ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តស្តីពី ការប្រាស្រ័យទាក់ទង ដើម្បីពង្រីកការអនុវត្តការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានរវាងលេខាធិការដ្ឋាន និងមន្ត្រីទទួលបន្ទុករាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកឱ្យកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ដោយមានសមាសភាពចូលរួមឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុកទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីទទួលបន្ទុកការងារវិមជ្ឈការ និងវិសហមជ្ឈការសរុបចំនួន ៣០រូប មកពីរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។
ថ្លែងបើកវគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តស្តីពីការប្រាស្រ័យទាក់ទង និងផ្សព្វផ្សាយព័ត៌មាននេះ លោក ម៉ន ប៊ុនថារិទ្ធ ប្រធានការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាននៃអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដែលបានអនុញ្ញាតឱ្យក្រុមការងារយើងរៀបចំវគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនៅពេលនេះនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ។
ឱកាសនេះដែរ លោកបានលើកឡើងពីសាវតារនៃការរៀបចំចងក្រងសៀវភៅយុទ្ធសាស្រ្តស្តីពី “ការប្រាស្រ័យទាក់ទង” ការអនុវត្តការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានរបស់លេខាធិការដ្ឋាន និងគោលបំណងវគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តស្តីពី ការប្រាស្រ័យទាក់ទងរយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០១៩។ លោកបានជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រីអំពី សាវតានៃការរៀបចំយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងដែលឈានមកដល់ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលនាឱកាសនេះថា ការរៀបចំយុទ្ធសាស្ត្រស្តីពី ការប្រាស្រ័យទាក់ទងផ្អែកលើកម្មវិធីជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល១០ឆ្នាំ ដែលគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០គឺដោយមើលឃើញពីភាពចាំបាច់ និងសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង។ ក្នុងន័យនេះ យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍមធ្យោបាយ និងវិធីសាស្រ្តបែបទំនើបសម្រាប់កែលម្អការប្រាស្រ័យទាក់ទង និងការចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌនៃការអនុវត្តផែនការអនុវត្ត៣ឆ្នាំ (ផអ៣) រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបានបញ្ជាក់ថា៖”យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះ នឹងប្រើប្រាស់បណ្តាញបច្ចេកវិទ្យាព័ត៌មានដែលកំពុងមានការរីកចម្រើន ជាពិសេសនឹងប្រើប្រាស់កម្មវិធីថ្មីៗនៃបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមសម្រាប់ការប្រាស្រ័យទាក់ទង និងការចែករំលែកព័ត៌មានទាន់ ហេតុការណ៍នានាពាក់ព័ន្ធនឹងការវិវត្ត បញ្ហាប្រឈម និងវិធានការដែលត្រូវផ្តោតការយកចិត្តទុកដាក់ដោះស្រាយ ដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលរំពឹងទុកនានានៃផអ៣”។
ទន្ទឹមនឹងនេះ តាងនាមលេខាធិការដ្ឋាន គ.ជ.អ.ប ខ្ញុំសូមស្នើដល់ឯកឧត្តមអភិបាលរងទទួលបន្ទុកផ្នែកផ្សព្វផ្សាយព័ត៌មាន និងមន្ត្រីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ មេត្តារៀបចំបង្កើតសកម្មភាពផ្សព្វផ្សាយ និងទំនាក់ទំនង និងដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធានាថារដ្ឋបាលខេត្តនីមួយៗមានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តការងារផ្សព្វផ្សាយ និងទំនាក់ទំនងអំពីការអនុវត្តកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយក្រុមការងារផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយព័ត៌មាននឹងគាំទ្រជាបច្ចេកទេសក្នុងការអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងដែលរដ្ឋបាលខេត្តនីមួយៗបានលើកក្នុងផែនការសកម្មភាព និងថវិការបស់ខ្លួន បន្ទាប់ពីវគ្គបណ្តុះបណ្តាល និងផ្សាព្វផ្សាយសៀវភៅយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងក្នុងរយៈពេល២ថ្ងៃនេះ។
ឱកាសនេះដែរ ឯកឧត្តម ហឿ ស៊ីយ៉ែម អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ បានស្វាគមន៍ឯកឧត្តម លោកជំទាវ ជាអភិបាលរងរាជធានីភ្នំពេញ ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀងដែលទទួលបន្ទុកផ្នែកផ្សព្វផ្សាយព័ត៌មានទាំងអស់ដែលមានវត្តមាននៅពេលនេះ។
តាងនាមឱ្យអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តមបានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលលេខាធិការដ្ឋាន គ.ជ.អ.ប បានជ្រើសរើសយកខេត្តក្រចេះក្នុងការរៀបចំវគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនាឱកាសនេះ។ ឯកឧត្តម លោក លោកស្រី បានមានប្រសាសន៍ថា ខេត្តក្រចេះ ក៏ដូចជារាជធានី ខេត្តទាំង២៤ទៀតដែរ បាននឹងកំពុងអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យនៅកាន់តែកៀកជិតប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ ខេត្តក៏បានអនុវត្តនូវមុខងារមួយចំនួនដែលត្រូវបានផ្ទេរពីថ្នាក់ជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ មានតម្លាភាព និងគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋផងដែរ។
ចំពោះការងារផ្សព្វផ្សាយ ឯកឧត្តមបានបញ្ជាក់ថា៖”រដ្ឋបាលខេត្តក្រចេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានផ្សេងៗស្តីពីព្រឹត្តិការណ៍នានាដែលកើតមានឡើងក្នុង និងជុំវិញខេត្ត សំដៅបង្កើនការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងបង្កើនការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋពីការរីកចម្រើនរបស់ខេត្ត និងដំណឹងនានាទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្នុងនោះ ខេត្តក៏បានបញ្ជ្រាបព័ត៌មានអំពីដំណើការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ”។
ជាងនេះទៀត តាមរយៈវគ្គបណ្តុះបណ្តាល និងការផ្សព្វផ្សាយខ្លឹមសារនៃសៀវភៅយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនៅពេល ឯកឧត្តមសង្ឃឹមថាសិក្ខាកាមដែលបានចូលរួម រួមទាំងមន្ត្រីជំនាញនៅក្នុងខេត្តក្រចេះផងនឹងទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង ដើម្បីខេត្តមានមូលដ្ឋានកាន់តែរឹងមាំក្នុងការបន្តពង្រឹង និងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទាក់ទងនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
សូមជម្រាបជូនថា នេះជាលើកទីពីរហើយដែលលេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះ ក្រោយពីបានរៀបចំលើកដំបូងនៅក្នុងខេត្តកោះកុង។ លើសពីនេះទៅទៀត តាមរយៈវគ្គបណ្តុះបណ្តាលនេះ ខេត្តក៏នឹងមានមូលដ្ឋានក្នុងការដាក់បញ្ចូលផែនការទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តការងារទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។ យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះមានបរិយាយអំពីសមាសភាគសំខាន់ៗ ចំនួន៥ដែលត្រូវរៀបចំ និងអនុវត្តដោយក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ក្រោមការសម្របសម្រួលរបស់លេខាធិការដ្ឋាន គ.ជ.អ.ប។ សមាសភាគទាំង៥នេះ រួមមាន ១).ការបង្កើតឧបករណ៍ទំនាក់ទំនងសំខាន់ៗ ២).ការអភិវឌ្ឍសមត្ថភាពប្រាស្រ័យទាក់ទង ៣).ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងបែបទំនើប ៤).ការផ្សព្វផ្សាយទស្សនវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង៥).ការចូលរួមរបស់ប្រជាពលរដ្ឋ៕