រាជធានីភ្នំពេញ៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហាន្តរាយនៅសហគមន៍មូលដ្ឋាន (CDRR) របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្នុងសាលប្រជុំនៃលេខាធិការដ្ឋាន គ.ជ.អ.ប។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ត្រួតពិនិត្យ និងស្តាប់បទបង្ហាញរបស់ប្រតិភូបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អំពីលទ្ធផលចុះត្រួតពិនិត្យមើល ការអនុវត្តគម្រោង CDRR ដល់ស្រុកនិងឃុំគោលដៅដែលអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន។ សមាសភាពអញ្ជើញចូលរួមកិច្ចប្រជុំនេះ រួមមាន តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមគោលដៅក្នុងខេត្តព្រៃវែង កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ទីប្រឹក្សាគម្រោង CDRR និងមន្ត្រីជំនាញសរុបចំនួនប្រមាណ ៤០រូប។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ប្រតិភូបេសកកម្មនៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានចុះត្រួតពិនិត្យមើលការអនុវត្តគម្រោង CDRR ដល់ស្រុក និងឃុំគោលដៅដែលអនុវត្តគម្រោង។ គោលបំណងចុះត្រួតពិនិត្យនោះ រួមមាន ១) ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ២) ធ្វើការផ្ទៀងផ្ទាត់អំពីផែនការដែលបានឯកភាពគ្នាហើយកំណត់នូវបញ្ហាប្រឈមនានា និង៣) ផ្តល់អនុសាសន៍ដើម្បីអនុវត្តគម្រោងប្រកបដោយជោគជ័យ៕