ខេត្តកោះកុង៖ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលយុទ្ធសាស្រ្តស្តីពី ការប្រាស្រ័យទាក់ទង រយៈពេល២ថ្ងៃ នៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីលើកម្ពស់យុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទាក់ទងនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ថ្លែងពីវគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តឡើងនៅក្នុងសាលប្រជុំសាលាខេត្តកោះកុង តាងនាមឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប លោក ម៉ន ប៊ុនថារិទ្ធ ប្រធានការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលបានអនុញ្ញាតឱ្យក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនៅពេលនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីសិក្ខាកាមដែលអញ្ជើញមកពីខេត្តកោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពត និងតាកែវដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនេះ។ លើសពីនេះ លោកក៏បានជម្រាបជូនឯកឧត្តម លោកជំទាវ លោក លោកស្រីអំពីសាវតានៃការរៀបចំយុទ្ធសាស្ត្រស្តីពី ការប្រាស្រ័យទាក់ទងដែលឈានមកដល់ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលនាឱកាសនេះថា ការរៀបចំយុទ្ធសាស្ត្រស្តីពី ការប្រាស្រ័យទាក់ទងផ្អែកលើកម្មវិធីជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល១០ឆ្នាំ និងដោយមើលឃើញពីភាពចាំបាច់ និងសារៈសំខាន់នៃការផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង។ លោកបានថ្លែងបញ្ជាក់ថា៖«យុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍមធ្យោបាយ និងវិធីសាស្រ្តបែបទំនើបសម្រាប់កែលម្អការប្រាស្រ័យទាក់ទង និងការចែករំលែកព័ត៌មានក្នុងក្របខ័ណ្ឌនៃការអនុវត្ត ផអ៣ រវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាឱ្យកាន់តែមានប្រសិទ្ធភាព»។
តាងនាមលេខាធិការដ្ឋាន គ.ជ.អ.ប លោក ម៉ន ប៊ុនថារិទ្ធ បានស្នើដល់ឯកឧត្តមអភិបាលរងទទួលបន្ទុកផ្នែកផ្សព្វផ្សាយព័ត៌មាន និងមន្ត្រីពាក់ព័ន្ធដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ មេត្តារៀបចំបង្កើតសកម្មភាពផ្សព្វផ្សាយ និងទំនាក់ទំនង និងដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីធានាថារដ្ឋបាលខេត្តនីមួយៗមានថវិកាគ្រប់គ្រាន់សម្រាប់អនុវត្តការងារផ្សព្វផ្សាយ និងទំនាក់ទំនងអំពីការអនុវត្តកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយក្រុមការងារផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយព័ត៌មាននឹងគាំទ្រជាបច្ចេកទេសក្នុងការអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងដែលរដ្ឋបាលខេត្តនីមួយៗបានលើកក្នុងផែនការសកម្មភាព និងថវិការបស់ខ្លួន។
នៅក្នុងវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយសៀវភៅយុទ្ធសាស្ត្រស្តីពី ការប្រាស្រ័យទាក់ទងក្នុងរយៈពេល២ថ្ងៃនេះ សិក្ខាកាមដែលបានចូលរួមទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនង ដើម្បីខេត្តមានមូលដ្ឋានកាន់តែរឹងមាំក្នុងការបន្តពង្រឹង និងពង្រីកការផ្សព្វផ្សាយរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសទាក់ទងនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សិក្ខាកាមបានស្វែងយល់បទបង្ហាញសំខាន់ៗមួយចំនួនពីគ្រូឧទ្ទេសថ្នាក់ជាតិ រួមមាន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ គ.ជ.អ.ប និងឧបករណ៍ផ្សព្វផ្សាយដែល គ.ជ.អ.ប បានផលិត ការចែករំលែកអំពីប្រព័ន្ធផ្សព្វផ្សាយរបស់ខេត្តនីមួយៗ និងការរៀបចំផែនការសកម្មភាពដើម្បីបង្កើនការផ្សព្វផ្សាយអំពីកំណែទម្រង់ D&D ក្នុងខេត្តនីមួយៗ សារៈប្រយោជន៍ និងការរៀបចំកម្មវិធីកិច្ចពិភាក្សាតាមវិទ្យុផ្សាយផ្ទាល់ និងសារៈប្រយោជន៍ និងការរៀបចំផ្សព្វផ្សាយតាមរយៈគេហទំព័រ និងបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គម (Facebook)។ លើសពីនេះទៅទៀត ក្រៅពីមន្ត្រីសិក្ខាកាម ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានប្រគល់សៀវភៅយុទ្ធសាស្ត្រស្តីពី ការបា្រស្រ័យទាក់ទងដល់តំណាងរដ្ឋបាលខេត្តទាំង៥ខាងលើផងដែរ។
សូមជម្រាបជូនថា គោលបំណងនៃយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទងនេះមានចក្ខុវិស័យដូចខាងក្រោម ៖
- ដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នករៀបចំគោលនយោបាយ និងមន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្តីពីទំនាក់ទំនងព័ត៌មាន សកម្មភាពផ្សព្វផ្សាយអប់រំ និងបញ្ហាអន្តរវិស័យ ដូចជាគណនេយ្យភាពការទទួលបានព័ត៌មាន ការចូលរួម ការពង្រឹងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ ការផ្សព្វផ្សាយការយល់ដឹងអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការផ្លាស់ប្តូរព័ត៌មានជាមួយអង្គការសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល។
- ដើម្បីអភិវឌ្ឍសមត្ថភាព និងភាពជាម្ចាស់របស់អ្នកពាក់ព័ន្ធនៃកម្មវិធីជាតិ (ផអ៣) អំឡុងពេលការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រជាធិបតេយ្យ។
- ដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព ការទទួលបានព័ត៌មាន ការចូលរួមក្នុងអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋាន។
- ដើម្បីផ្សព្វផ្សាយការយល់ដឹងសម្រាប់ការចូលរួមក្នុងដំណើរការអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឍមូលដ្ឋាន។
យុទ្ធសាស្រ្តស្តីពី ការបា្រស្រ័យទាក់ទងនេះផ្តោតទៅលើសមាសភាគសំខាន់ចំនួន០៥ ដែលត្រូវរៀបចំ និងអនុវត្តដោយក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា ក្រោមការសម្របសម្រួលរបស់លេខាធិការដ្ឋាន គ.ជ.អ.ប។ សមាសភាគទាំង០៥រួមមាន៖ ១.ការបង្កើតឧបករណ៍ទំនាក់ទំនងសំខាន់ៗ ២.ការអភិវឌ្ឍសមត្ថភាពប្រាស្រ័យទាក់ទង ៣.ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ៤.ការផ្សព្វផ្សាយទស្សនវិស័យនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និង៥.ការចូលរួមរបស់ប្រជាពលរដ្ឋ៕