សំរាមដែលតែងតែហោះហើរទៅមកមិនអាចបន្តបំផ្លាញកិត្តិសព្ទក្រុងកំពត ដែលមានព្រះអាទិត្យរះលើដងព្រែកដ៏ស្រស់ស្អាតបន្តទៀតឡើយ ហើយនេះជាអ្វីដែលអតីតអភិបាលក្រុងកំពត លោក នាក់សុវណ្ណារី ជឿថាបណ្ដាលមកពីការផ្លាស់ប្ដូរអាកប្បកិរិយារបស់ប្រជាពលរដ្ឋក្នុងការទុកដាក់សំរាម។
កម្មវិធីដែលអនុវត្តនាំទៅដល់ការផ្លាស់ប្ដូរបានបង្កើតជាករណីសិក្សាសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌទូទាំងប្រទេស តាមរយៈការផ្ដល់នូវការទទួលខុសត្រូវបន្ថែមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង។
ទោះបីជារដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់ត្រូវបានផ្ទេរការទទួលខុសត្រូវក្នុងការគ្រប់គ្រងសំរាម សំណល់រឹង តាមរយៈការដាក់ចេញនូវអនុក្រឹត្យលេខ១១៣ នៅឆ្នាំ២០១៥ នៅមានរដ្ឋបាលរាជធានី ខេត្តខ្លះនៅតែបន្តផ្ដល់សេវានេះស្ទើរគ្រប់ទីកន្លែងនៅឡើយ។
អនុក្រឹត្យនេះត្រូវបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងកង្វះខាតនៃគោលការណ៍ណែនាំ និងការបណ្ដុះបណ្ដាលបច្ចេកទេសនៅថ្នាក់ក្រុង ស្រុក ខណ្ឌ។ ដោយសាររដ្ឋបាលក្រុង ស្រុក ខណ្ឌកាន់តែតួច និងនៅកាន់តែកៀកទៅនឹងតម្រូវការរបស់សហគមន៍ វាត្រូវបានគេជឿថា រដ្ឋបាលទាំងនោះនឹងអាចផ្ដល់នូវសេវាប្រកបដោយគុណភាពកាន់តែប្រសើរឡើង ដែលនឹងនាំមកនូវអនាម័យ និងសុខភាពល្អដល់សហគមន៍ ប្រសិនបើរដ្ឋបាលទាំងនោះប្រើប្រាស់ឧបករណ៍ និងវិធីសាស្ត្រអនុវត្តបានត្រឹមត្រូវ។
ហេតុនេះ ចាប់ពីថ្ងៃទី១ ខែសីហា លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំជាមួយគណៈអភិបាល និងអភិបាលក្រុង ស្រុក ខណ្ឌ ប្រមាណជា៤០០រូប ដើម្បីជួយបំពេញកង្វះខាតចំណេះដឹងផ្សេងៗ។
តាមរយៈការផ្ដល់ធនធានបន្ថែមនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌនឹងចាប់ផ្ដើមការទទួលខុសត្រូវក្នុងការផ្តល់សេវាគ្រប់គ្រងសំរាម សំណល់រឹងនាពេលឆាប់ៗ។
អតីតគណៈអភិបាលក្រុងកំពត ដែលបច្ចុប្បន្នជាគណៈអភិបាលស្រុកទឹកឈូខេត្តកំពត លោក នាក់ សុវណ្ណារី បានពណ៌នាថា ការអនុវត្តទទួលបានជោគជ័យនៃគោលការណ៍នេះត្រូវមានការចូលរួម និងជំរុញការផ្លាស់ប្ដូរអាកប្បកិរិយារបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាម សំណល់រឹង។
នេះគឺជាវិធីសាស្ត្រដែលអតីតគណៈអភិបាលក្រុងកំពតរូបនេះបានអនុវត្តកាលពីឆ្នាំ២០១០ ដោយលោកបានអនុវត្តកម្មវិធីអប់រំជាច្រើន ដែលការគាំទ្រហិរញ្ញវត្ថុបានមកពីគម្រោងដៃគូសម្រាប់អភិបាលកិច្ចប្រជាធិបតេយ្យមូលដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍ (DELGOSEA) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP)។
លើសពីនេះ សាលារៀនបានដាក់ចេញនូវកម្មវិធីបង្រៀនសិស្សពីរបៀបបែងចែកសំណល់សរីរាង្គ និងសំណល់អសរីរាង្គផងដែរ។ រីឯសមាជិកក្រុមប្រឹក្សាក្រុងបានចុះជួបអ្នកភូមិ និងសហគមន៍នានា ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់ធុងសំរាមជាជាងបោះចោលសំរាមផ្ដេសផ្ដាស។
ទន្ទឹមនឹងនេះ កន្លែងបង្កើតជីកំប៉ុស្តិ៍មួយត្រូវបានបង្កើតឡើង និងមានផែនការជាក់លាក់ ដើម្បីចាប់ផ្តើម លក់ជីធម្មជាតិដែលមានគុណភាពខ្ពស់។
ក្នុងគោលបំណងបង្កើនការចូលរួមទទួលខុសត្រូវ អភិបាលស្រុករូបនេះបានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្រុកក៏បានដាក់ចេញនូវការផាកពិន័យចំពោះការចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ដែលតម្លៃនៃការផាកពិន័យមានចន្លោះពី៥ទៅ១០ដុល្លារសហរដ្ឋអាមេរិក និងធ្លាប់មានការអនុវត្តតែចំនួន១៥ករណីប៉ុណ្ណោះ។
តាមយោបល់របស់លោកអភិបាល កម្មវិធីបានផ្ដល់នូវការផ្លាស់ប្ដូរជាច្រើនទៅលើបរិស្ថាន និងវិស័យ ទេសចរណ៍ ជាពិសេសគឺសុខភាពរបស់ប្រជាពលរដ្ឋ។
គាត់ជឿជាក់ថា អនុក្រឹត្យដែលត្រូវឱ្យក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌចាត់ចែងសេវាគ្រប់គ្រងសំរាម សំណល់រឹងនេះនឹងមិនត្រឹមតែធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងកន្លងមកបន្តទៀតប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវយន្តការសម្រាប់ការអនុវត្តកាន់តែទូលំទូលាយទៀតផង។
លោក សុវណ្ណារី មានប្រសាសន៍ថា “រៀងរាល់កិច្ចផ្សេងៗ ខ្ញុំតែងតែលើកឡើងពីការគ្រប់គ្រងសំរាម”។ លោកបានបន្ថែមថា “មុនពេលចាប់ផ្ដើមអនុវត្តកម្មវិធីនោះ ក្រុងកំពតសម្បូរទៅដោយសំរាម។ ឥឡូវនេះយើងឃើញថាក្រុងមួយនេះស្អាត និងស្រស់បំព្រង”។