ការប្រែប្រួលអាកាសធាតុទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយ និង​ឆ្លើយតប​ឲ្យបាន​ទាន់​ពេល​វេលា

ព្រះសីហនុ ២៩ មេសា ២០១៦៖ ការប្រែប្រួលអាកាសធាតុ មានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅលើថ្នាក់មូលដ្ឋាន រួមមាន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេស ជីវ:ភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅជនបទ

គម្រោងស្រះទឹកសហគមន៍ ឃុំលំពង់ ស្រុកបាទី ខេត្តតាកេវ ( LGCC 2012)

ព្រះសីហនុ ២៩ មេសា ២០១៦៖ ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើថ្នាក់មូលដ្ឋានរួមមាន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសជីវ:ភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ដែលជាប្រជាកសិករ និងទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ពីសំណាក់អាជ្ញាធរមូលដ្ឋាន។

ដើម្បីរួមចំណែកជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុកម្ពុជា រយៈពេល១០ឆ្នាំ ២០១៤-២០២៣ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងរដ្ឋបាលថ្នាក់ក្រោមជាតិបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាព និងអនុវត្តសកម្មភាពនានាសម្រាប់បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយ:ការអនុវត្តគម្រោងសាកល្បងបញ្រ្ជាបការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ រួមមានគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) ដែលគាំទ្រដោយអង្គការ  UNCDF និង SIDA ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១១។

ដោយផ្អែកលើលទ្ធផលជោគជ័យ នៃការអនុវត្តគម្រោងសាកល្បង LGCC និងដើម្បីធានាដល់និរន្តរភាពក្នុងការអនុវត្តសកម្មភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការរួមគ្នាជាមួយស្ថាប័នជំនាញ និងដៃគូរអភិវឌ្ឍន៍នានា រួមទាំងអង្គការមូលដ្ឋានដោយបានរៀបចំចងក្រង និងបង្កើតនូវ:

  • សៀវភៅណែនាំបច្ចេកទេស ស្តីពីការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • សៀវភៅបណ្តុះបណ្តាលស្តីពីការបញ្រ្ជាបការប្រែប្រួលអាកាសធាតុ
  • ឧបករណ៍សិក្សាការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ (VRA)
  • ឧបករណ៍គូសផែនទីភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ
  • ឧបករណ៍ចាត់អាទិភាពគម្រោងដែលមានភាពងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុ
  • ឧបករណ៍ផែនការយុទ្ធសាស្រ្តបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់ស្រុក
  • ឧបករណ៍វាយតម្លៃការអនុវត្តមូលនិធិបន្ស៊ាំនឹងអាកាសធាតុដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCR Grant) និងការវាយតម្លៃគម្រោងតាមបែបចូលរួម

លោក គង់ ចាន់ថន ទីប្រឹក្សាផែនការការប្រែប្រួលអាកាសធាតុនៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា ឧបករណ៍ទាំងនេះ គឺពិតជាមានសារ:សំខាន់ណាស់សម្រាប់ជួយគាំទ្របច្ចេកទេស និងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងបញ្រ្ជាបការការប្រែប្រួលអាកាសធាតុទៅក្នុងដំណើរការកសាងផែនការ និងកាវាយតម្លៃការអនុវត្តគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដោយផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCR Grant) នៅថ្នាក់ក្រោមជាតិ។

លោក គង់ ចាន់ថន មានប្រសាសន៍ដូច្នេះ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីបញ្ជ្រាបការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃការអនុវត្តមូលនិធិ បន្ស៊ាំនឹងអាកាសធាតុផ្អែកលើលទ្ធនៃការអនុវត្ត (PBCR Grant) ដែលរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី ថ្ងៃទី២៧-២៩ ខែមេសា ឆ្នាំ២០១៦ នៅឯខេត្តព្រះសីហនុ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល មន្ត្រីគម្រោង និងមន្ត្រីរដ្ឋបាលខេត្ត ស្រុកគោលដៅ សរុបប្រមាណ៧០រូប។

លោក គង់ ចាន់ថន បន្តថា សិក្ខាសាលាបណ្តុះបណ្តាលនេះផ្តល់នូវចំណេះដឹងថ្មីៗជាច្រើន ដើម្បីជួយតម្រង់ទិសក្នុងការរៀបចំផែន និងការអនុវត្តការវាយតម្លៃការអនុវត្តមូលនិធិ PBCR Grant របស់ស្រុកគោលដៅទាំងរបស់គម្រោង LGCC នៅក្នុងខេត្តតាកែវ និងខេត្តបាត់ដំបង និងការរៀបចំទិន្នន័យមូលដ្ឋានសម្រាប់វាយតម្លៃការអនុវត្តមូលនិធិ PBCR Grant របស់ស្រុកគោលដៅទាំងរបស់កម្មវិធី ASPIRE នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ និងព្រះវិហារ៕ NCDDS

លោក គង់ ចាន់ថន ទីប្រឹក្សាផែនការការប្រែប្រួលអាកាសធាតុនៃលេខាធិការដ្ឋាន គ.ជ.អ.ប (រូបកណ្តាល)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់