ឯកឧត្ដម​ កើត​ មៀច៖ បើ​​គម្រោង​LDDHS​ អនុវត្ត​​បាន​ល្អ​​ប្រសើរ​​ ក្រសួង​សុខាភិបាល​​ មិន​ត្រឹមតែ​ផ្ទេរ​តាម​បែប​ប្រតិភូកម្ម​នោះ​ទេ គឺ​ផ្ទេរ​តាម​បែប​ប្រគល់​តែ​ម្ដង​មក​ថ្នាក់​ក្រោម​ជាតិ

ព្រះសីហនុ ១៣ មករា ២០១៥៖ ក្រសួងសុខាភិបាល និងលេខាធិការដ្ឋានគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងស្ដីពីការអនុវត្តសាកល្បងការផ្ទេរមុខងារវិស័យសុខាភិបាល តាមរយៈគម្រោង«អភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការវិស័យសុខាភិបាល (LDDHS)» ឧបត្ថម្ភដោយ UNCDF/DFAT ក្រោមអធិបតីភាព ឯកឧត្ដម កើត មៀច អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាលពីថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ…

ព្រះសីហនុ ១៣ មករា ២០១៥៖ ក្រសួងសុខាភិបាល និងលេខាធិការដ្ឋានគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងស្ដីពីការអនុវត្តសាកល្បងការផ្ទេរមុខងារវិស័យសុខាភិបាល តាមរយៈគម្រោង«អភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការវិស័យសុខាភិបាល (LDDHS)» ឧបត្ថម្ភដោយ UNCDF/DFAT ក្រោមអធិបតីភាព ឯកឧត្ដម កើត មៀច អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាលពីថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ។

 

 ក្នុងអង្គសិក្ខាសាលានោះដែរ មានសមាសភាពមន្ត្រីលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អភិបាលរងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ អ្នកពាក់ព័ន្ធនៅរដ្ឋបាលស្រុកគោលដៅទាំង៥ គឺស្រុកកណ្ដៀង បាកាន មោងឫស្សី រុក្ខគីរី និងគាស់ក្រឡ និងការិយាល័យស្រុកប្រតិបត្តិសុខាភិបាល ស្រុកសំពៅមាស បាកាន និងមោងឫស្សី ប្រធានមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំដែលពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលមានសរុបចំនួន១៤៧នាក់ (ស្រី៦២នាក់)។ 

 

ថ្លែងក្នុងសិក្ខាសាលាបិទគម្រោងLDDHSនេះ លោក សុខ សុទ្ធី ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងចំណាប់អារម្មណ៍ពីប្រវត្តិនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលបានចាប់ផ្ដើមពីការរៀបចំជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត រហូតមកដល់ផ្ទេរមុខងារនេះ។ បន្ទាប់មក លោក មិន មុនី ទីប្រឹក្សារយៈពេលខ្លី UNCDF/NCDD បានចែករំលែកបទពិសោធន៍តាំងពីការចាប់ផ្តើមកកើតគម្រោងសាកល្បងផ្ទេរមុខងារវិស័យសុខាភិបាលមករដ្ឋបាលស្រុកនេះ នៅខែធ្នូ ឆ្នាំ២០១៣ ដែលរួមមានការជ្រើសរើសស្រុកគោលដៅ ការកំណត់មុខងារទាំង៥ ការចំណាយថវិកា និងការចុះហត្ថលេខាលើសេចក្ដីសម្រេចរួមជាដើម។

 

ជាមួយគ្នានោះដែរ ឯកឧត្ដម កើត មៀច បានលើកឡើងអំពីសារៈសំខាន់ក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បើទោះបីជាមានការលំបាកខ្លះ ក៏យើងខិតខំពុះពាររហូតមកដល់ពេលនេះ ជាពិសេសគឺការផ្ទេរមុខងារនេះតែម្ដង។

 

ឯកឧត្ដមបានទទូចឲ្យបន្តជំនួយគម្រោងLDDHSនេះបន្តអនុវត្តទៀត បើទោះបីជាចប់មួយរយៈសិនក៏ដោយ។ ជាងនេះទៅទៀត ឯកឧត្ដមបានសម្ដែងនូវឆន្ទៈរបស់ក្រសួងសុខាភិបាលថា៖«បើគម្រោងLDDHS បន្តអនុវត្តបានល្អប្រសើរហើយ ក្រសួងសុខាភិបាល មិនត្រឹមតែផ្ទេរតាមបែបប្រតិភូកម្មនោះទេ គឺផ្ទេរតាមបែបប្រគល់តែម្ដងមកថ្នាក់ក្រោមជាតិ»។  

 

