ក្នុង​រយៈ​ពេល​៥ឆ្នាំ តើ​គម្រោង​សម្រាប់​កិច្ច​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​រៀបចំ​អង្គការ​នៅ​ថ្នាក់​រាជធានី ខេត្ត (PILAC2) សម្រេច​បាន​អ្វី​ខ្លះ?

ភ្នំពេញ ២១ មករា ២០១៥៖ គម្រោងសម្រាប់ កិច្ចអភិវឌ្ឍសមត្ថភាព ក្នុងការអនុវត្ត ច្បាប់រៀបចំអង្គការ នៅថ្នាក់រាជធានី ខេត្ត ដំណាក់កាលទី២ (PILAC2) ត្រូវបានអនុវត្ត អស់រយៈពេល ៥ឆ្នាំ មកហើយ ចាប់តាំងពីឆ្នាំ២០១០។

 

ភ្នំពេញ ២១ មករា ២០១៥៖ គម្រោងសម្រាប់កិច្ចអភិវឌ្ឍសមត្ថភាពក្នុងការអនុវត្តច្បាប់រៀបចំ អង្គការនៅថ្នាក់រាជធានី ខេត្ត ដំណាក់កាលទី២ (PILAC2) ត្រូវបានអនុវត្តអស់រយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០១០។

គម្រោងនេះត្រូវបានគាំទ្រដោយ JICA និងមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាននៅថ្នាក់រាជធានី ខេត្ត ក្នុងការរៀបចំ និងគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីធានាឲ្យរដ្ឋបាលរាជធានី ខេត្ត មានសមត្ថភាពគ្រប់គ្រាន់អាចរៀបចំ និងគ្រប់គ្រងកិច្ចការទាំងនេះ ឲ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ដែលឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងសង្គមនៅមូលដ្ឋានរបស់ខ្លួន។

នៅក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង PILAC2 ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោង PILAC2 ថ្លែងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ គម្រោង  PILAC2 បានអនុវត្តដោយជោគជ័យនូវសកម្មភាព រួមមាន៖

  • ការសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍធនធានមនុស្សនៃរដ្ឋបាលមូលដ្ឋាន និងថ្នាក់រាជធានី ខេត្ត
  • ការសិក្សាអំពីបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច និងទិន្នន័យនានានៅមូលដ្ឋាន និងការសិក្សាអំពីប្រភពថវិកានៅរាជធានី ខេត្ត ក្នុងគោលបំណងគាំទ្រដល់ការរៀបចំ និងគ្រប់គ្រងការអនុវត្តផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
  • ការរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនវគ្គ សម្រាប់ក្រុមគោលដៅទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពាក់ព័ន្ធទៅនឹងការរៀបចំ និងការគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត
  • ការគាំទ្រដល់ការកែសម្រួលសេចក្ដីណែនាំបច្ចេកទេសស្តីពីការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ដោយប្រកាសអន្តរក្រសួងនៅខែតុលា ឆ្នាំ២០១៣
  • ការរៀបចំសៀវភៅណែនាំ និងឯកសារបណ្តុះបណ្តាលពាក់ព័ន្ធនឹងការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត សម្រាប់គ្រូបង្គោលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
  • ការរៀបចំវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ
  • ការរៀបចំសិក្ខាសាលាមន្ត្រីរដ្ឋបាលជាន់ខ្ពស់សម្រាប់ថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាដើម

ឯកឧត្ដម សក់ សេដ្ឋា បន្តថា គម្រោង PILAC2 បានរួមចំណែកយ៉ាងសំខាន់ និងជាប្រវត្តិសាស្ត្រនៅក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា តាមរយៈផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ក្នុងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេស ពាក់ព័ន្ធនឹងការកសាង និងគ្រប់គ្រងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់រាជធានី ខេត្ត។ «កាលពីមុនការបង្កើតនូវក្រុមប្រឹក្សារាជធានី ខេត្ត ការកសាងផែនការនៅថ្នាក់រាជធានី ខេត្ត ធ្វើឡើងតាមលក្ខណៈប្រមូលផ្ដុំ (មជ្ឈការ)។ ប៉ុន្តែ ចាប់តាំងពីមានក្រុមប្រឹក្សារាជធានី ខេត្ត មក ការកសាងផែនការគឺធ្វើឡើងតាមបែបវិមជ្ឈការ ដោយមានការចូលរួម និងពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធ។ គម្រោង PILAC2 បានជួយពង្រឹងសមត្ថភាពរដ្ឋបាលរាជធានី ខេត្ត និងគាំទ្របច្ចេកទេស ក្នុងការកសាងផែនការនេះ»។

បន្ទាប់ពីការអនុវត្តគម្រោង PILAC2 រយៈពេលប្រាំឆ្នាំមក សមិទ្ធផល មេរៀនបទពិសោធន៍ និងអនុសាសន៍ ត្រូវបានរៀបចំចងក្រង។

លោក Takeharu Kojima តំណាងជាន់ខ្ពស់នៃការិយាល័យ JICA នៅកម្ពុជា ជឿជាក់ថា មេរៀនបទពិសោធន៍ និងអនុសាសន៍ទាំងនេះ នឹងត្រូវបានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិនៅពេលអនាគត ហើយលទ្ធផលនៃគម្រោងនេះ នឹងត្រូវបានយកទៅប្រើដោយរាជរដ្ឋាភិបាល ជាពិសេស លេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីឈានឆ្ពោះដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទទួលបានជោគជ័យនៅពេលអនាគត។

លោក Takeharu Kojima បន្តថា ទោះបីគម្រោង PILAC2 ត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែមិនមែនជាការបញ្ចប់សហប្រតិបត្តិការនោះទេ។ JICA នឹងនៅតែបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែ វាអាស្រ័យលើរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាក្នុងការតាំងចិត្តលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់