ខេត្តក្រចេះ៖ សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធទិន្នន័យការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ (PID) ត្រូវបានបិទហើយ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់នេះឡើង រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់ការអនុវត្តប្រព័ន្ធទិន្នន័យព័ត៌មាននៃការអនុវត្តគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរ។
ពីពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលដែលប្រព្រឹត្តឡើងនៅទីរួមខេត្តក្រចេះ កញ្ញា ផាន ស្រីរ័ត្ន តំណាងឯកឧត្តមប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានការិយាល័យព័ត៌មានវិទ្យា នៃលេខាធិការដ្ឋានគ.ជ.អ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វត្តមានរបស់លោក លោកស្រី ជាមន្រ្តីបង្គោលប្រព័ន្ធទិន្ន័យថ្នាក់រាជធានី ខេត្តប្រមាណ ៦០រូបដែលបានចូលរួមក្នុងសិក្ខាសាលា និងចែករំលែកគំនិតយោបល់យ៉ាងផុលផុសក្នុងសិក្ខាសាលានាឱកាសនេះ។
កញ្ញាបានមានប្រសាសន៍ថា៖‘‘ការសហការរបស់លោក លោកស្រីមន្ត្រីបង្គោលទាំងអស់ពិតជាបានផ្តល់នូវលទ្ធភាព និងលទ្ធផលដ៏ចាំបាច់សម្រាប់គាំទ្រ និងលើកកម្ពស់ការអនុវត្តប្រព័ន្ធទិន្នន័យ ព័ត៍មាននៃការអនុវត្តគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិអោយកាន់តែប្រសើរឡើង’’។
ជាលទ្ធផលសិក្ខាសាលាបណ្តុះបណ្តាលរយៈពេល០៣ថ្ងៃនេះ ប្រធានការិយាល័យព័ត៌មានវិទ្យាបានកត់សម្គាល់ឃើញថា មន្ត្រីបង្គោលកាន់តែបានយល់ច្បាស់បន្ថែមទៀតអំពី បច្ចេកទេសក្នុងការបញ្ចូលទិន្នន័យព័ត៌មានគម្រោងឱ្យបានត្រូវ និងទាន់ពេលវេលា។ កញ្ញាបានបញ្ជាក់ដូច្នេះថា៖‘‘លោក លោកស្រីបានអនុវត្តបញ្ចូលទិន្នន័យផ្ទាល់ដែលមានការណែនាំបន្ថែមដោយលោកគ្រូឧទ្ទេសដែលនេះគឺជាវិធីសាស្រ្តមួយជួយ ឱ្យលោក លោកស្រីងាយយល់ និងអនុវត្ត’’។
ឆ្លៀតក្នុងឱកាសនេះ កញ្ញា ផាន ស្រីរ័ត្ន បានផ្តាំផ្ញើរលោក លោកស្រីឱ្យជំរុញការបញ្ចូលទិន្នន័យព័ត៌មានគម្រោងឆ្នាំចាស់ៗដែលមិនទាន់បានបញ្ចប់ និងបន្តបញ្ចូលសម្រាប់ឆ្នាំថ្មីឱ្យទាន់ពេលវេលា។ ហើយ សម្រាប់លោក លោកស្រីដែលជាមន្រ្តីបង្គោលប្រព័ន្ធទិន្ន័យដែលមិនទាន់មានគណនេយ្យ និងលេខសំងាត់ដើម្បីចូលប្រពន្ធ័សូមផ្ញើឈ្មោះ និងអ៊ីមែលមកលោកទីប្រឹក្សាព័ត៌មានវិទ្យា ដើម្បីបង្កើតជូន។
