ក្រុង ស្រុក ខណ្ឌ​ ត្រូវ​អនុវត្ត​​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ផ្ទៃ​ក្នុង

បាត់ដំបង ១៩ មេសា ២០១៦៖ រដ្ឋបាលថ្នាក់ក្រោមជាតិអាចកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ មូលដ្ឋានក្នុងការផ្ដល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ ចាំបាច់ត្រូវមានទិន្នន័យ និងព័ត៌មានឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត និងតាមដានការអនុវត្តសកម្មភាពអភិវឌ្ឍន៍ផ្សេងៗនៅមូលដ្ឋាន។

បាត់ដំបង ១៩ មេសា ២០១៦៖ រដ្ឋបាលថ្នាក់ក្រោមជាតិអាចកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍមូលដ្ឋានក្នុងការផ្ដល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ ចាំបាច់ត្រូវមានទិន្នន័យ និងព័ត៌មានឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត និងតាមដានការអនុវត្តសកម្មភាពអភិវឌ្ឍន៍ផ្សេងៗនៅមូលដ្ឋាន។

 

នេះជាការលើកឡើងរបស់ លោកស្រី ហេង សិទ្ធា អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅទីរួមខេត្តបាត់ដំបង។

 

លោកស្រី ហេង សិទ្ធា ក៏បានមានប្រសាសន៍បន្ថែមថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមប្រឹក្សា និងគណៈ អភិបាលក្រុង ស្រុក ខណ្ឌក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យពីវឌ្ឍនភាពការងាររបស់រដ្ឋបាលរបស់ខ្លួនបានដោយពិនិត្យមើលព័ត៌មាន និងទិន្នន័យតាមរយៈប្រព័ន្ធអ៊ីនធឺណេត លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំបង្កើតឲ្យមានប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌ ហើយដាក់ឲ្យអនុវត្តទូទាំង២៥ រាជធានី ខេត្ត។ 

 

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនាពេលនេះ ខេត្តនីមួយៗចាំបាច់ត្រូវជ្រើសរើសក្រុង ស្រុក ខណ្ឌដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ មានការភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតបានរលូន មានធនធានមនុស្សគ្រប់គ្រាន់ក្នុងការប្រមូល បញ្ចូល និងបញ្ចេញទិន្នន័យ យ៉ាងតិចមួយក្នុងការបណ្តុះបណ្តាលបន្ត និងអនុវត្តប្រព័ន្ធថ្មីនេះ។ លោកស្រី ហេង សិទ្ធា បានបញ្ជាក់បន្ថែមឲ្យសិក្ខាកាមនាពេលនេះត្រូវខិតខំស្វែងយល់ឲ្យបានកាន់តែច្រើន និងសួរសំណួរចំពោះចំណុចដែលមិនទាន់ច្បាស់លាស់។

 

គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងក្រុង ស្រុក ខណ្ឌត្រូវធ្វើឡើងទូទាំង២៥ រាជធានី ខេត្ត ដែលចែកចេញជា៣ តំបន់គោលដៅរួមមាន ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់