រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបិទសិក្ខាសាលា ស្តីពី «បុព្វហេតុ សមិទ្ធផល និងទស្សនវិស័យនៃការងារកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា» កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។
ផ្អែកតាមសុន្ទរកថាបិទរបស់ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ កម្មវិធីកំណែទម្រង់ដ៏មានសារៈសំខាន់ទាំង៤ដែលបានបង្ហាញផ្សព្វផ្សាយ និងពិនិត្យពិភាក្សាក្នុងអង្គសិក្ខាសាលានាពេលនេះ គឺ ជាកំណែទម្រង់ពាក់ព័ន្ធនឹងអភិបាលកិច្ចល្អ ជាស្នូលនៃយុត្តិសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលត្រូវបាននឹងកំពុងអនុវត្តជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។
នេះជាបុព្វដ៏សំខាន់មួយ ដែលទាមទារឱ្យរាជរដ្ឋាភិបាលរៀបចំ និងអនុវត្តកម្មវិធីកំណែទម្រង់ទាំងនោះ ទន្ទឹមគ្នានេះផ្អែកលើការរីកចម្រើនសេដ្ឋកិច្ច ភាពសំបូរបែប បច្ចេកវិទ្យាទំនើប និងការកើនឡើងនូវតម្រូវការសង្គម រួមជាមួយនឹងចរន្តនៃតំបន់សកលភាវូបនីយកម្ម ការប្រកួតប្រជែងទាំងក្នុងតំបន់ និងឆាកអន្តរជាតិបានត្រូវឱ្យរាជរដ្ឋាភិបាលត្រូវតែរហ័សរហួន ធ្វើការកែទម្រង់ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការសង្គម និងដើម្បីទប់ទល់ទៅនឹងចរន្តរបស់សកលភាវូបនីយកម្ម។ ក្នុងន័យនេះ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកតែងតែបានក្រើនរំលឹកយើងទាំងអស់គ្នាជារើយៗថា កំណែទម្រង់រស់បើមិនធ្វើកំណែទម្រង់ស្លាប់។
កំណែទម្រង់ជាកត្តាស្លាប់រស់របស់ប្រទេសកម្ពុជា កម្ពុជាគ្មានជម្រើសណាល្អប្រសើរក្រៅពីការធ្វើកំណែទម្រង់នោះទេ ក្នុងឱកាសដែលប្រទេសជាតិយើងកំពុងទទួលផលចំណេញពីសន្តិភាព និងស្ថេរភាព ដែលយើងខិតខំកសាង។
អង្គសិក្ខាសាលាទាំងមូលបានស្វែងយល់អំពីការវិវត្តន៍ សមិទ្ធផល និងទិសដៅកំណែទម្រង់ដ៏មានសារៈសំខាន់ទាំង៤របស់រាជរដ្ឋាភិបាលតាមរយៈការធ្វើបទបង្ហាញ និងការពន្យល់បកស្រាយដោយវាគ្មិនដែលជាតំណាងកម្មវិធីកំណែទម្រង់នីមួយៗដូចជា៖ (១)កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (២)កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ (៣)កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង(៤)កម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។
លក្ខខណ្ឌសំខាន់ៗ និងចំាបាច់មួយចំនួនដែលយើងត្រូវប្រកាន់ខ្ជាប់ ដើម្បីធានាក្នុងការសម្រេចបាននូវទិសដៅរួមនៃកម្មវិធីកំណែទម្រង់ទាំងនេះដោយរួមមាន៖
១). ការបន្តរក្សាបានសន្តិភាព ស្ថេរភាពនយោបាយ និងការពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ សម្រាប់ការរៀបចំ និងនូវកម្មវិធីកំណែទម្រង់របស់ជនរួមជាតិ។ គ្មានសន្តិភាព គ្មានស្ថេរភាពនយោបាយ និងគ្មានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នោះយើងនឹងមិនអាចរៀបចំ និងអនុវត្តកម្មវិធីកំណែវទម្រង់ទាំងនេះបានឡើយ។
២). ឆន្ទៈផ្នែកនយោបាយរបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់ក្នុងន័យកំណែទម្រង់ជាការរុះរើ ឬការកែប្រែដើម្បីធ្វើឱ្យមានភាពល្អប្រសើរជាមុន ប៉ុន្តែការធ្វើកំណែទម្រង់ ឬការរុះរើដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសាធារណៈរបស់រដ្ឋ ពោលគឺការរៀបចំឡើងវិញនូវរបៀបដែលរដ្ឋបាលធ្វើការចាត់ចែក និងផ្តល់សេវាសាធារណៈ និងអនុវត្តប្រកបដោយការឆ្លើយតប សមភាព និងគណនេយ្យភាព។
៣). ភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នារវាងកម្មវិធីកំណែទម្រង់នានា។ កំណែទម្រង់ដ៏មានសារៈសំខាន់ទាំង៤នេះ ជាកំណែទម្រង់ដែលមានលក្ខណៈជាអន្តរវិស័យមានទំនាក់ទំនងគ្នាដោយផ្ទាល់ ឬដោយប្រយោល ព្រមទាំងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
***ទាញយកឯកសារសិក្ខាសាលា៖ http://pfm.gov.kh/document/downloadable_content/pfm_uyfc_doc.zip