ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកឆ្លូង ខេត្តក្រចេះ អាណត្តិទី២

ឆ្នូង-ក្រចេះ ១៣ មិថុនា ២០១៤៖ សាលាស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤  បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកឆ្លូង អាណត្តិទី២ …


ឆ្នូង-ក្រចេះ ១៣ មិថុនា ២០១៤៖ សាលាស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤  បានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ស្រុកឆ្លូង អាណត្តិទី២ ក្រោមអធិបតីភាព លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ លោក សូម សារិត អភិបាលស្រុកឆ្លូង លោក ហេង ឡេង    ប្រធានក្រុមប្រឹក្សាស្រុកឆ្លូង ដែលមានសមាសភាពចូលរួមចំនួនប្រមាណ៦០នាក់ ដែលជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីសាលាស្រុក មេឃុំ មន្ទីរវិស័យជុំវិញខេត្ត តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

លោក សូម សារិត អភិបាលស្រុកឆ្លូង បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍សង្ខេបអំពីលទ្ធផលការងារនៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាស្រុកអាណត្តទី១ អំពីវឌ្ឍនភាពនៃការអនុវត្តលើគ្រប់វិស័យ ដោយផ្តោតសំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថានភាពសេដ្ឋកិច្ចសង្គម ការផ្តល់សេវាសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក សាមុត លីម៉ា  នាយកទីចាត់ការផែនការ និងវិនិយោគ បានអានអនុក្រឹត្យ ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកឆ្លូង។

លោក ខ័ណ្ឌ ចំំណាន អភិបាលរងខេត្តក្រចេះ បានប្រគល់អនុក្រឹត្យស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកឆ្លូង ជូនក្រុមប្រឹក្សាស្រុកអាណត្តិទី២។

បន្ទាប់ពីបានប្រកាស និងទទួលអនុក្រឹត្យពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកឆ្លូងជូនក្រុមប្រឹក្សាស្រុកអាណត្តិទី២ រួចមក លោក ហេង ឡេង ប្រធានក្រុមប្រឹក្សាស្រុកឆ្លូងអាណត្តិទី២ ដែលទើបប្រកាសចូលកាន់ដំណែង បានឡើងថ្លែងពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតួនាទី និងភារកិច្ចសម្រាប់អាណត្តិថ្មីដូចខាងក្រោម៖

  1. ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់រដ្ឋបាល និងប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នូ ច្បាប់ លិខិតបទដ្ឋាននានា បទបញ្ជាដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានដាក់ចេញ។
  2. ពង្រឹងឆន្ទៈ យកអស់ស្មារតីទទួលខុសត្រូវ និងអនុវត្តយ៉ាងសកម្មនូវតួនាទី ភារកិច្ច ដែលច្បាប់បានកំណត់។
  3. ពង្រឹងធ្លុងមហាសាមគ្គីភាព ឯកភាព ជាមួយគ្រប់ថ្នាក់ គ្រប់ផ្នែក និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមចំណែក និងអនុវត្តរក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម  និងការអភិវឌ្ឍស្រុក ប្រកបដោយចិរភាព សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន ហែន ជាប្រមុខ។

លោក ខ័ណ្ឌ ចំណាន អភិបាលរងនៃគណៈអភិបាលខេត្ដក្រចេះបានផ្ដាំផ្ញើដល់គណៈអភិបាលស្រុក បន្ដលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពជាមួយក្រុមប្រឹក្សាស្រុក និងប្រជាពលរដ្ឋ សំដៅប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាស្ថាប័នអភិបាលកិច្ច ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងសង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្ដលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសមធម៌។ លោកអភិបាលរងក៏បានជំរុញសមាជិកក្រុមប្រឹក្សាស្រុក ត្រូវអនុវត្ដកិច្ចការជាបន្ទាន់មានដូចជា៖

  1. ផ្សព្វផ្សាយសេចក្តីណែនាំ០១៥ស.ណ.ន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការរៀបចំ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
  2. ធ្វើការប្រជុំសាមញ្ញលើកទី១ មិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីពិធីប្រកាសចូលកាន់តំណែងនេះ និងត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ មិនឲ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកទី១។
  3. ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ។
  4. អភិបាលស្រុក ធ្វើរបាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួន ក្នុងអាណត្តិ ដឹកនាំរបស់ក្រុមប្រឹក្សាស្រុកក្នុងអាណត្តិទី១ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ ដែលសម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ដើម្បីក្រុមប្រឹក្សាអាណត្តិទី២ត្រូវអនុវត្តបន្ត។
  5. ក្រុមប្រឹក្សាមិនត្រូវអនុម័តបញ្ហាណាមួយក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។

លោក ខ័ណ្ឌ ចំណាន ក៏បានណែនាំដល់សមាជិកក្រុមប្រឹក្សា និងគណៈអភិបាលស្រុកបន្ដយកចិត្ដទុកដាក់អនុវត្តកិច្ចការជាអាទិភាព សំដៅចូលរួមចំណែកអនុវត្តដោយជោគជ័យនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយៈ លោក ទៀប ហុងជាង ទីប្រឹក្សាស្រុកឆ្លូង

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់