាទិភាព របស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិទី៥ នេះ គឺមនុស្ស ផ្លូវ ទឹក និងភ្លើង។

ឯកឧត្តម គាត ឈន់ បញ្ជាក់ថា ផ្លូវលេខ ៧៣ នេះជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ ដែលតភ្ជាប់ស្រុកឆ្លូង ទៅនឹងផ្លូវជាតិលេខ៧ ឆ្លងកាត់ ទីរួមខេត្តត្បូងឃ្មុំដែលទើបនឹងបង្កើតថ្មី ។ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់មានប្រសាសន៍ថា ផ្លូវលេខ ៧៣ នេះជាផ្លូវដងរនាស់ ដែលផ្លែរនាស់ម្ខាងផ្លូវលេខ ៣៧១ (ព្រែកតាហុប) និងម្ខាងទៀតកំណាត់ផ្លូវលេខ ៧៣ ពីឆ្លូងទៅក្រចេះ ហើយរាស់ប្រជាជន និងផលិតផលនានា ចាប់ពីព្រែកឆ្លូង (ស្រុកឆ្លូង) ឡើងទៅផ្លូវជាតិលេខ៧ និងទៅកាន់ទីក្រុងនានានៃប្រទេសកម្ពុជា។ យើងរំពឹងថាសកម្មភាពចរាចរណ៍ និងការដឹកទំនិញកសិផលនានា នឹងកាន់តែមមាញឹក រួមជាមួយសមាហរណកម្មតភ្ជាប់ជាមួយប្រទេសវៀតណាម និងឡាវ ក្នុងពេលអនាគត។

ក្នុងពេលអនាគត រាជរដ្ឋាភិបាលនឹងខិតខំសាងសង់ស្ពានបេតុង ជំនួសស្ពានដែកចាស់ៗនៅលើផ្លូវនេះបន្តទៀត។  គួររម្លឹកថា ផ្លូវលេខ ៧៣នេះ ដែលពីដើមជាផ្លូវលំមេព្រៃ។ តំបន់នេះ ធ្លាប់ជាសមរភូមិប្រយុទ្ធយ៉ាងក្ដៅគគុកក្នុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ ដោមមានការទម្លាក់គ្រាប់យ៉ាងច្រើន។ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងសង្កេតឃើញខ្មោចរថក្រោះ គ្រាប់មីននិងរបស់សំណល់ពីសង្រ្គាមជាច្រើននៅពាសពេញតាមបណ្ដោយផ្លូវនេះ។ ការធ្វើដំណើរតាមផ្លូវនេះមានការលំបាក ដោយសារផ្លូវមានភាពចាស់ទ្រុឌទ្រោម និងបញ្ហាអសន្តិសុខថែមទៀត៕

 

ប្រភព៖ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់