កញ្ញាប្រធានបានថ្លែងបញ្ជាក់ថា៖‘‘ដោយសារប្រព័ន្ធទិន្ន័យរបស់យើងត្រូវបើកទូលាយជាសាធារណៈដែលតម្រូវឱ្យរចនាមានពីរភាសា (ភាសាខ្មែរ និងអង់គ្លេស) ដូច្នេះហើយបើលោក លោកស្រីមានលទ្ធភាពក្នុងការបញ្ចូលទាំងពីរភាសាកាន់តែប្រសើរ តែបើមិនមានលទ្ធភាពបញ្ចូលជាភាសាអង់គ្លេសយ៉ាងហោចក៏ត្រូវ copy ឈ្មោះគម្រោងទៅដាក់ក្នុងភាសាអង់គ្លេសដែរ។ ប្រសិនបើលោក លោកស្រីមានបញ្ហាទាក់ទងទៅនឹងបច្ចេកទេសប្រព័ន្ធសុំទំនាក់ទំនងមកលោកទីប្រឹក្សាព័ត៍មានវិទ្យា និងលោកទីប្រឹក្សាពាក់ព័ន្ធផ្សេងទៀត’’។
បន្ថែមលើសពីនេះ កញ្ញាថ្លែងទៅកាន់មន្ត្រីបង្គោលទាំងអស់ថា ចំពោះយោបល់ចូលរួម និងសំណូមពដែលមិនទាន់បានឆ្លើយតបនោះ ក្រុមការងារបច្ចេកទេសនឹងបន្តដោះស្រាយហើយឆ្លើយតបជូនតាមក្រោយ។
សម្រាប់ទិសដៅបន្ត កញ្ញាបានបន្តថ្លែងថា ប្រព័ន្ធទិន្នន័យ(PID) នឹងមិនគ្រាន់តែផ្តោតតែលើគម្រោងមូលនិធិឃុំសង្កាត់ ប៉ុណ្ណោះទេ គឺនៅថ្ងៃមុខប្រព័ន្ធទិន្នន័យនេះនឹងត្រូវបញ្ចូលបន្ថែមគម្រោងមូលនិធិក្រុង ស្រុក ទៀតផង។
ជាទីបញ្ចប់ កញ្ញាបានថ្លែងអំណរគុណម្តងទៀតដល់លោក លោកស្រីដែលបានលះបង់ពេលវេលា និងមានឆន្ទៈក្នុងការគាំទ្រអនុវត្តប្រព័ន្ធទិន្នន័យសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិកន្លងមក។
សូមជម្រាបជូនថា សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប មានប្រព័ន្ធទិន្ន័យសរុបចំនួន ៧ រួមទាំងប្រព័ន្ធ PIDគឺ
- ប្រព័ន្ធទិន្នន័យផែនការ ថវិកាប្រចាំឆ្នាំ (NAD)
- ប្រព័ន្ធទិន្នន័យគ្រប់គ្រងសារពើភណ្ឌថ្នាក់ជាតិ (NID)
- ប្រព័ន្ធទិន្នន័យការអនុវត្តគម្រោងឃុំ សង្កាត់ (PID)
- ប្រព័ន្ធទិន្នន័យការប្រកាសដេញថ្លៃគម្រោង ក្រុង ស្រុក (DMK Bid)
- ប្រព័ន្ធទិន្នន័យការប្រកាសដេញថ្លៃគម្រោង ឃុំ សង្កាត់ (CS Bid)
- ប្រព័ន្ធទិន្នន័យតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ (DMK M&E)
- ប្រព័ន្ធទិន្នន័យត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពគណនេយ្យភាពសង្គម (ISAF M&E Database System)។
សូមជម្រាបជូនផងដែរថា ប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងឃុំសង្កាត់ (Project Implementation Database) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣។ PID ជាប្រភេទ Desktop Application ប្រើកម្មវិធី MS Access សម្រាប់កត់ត្រាគម្រោងមូលនិធិឃុំសង្កាត់ កម្មវិធីនេះបង្កើតឡើង សម្រាប់ឱ្យអង្គភាព រដ្ឋបាល មូលដ្ឋាន និងទីប្រឹក្សាពាក់ព័ន្ធនានា កត់អំពី ការដេញថ្លៃ លទ្ធផលនៃកិច្ចសន្យា ការផ្ទៀតផ្ទាត់ និងគម្រោង ដែលមិនមានភាពប្រក្រតីនានា សម្រាប់ធ្វើការពិនិត្យឡើងវិញ។ ការបញ្ចូលទិន្នន័យធ្វើឡើងតាមប្រព័ន្ធ Internet នៅថ្នាក់ខេត្ត រាជធានី តាមរយៈអាសយដ្ឋាន http://db.ncdd.gov.kh/pid ៕