ឯកឧត្តម​អភិបាលខេត្តកណ្តាល៖ មេឃុំ ចៅសង្កាត់ចាំបាច់ត្រូវ​ការសមត្ថ​ភាព​ភាព​ជា​អ្នក​ដឹកនាំ

កណ្តាល ២០ មិថុនា ២០១៦៖ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ដើម្បីបំពេញកិច្ចការឲ្យទទួលបានជោគជ័យ  មេឃុំ ចៅសង្កាត់ ដែលជាមេដឹកនាំកើតឡើងដោយការបោះឆ្នោតសកល មានការគាំទ្រពីប្រជាពលរដ្ឋ ហើយ…

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល

 

កណ្តាល ២០ មិថុនា ២០១៦៖ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ដើម្បីបំពេញកិច្ចការឲ្យទទួលបានជោគជ័យ  មេឃុំ ចៅសង្កាត់ ដែលជាមេដឹកនាំកើតឡើងដោយការបោះឆ្នោតសកល មានការគាំទ្រពីប្រជាពលរដ្ឋ ហើយនៅកៀកកិតជាមួយប្រជាពលរដ្ឋ ប្រាកដជាត្រូវការសមត្ថភាពខាងការដឹកនាំគ្រប់គ្រងជាចាំបាច់។

ឯកឧត្តម ម៉ៅ ភិរុណ ថ្លែងដូច្នេះក្នុងវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំសម្រាប់មេឃុំ ចៅសង្កាត់ នៅខេត្តកណ្តាល ថ្ងៃទី២០  ខែមិថុនា ឆ្នាំ២០១៦។

ឯកឧត្តម ម៉ៅ ភិរុណ បន្តថា វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំសម្រាប់មេឃុំ ចៅសង្កាត់ នឹងជួយបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈ និងឈានទៅរកការរួមចំណែកកាត់បន្ថយភាពក្រីក្រ។ មេឃុំ ចៅសង្កាត់មានបទពិសោធន៍ច្រើនឆ្នាំក្នុងការដឹកនាំមូលដ្ឋាន ប៉ុន្តែវគ្គនេះពិតជាផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតលើសមត្ថភាពដែលមេឃុំ ចៅសង្កាត់មាននាពេលបច្ចុប្បន្ន។

ខេត្តកណ្តាលរៀបចំវគ្គភាពជាអ្នកដឹកនាំនេះក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រប់គ្រង ដឹកនាំ និងជម្រុញការផ្លាស់ប្តូរផ្នត់គំនិតរបស់មេឃុំ ចៅសង្កាត់ទាំង១២៧ ឲ្យក្លាយជាអ្នកដឹកនាំមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងមានភាពបត់បែន ឆ្នៃប្រឌិតស្របតាមយុគសម័យពុទ្ធិ និងបច្ចេកវិទ្យាទំនើប។

ឯកឧត្តម ម៉ៅ ភិរុណ ថ្លែងថា មេឃុំជាមនុស្សដ៏សំខាន់បំផុត នៅរដ្ឋបាលមូលដ្ឋាន ដែលធ្វើឲ្យដំណើរការនៃការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព មានការអភិវឌ្ឍប្រកបដោយសមធម៌និងចីរភាព រក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។

មេឃុំ ចៅសង្កាត់ដែលមកពីក្រុង ស្រុកទាំង១០នៃខេត្តកណ្តាលក៏ធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារមូលដ្ឋានពីគ្នាទៅវិញទៅមកផងដែរ។

 

ការអភិវឌ្ឍសមត្ថភាពរបស់មេឃុំ ចៅសង្កាត់នេះគឺជាផែនការសកម្មភាពរបស់រដ្ឋបាលខេត្តកណ្តាលឆ្នាំ២០១៦ និងប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តកណ្តាលផ្ទាល់៕ វគ្គនេះមានរយៈពេល០៩ថ្ងៃ ដោយចែកចេញជាបីក្រុម។ ក្រុមនីមួយៗមានរយៈពេល០៣ថ្ងៃ៖

ក្រុមទី១៖ ថ្ងៃទី ២០-២២ ខែមិថុនា ឆ្នាំ២០១៦
ក្រុមទី២៖ ថ្ងៃទី ២៧-២៩ ខែមិថុនា ឆ្នាំ២០១៦
ក្រុមទី៣៖ ថ្ងៃទី ០៤-០៦ ខែកក្កដា ឆ្នាំ២០១៦

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់