មុខងារ​របស់​ទីក្រុង​នឹងត្រូវ​ផ្ទេរ​​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​​

ភ្នំពេញ ៤ មេសា ២០១៦៖ រដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរមុខងារទីក្រុងទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឆ្លើយតបនឹងការកើនឡើងនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព…

ភ្នំពេញ ៤ មេសា ២០១៦៖ រដ្ឋាភិបាលកម្ពុជាសម្រេចផ្ទេរមុខងារទីក្រុងទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឆ្លើយតបនឹងការកើនឡើងនូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ 

 

រាជរដ្ឋាភិបាលបានសម្រេចដូចនេះក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដោយផ្អែកលើចរិតលក្ខណៈពិសេសនៃប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានភាពជាក់ស្ដែងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធព ព្រមទាំងការកើនឡើងយ៉ាងគំហុកនៃប្រជាពលរដ្ឋ និងតម្រូវការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ។

 

ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំពីកិច្ចដំណើរការផ្ទេរមុខងារទីក្រុងទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាមួយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ថា ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាសមាសធាតុក៏ចម្បងនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយការផ្ទេរមុខងារទីក្រុងទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះជាបរិបទថ្មីមួយ ដែលខុសគ្នាពីដំណើរការនៃការផ្ទេរមុខងារ និងធនធានដែលកំពុងផ្ទេរទៅរដ្ឋបាលក្រុង ស្រុក។

 

កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទីក្រុងទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញមានភាពខុសគ្នាពីការផ្ទេរមុខងារពីថ្នាក់ជាតិទៅរដ្ឋបាលក្រុង ស្រុកត្រង់ កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទីក្រុងទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញគឺ រាជធានីភ្នំពេញត្រូវរៀបចំបញ្ជីមុខងារដែលខ្លួនអាចអនុវត្តបាន ហើយស្នើទៅឲ្យក្រសួង ស្ថាប័ន ដោយឡែកការផ្ទេរមុខងារទៅឲ្យរដ្ឋបាលក្រុង ស្រុកគឺក្រសួង ស្ថាប័នត្រូវរៀបចំបញ្ជីមុខងារហើយស្នើផ្ទេរទៅឲ្យរដ្ឋបាលក្រុង ស្រុក។

 

កិច្ចដំណើរការផ្ទេរមុខងារទីក្រុងទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំតាមជំហានដូចជា កំណត់មុខងារដែលត្រូវស្នើផ្ទេរ រៀបចំលិខិតបទដ្ឋានសម្រាប់ការផ្ទេរមុខងារទីក្រុង និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារដែលបានផ្ទេរ។

 

គួរបញ្ជាក់ផងដែរថា បើទោះបីជាមុខងារទីក្រុងត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានីភ្នំពេញក៏ដោយ ក្រសួង ស្ថាប័នសាមីនៅតែត្រូវមានគណនេយ្យភាពជាមួយរដ្ឋាភិបាល ហើយរាជធានីភ្នំពេញត្រូវមានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រសួង ស្ថាប័នសាមី។ ក្នុងន័យនេះក្រសួង ស្ថាប័នសាមីត្រូវមានតួនាទីទទួលខុសត្រូវសំខាន់ៗដូចជាការរៀបចំគោលនយោបាយជាតិ ការកំណត់ស្តង់ដារជាតិ ការអភិវឌ្ឍសមត្ថភាព ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃលើមុខងារដែលបានផ្ទេរ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់