ខេត្ត​កំពង់ចាម​ ដាក់​បំពង់​ទឹក​ស្អាត​ ក្នុង​​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​

កំពង់ចាម ២៧ មករា ២០១៥ ៖ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកំពង់ចាម បានបើកការដ្ឋានដាក់បំពង់ទឹកស្អាត កាលពីថ្ងៃទីទី២៧ ខែមករា ឆ្នាំ២០១៥ នៅខេត្តកំពង់ចាម…

កំពង់ចាម ២៧ មករា ២០១៥ ៖ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកំពង់ចាម បានបើកការដ្ឋានដាក់បំពង់ទឹកស្អាត កាលពីថ្ងៃទីទី២៧ ខែមករា ឆ្នាំ២០១៥ នៅខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណៈអភិបាលខេត្ត រួមដំណើរដោយ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្ត។

 

តាមរបាយការណ៍របស់លោក សួន ឌី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាមបានឲ្យដឹងថា គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ផ្តល់ជូនខេត្តចំនួន២ គឺ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ បច្ចុប្បន្នរដ្ឋាករទឹកខេត្តកំពង់ចាម ធ្វើការផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់សេវាកម្មមានចំនួន៤សង្កាត់ ស្មើនិង៣០ភូមិ ប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ចំនួន៤៥.១១៦នាក់។ 

 

ដោយឡែកតាមរយៈការរំពឹងទុកក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ គម្រោងផ្គត់ផ្គង់ទឹកស្អាតនេះនឹងមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតគ្របដណ្ដប់លើតំបន់ផ្សេងៗបន្ថែមចំនួន៣ឃុំ ស្មើនឹង២៥ភូមិ នៅក្នុងស្រុកកំពង់សៀម ដូច្នេះប្រជាពលរដ្ឋអាចទទួលបានទឹកស្អាតប្រើប្រាស់និងកើនឡើងប្រមាណជា៨០.០០០នាក់។ តាមការប៉ាន់ស្មានគម្រោងនេះ ត្រូវចំណាយថវិកាសរុបប្រមាណជិត១២លានដុល្លារសហរដ្ឋអាមេរិក។

 

ឯកឧត្តម លន់ លឹមថៃ បានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ដែលបានស្នើសុំរាជរដ្ឋាភិបាលជប៉ុន ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាក់ព័ន្ធ ដែលបានផ្តល់នូវគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដល់ខេត្តកំពង់ចាម។លោកបានបន្តទៀតថា ជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ គឺការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ និងអនុវត្តតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ដែលបានកំណត់ថាឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅតាមទីប្រជុំជនខេត្ត ក្រុងប្រមាណ៨០% នឹងទទួលបានសេវាទឹកស្អាតប្រើប្រាស់។ 

 

ឯកឧត្តមក៏បានផ្ដាំផ្ញើចំពោះក្រុមហ៊ុន KuBoTa ដែលទទួលសិទ្ធិសាងសង់ ត្រូវធ្វើយ៉ាងណាឲ្យសំណង់មានប្រសិទ្ធភាពស្របទៅតាមមាត្រដ្ឋានបច្ចេកទេស។ ដោយឡែក បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងតំបន់ទទួលផលប្រយោជន៍ពីគម្រោង សូមជួយសម្រួលដល់ការតបណ្ដាញដាក់បំពង់មេនៅតាមទីសាធារណៈ និងមុខផ្ទះរបស់ខ្លួនរបស់ក្រុមហ៊ុនឲ្យដំណើរការរលូន ដើម្បីពន្លឿនទៅដល់ការងារសាងសង់ឲ្យបានឆាប់រហ័សតាមកាលកំណត់ដើម្បីឲ្យបងប្អូនទទួលបានទឹកស្អាតប្រើប្រាស់។ 

 

សូមបញ្ជាក់ផងដែរថា នៅក្នុងរបាយការណ៍បន្ថែមពីជំនាញបច្ចេកទេសរបស់ប្រធានអង្គភាពរដ្ឋាករទឹកបានឲ្យដឹងថា គម្រោងផលិតទឹកស្អាតថ្មីនេះមានរយៈពេល សាងសង់២៨ខែ ចាប់ផ្តើមដំណើរការពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ហើយត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ហើយគម្រោងនេះ ចែកចេញជា៣ផ្នែកគឺ ផ្នែកទី១-សាងសង់ស្ថានីយបូមទឹកឆៅពីទន្លេមេគង្គដែលមានសមត្ថភាពបញ្ជូនទឹកឆៅ១២,៦៥០ម៉ែត្រគូបក្នុង១ថ្ងៃ បច្ចុប្បន្នសាងសង់សម្រេចបាន៣៤% ហើយ។ ចំពោះផ្នែកទី២-ជាការងារសាងសង់ស្ថានីយបញ្ជូនទឹកឆៅចូលទៅក្នុងរោងចក្រផលិតទឹកស្អាត ហើយស្ថានីយនេះមានលទ្ធភាពអាចផលិតទឹកស្អាតបានចំនួន១១,៥០០ម៉ែត្រគូបក្នុង១ថ្ងៃ។ 

 

ចំណែកឯផ្នែកទី៣-ការសាងសង់រោងចក្រផលិតទឹកស្អាតនឹងបញ្ជូនទឹកស្អាតចូលទៅបណ្ដាញមេសរុប៥៧,០០០ម៉ែត្រគូបដើម្បីចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ ទៅតាមតម្រូវការចំនួន២ខ្សែ ៖ ខ្សែទី១-គឺចាប់ផ្ដើមពីរោងចក្រផលិតទឹកស្អាតរហូតដល់ស្ពានកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម និង១ខ្សែទៀត-ចាប់ពីគល់ស្ពានគីហ្សូណាតាមបណ្តោយផ្លូវជាតិលេខ៧ឆ្ពោះទៅកាន់ភ្នំប្រុស ភ្នំស្រី ខេត្តកំពង់ចាម៕

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់