បន្ទាប់មកទៀតសិក្ខាកាមបានបង្ហាញលទ្ធផលបានមកពីក្រុមពិភាក្សាពិភាក្សាគ្នាអំពីគម្រោងLDDHS ដែលបានអនុវត្តកន្លងមកនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងសំណូមពរ ដោយបែងចែងចែកទៅតាមខេត្តទាំង២។ លទ្ធផលពិភាក្សាគ្នាក្រុមថ្នាក់ជាតិបានលើកពីច្បាប់ គោលការណ៍មួយចំនួនដែលមានចែង និងគិតគូរពីយន្តការដើម្បីធ្វើឲ្យមានសុខដុមនីកម្ម ទាំងការផ្ទេរមុខងារទាំងធនធាន និងលំហូរថវិកា ទាំងធនធានមនុស្ស និងឯកសារពាក់ព័ន្ធដែលជួយជំរុញឲ្យដំណើរការកំណែទម្រង់នេះកាន់តែប្រសើរឡើង និងលើកបទពិសោធន៍ គម្រោងសាកល្បងមុខងារថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ មុខងារផ្តល់សេវាអនាម័យជនបទ និងមុខងារគ្រប់គ្រងមណ្ឌលសុខភាព។ 

 

នៅចុងបញ្ចប់ទីប្រឹក្សារយៈពេលខ្លីគម្រោងLDDHS បានបង្ហាញសង្ខេបនូវលទ្ធផលបញ្ចប់គម្រោង LDDHS យុទ្ធសាស្ត្រសម្រាប់បន្ត៖

•ក្រុមការងារវិមជ្ឈការ វិសហមជ្ឈការក្រសួងសុខាភិបាល

-បន្តដឹកនាំការផ្ទេរមុខងារ “MPA” និងពង្រីក

-បន្តតាមដាន និងវាយតម្លៃការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

-តាក់តែងឯកសារបទបញ្ញត្តិសម្រាប់កិច្ចការផ្ទេរមុខងារ “MPA”

•លេខាធិការដ្ឋានគ.ជ.អ.ប

-បន្តសម្របសម្រួលជាមួយក្រសួង ជាពិសេស ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរគាំទ្រ

-ចូលរួមជាមួយក្រសួងសុខាភិបាលការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

-ប្រមូលមេរៀន ជាពិសេសពាក់ព័ន្ធនឹងសមត្ថភាពបច្ចេកទេស និងហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងបន្តសម្របសម្រួលការអភិវឌ្ឍឯកសារបទបញ្ញត្តិចាំបាច់សម្រាប់ការផ្ទេរមុខងារ

•ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

-គាំទ្រក្រសួងសុខាភិបាលលើការរៀបចំលំហូរថវិកា ជាពិសេសថវិកាជាតិ

-ចូលរួមជាមួយក្រសួងសុខាភិបាលតាមដានការអនុវត្តរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

-ប្រមូលយកការរៀនសូត្រ ជាពិសេសស្ដីពីសមត្ថភាព ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារនិងប្រមូលធាតុចូលសម្រាប់ការតាក់តែងគោលនយោបាយពាក់ព័ន្ធ ជាពិសេសស្តីពីប្រព័ន្ធថវិកាមានភ្ជាប់លក្ខខណ្ឌ

•រដ្ឋបាលស្រុក និងឃុំ

-ដោយសហការជាមួយមណ្ឌលសុខភាព និងស្រុកប្រតិបត្តិ បន្តរៀបចំផែនការ និងថវិកាប្រចាំឆ្នាំស្ដីពីការផ្ដល់សេវាសុខាភិបាលមូលដ្ឋាន

-កៀរគរធនធាន នៅថ្នាក់ស្រុកដើម្បីផ្សែផ្សំជាមួយមូលនិធិស្រុក និងមូលនិធិមកប្រភពដទៃទៀតសម្រាប់លើកស្ទួយការផ្តល់សេវាសុខាភិបាលមូលដ្ឋាន។

-សម្របសម្រួលការរៀនសូត្រពីមណ្ឌលសុខភាពមួយ ទៅមួយទៀត ស្រុកមួយ ទៅមួយទៀត។

 

នៅបញ្ចប់សិក្ខាសាលា លោក សុខ សុទ្ធី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប បានថ្លែងបិទសិក្ខាសាលាថា បើទោះបីជាគម្រោងLDDHSត្រូវបានបញ្ចប់ពេលនេះក៏ដោយ លោកបានលើកទឹកចិត្តរដ្ឋបាលស្រុកគោលដៅទាំងប្រាំ និងអ្នកពាក់ព័ន្ធបន្តខិតខំពុះពារអនុវត្តនូវកំណែទម្រង់វិមជ្ឈការបន្តទៀត៕ អត្ថបទដោយ៖ លោក តុង សុប្រាជ្ញ ទីប្រឹក្សារយៈពេលខ្លីគម្រោងLDDHS 

ទាញយករបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព និងសមិទ្ធផលគម្រោងអភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការវិស័យសុខាភិបាល (LDDHS) ខែតុលា ឆ្នាំ២០១៤-ខែធ្នូ ឆ្នាំ២០១៥

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់