មន្ត្រីរាជការ​ទាំងអស់​ គ្រប់​អង្គភាព ​ត្រូវធ្វើ​ការដំឡើង​ថ្នាក់ ​រៀងរាល់​២​ឆ្នាំ​ម្តង​ តាម​កំណត់​ច្បាប់​

កំពង់ឆ្នាំង ១៤ កក្កដា ២០១៤៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «គ្រប់មន្ត្រីរាជការទាំងអស់ត្រូវធ្វើការដំឡើងថ្នាក់រៀងរាល់២ ឆ្នាំម្តងតាមកំណត់ច្បាប់» លោកបានថ្លែងបែបនេះនៅក្នុងពិធីតែងតាំង…

ដោយ: ថារិទ្ធ កម្ពុជាថ្មី ថ្ងៃច័ន្ទ ទី14 កក្កដា ឆ្នាំ2014 ម៉ោង 14:27

http://www.kampucheathmey.com/local-news/general-news/11667-2014-07-14-07-27-52.html

កំពង់ឆ្នាំង ១៤ កក្កដា ២០១៤៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើងថា «គ្រប់មន្ត្រីរាជការទាំងអស់ ត្រូវធ្វើការដំឡើងថ្នាក់រៀងរាល់២ឆ្នាំម្តងតាមកំណត់ច្បាប់»លោកបានថ្លែងបែបនេះនៅក្នុងពិធីតែងតាំងលោក ខេន ផល្លី ជាប្រធានមន្ទីរ មុខងារសាធារណៈខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងសាលាខេត្តកំពង់ឆ្នាំងដែលមានការចូលរួមពីលោក អភិបាលរងខេត្ត និងប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តចំនួន១៣៥នាក់។

លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានធ្វើការសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួនដល់លោក ខេន ផល្លី ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរមុខងារសាធារណៈថា ដើម្បីអោយការងារគ្រប់គ្រង ដឹកនាំ និងដំឡើងថ្នាក់ជូនមន្ត្រីរាជការ គ្រប់មន្ត្រីរាជការទាំងអស់ដំណើរការទៅបានល្អប្រសើរ រាជរដ្ឋាភិបាលបានបង្កើតក្រសួងមុខងារសាធារណៈក្នុងនោះដែរ ក្រសួងក៏ត្រូវ ធ្វើការរៀបចំមន្ទីរមុខងារសាធារណៈអោយមាននៅគ្រប់បណ្តាខេត្តក្រុង ដើម្បីងាយស្រួលក្នុងការពិនិត្យវាយតម្លៃមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ក្នុងការដំឡើងឋានៈ និងឋានន្តរស័ក្តិតាមកំណាត់ច្បាប់ស្របតាមការរីកចំរើនរបស់ប្រទេសជាតិ។

ក្របខ័ណ្ឌរបស់មន្ត្រីរាជការគិតពីគទៅកមាន១៤ថ្នាក់តាមច្បាប់កំណត់ក្នុងរយៈពេល២ឆ្នាំគ្រប់មន្ទីរអង្គភាពត្រូវដំឡើងថ្នាក់ អោយមន្ត្រីរាជការ ដែលមានស្នាដៃល្អម្តង ហើយការកំណត់ត្រូវដាក់សំណើនៅថ្ងៃទី១៣ ខែមេសារៀងរាល់ឆ្នាំ ដោយឡែកមន្ត្រីរាជការ ដែលមិនសូវសកម្មការងារតំរូវអោយឡើងថ្នាក់៣ឆ្នាំម្តង។ កិច្ចការងារដំឡើងថ្នាក់ជូនមន្ត្រីរាជការក្នុងខេត្តគឺជាតួនាទី របស់ប្រធានមន្ទីរអង្គភាព នៅជុំវិញខេត្តដោយឆ្លងកាត់ឆ្លងកាត់ការឯកភាពពីប្រធានមន្ទីរមុខងារសាធារណៈ និងលោកអភិបាលខេត្ត។ អ្នកដែលមិនសូវសកម្មការងារគឺមន្ត្រីរាជការដែល ៖ ១.មកធ្វើការក្រោយម៉ោង ២.ចេញធ្វើការមុនម៉ោង ៣.ឈប់គ្មានច្បាប់ទម្លាប់ (កំណត់ក្នុងច្បាប់មន្ត្រីរាជការត្រូវធ្វើការងារក្នុង១ថ្ងៃ៨ម៉ោង) មន្ត្រីដូចនេះបើគេមានការភ្ញាក់រលឹកគឺ៣ឆ្នាំ ទើបត្រូវធ្វើការ ដំឡើងថ្នាក់អោយ។ ការដំឡើងថ្នាក់អោយមន្ត្រីរាជការក្រោមឱវាទគឺជាការលើកទឹកចិត្តដល់មន្ត្រីដែលសកម្មការងារ អោយរឹតតែធ្វើការងារបានកាន់តែល្អប្រសើរដើម្បីអោយមន្ត្រីដែលអសកម្មយកគំរូតាម។

លោកបានផ្តាំផ្ញើដល់លោក ខេន ផល្លី ជាប្រធានមុខងារសាធារណៈដែលទើបឡើងកាន់តំណែងថ្មីថា ត្រូវយកចិត្តទុកដាក់ ធ្វើការងារដំឡើងថ្នាក់ ជូនមន្ត្រីរាជការក្នុងខេត្តអោយបានទាន់ពេលវេលា និងត្រឹមត្រូវតាមកំណត់ច្បាប់ ដោយត្រូវក្រើន រំលឹកប្រធានមន្ទីរជុំវិញខេត្ត ដាក់សំណើសុំដំឡើងថ្នាក់ជូនមន្ត្រីរាជការក្នុងមន្ទីររបស់ខ្លួនអោយទាន់ពេលវេលា។ មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ចរិត ម៉ឹងម៉ាត់ក្នុងការងារ គោរពសិទ្ធប្រជាពលរដ្ឋ ត្រូវយល់ថាគ្រប់ការងារទាំងអស់គឺធ្វើដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិយើង។

លោក ហ៊ី ណាត អភិបាលរងខេត្តដែលបានចូលរួមក្នុងពិធីនេះបានលើកឡើងផងដែរថា គ្រប់ប្រធានមន្ទីរអង្គភាពជុំវិញ ខេត្តទាំងអស់ត្រូវ យកអនុសាសន៍ណែនាំ របស់លោករដ្ឋមន្ត្រីទៅអនុវត្តអោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធ្វើអោយគោលដៅ នៃកម្មវិធីកំណែទម្រង់រដ្ឋបាល គឺធ្វើអោយទំនើបនូវរដ្ឋបាលសាធារណៈបម្រើប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។

ដោយឡែកលោក ខេន ផល្លី ជាប្រធានមន្ទីរមុខងារសាធារណៈដែលទើបប្រកាសតែងតាំងថ្មីបានធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំ ប្រមូល នូវកំលាំងកាយ បញ្ញា ស្មារតី និងបទពិសោធន៍ទាំងឡាយដែលមានកន្លងមកធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួល ចាត់ចែងដឹកនាំគ្រប់គ្រងមន្ទីរមុខងារសាធារណៈ អោយបានល្អប្រសើរទៅតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់