បូកសរុបលទ្ធផលការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ១៦ ឧសភា ២០១៤៖ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីចូលរួម…

កំពង់ស្ពឺ ១៦ ឧសភា ២០១៤៖ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបូកសរុបក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ។

ឯកឧត្តម បានចុះបំពេញបេសកកម្មតាម ក្រុង ស្រុកគោលដៅនីមួយៗ ដោយធ្វើការប្រជុំត្រួតពិនិត្យការងារ  និងទិសដៅការងារអនុវត្តបន្តតាមក្រុង ស្រុក បានចំនួន ១២លើក ដែលមានសមាសភាពចូលរួម ៦៨៩ នាក់  (ស្រី៧២ នាក់)។

អង្គវេទិកាលើកឡើងថាការចុះរៀបចំវេទិកាសាធារណៈតាមឃុំ សង្កាត់ បានចំនួន ៣៦លើក  ដោយមានប្រជាពលរដ្ឋចូលរួមសរុប ៤.៨៦៤នាក់ (ស្រី ១.៩០៥ នាក់)។

ឆ្លងតាមអង្គវេទិកាសាធារណៈ ក្រុមការងារទទួលបាននូវសំណូមពរ និងបញ្ហាប្រឈមនានាពីប្រជាពលរដ្ឋ ចំនួន ១១៤ និងសំណូមពរ រួមមាន៖
   -សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ២១សំណូមពរ
   -សេវាសាធារណៈ ចំនួន ៧ សំណូមពរ
   -វិវាទដីធ្លី ចំនួន ២៣ សំណូមពរ
   -បរិស្ថាន ចំនួន ១២ សំណូមពរ
   -សេដ្ឋកិច្ច (ផ្លូវ ស្ពាន លូ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម) ចំនួន៣៣សំណូពរ
   -សង្គមកិច្ច  (សុខាភិបាល អប់រំសិក្សា) ចំនួន ១៤ សំណូមពរ
   -សំណូមពរផ្សេងៗ ចំនួន ៤ សំណូមពរ
     សរុបទាំងអស់  ១១៤ សំណូមពរ

ឯកឧត្តម ឆាយ ថន មានប្រសាសន៏ថា ការចុះបំពេញបេសកកម្មរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមការងារថ្នាក់ខេត្តចុះតាមមូលដ្ឋានឃុំ សង្កាត់ នៃក្រុង ស្រុក ទាំង៨ គឺបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្មារតី នៃសេចក្តីណែនាំលេខ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ដោយបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រុមការងារទទួលបាននូវព័ត៌មានពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការជួបសំណេះសំណាលដោយផ្ទាល់ ឬតាមរយៈនៃវេទិកាសាធារណៈ នៅតាមឃុំ សង្កាត់នានា អំពីបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលមានកន្លងមក។

ឯកឧត្តមថ្លែងថា ទោះបីការដោះស្រាយមិនទាន់បានគ្រប់តាមសំណូមពរក្តី ក៏បង្ហាញឱ្យឃើញពីស្មារតីយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលអំពីសុខទុក្ខរបស់ពួកគាត់។ ក្រៅពីនេះក្រុម ការងារក៏បានផ្សព្វផ្សាយអំពីគោលយោបាយរបស់រាជរដ្ឋាភិបាលជូនដល់គ្រប់មជ្ឈដ្ឋានមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាទៀតផង។ ឆ្លងតាមរយៈបេសកកម្មនេះ ក្រុមការងារក៏អាចវាយតម្លៃបានពីស្ថានភាពនៃការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលពីសំណាក់មន្ត្រីរាជការថ្នាក់ក្រោមជាតិ ពីកម្រិតជីវភាពរស់នៅ និងការទទួលផលពីកំណើនសេដ្ឋកិច្ចជាតិរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ព្រមទាំងការថ្នាំងថ្នាក់របស់ពួកគាត់ចំពោះសមត្ថកិច្ចនានា ហើយក៏អាចវាយតម្លៃបានពីសកម្មភាពនៃការបំពុលបរិយាកាសនយោបាយពីមជ្ឈដ្ឋានមួយចំនួននៅតាមមូលដ្ឋាននីមួយៗ។

ឯកឧត្តម បានមានប្រសាសន៍អំពីសកម្មភាពនាពេលខាងមុខមួយចំនួន ដែលរួមមានៈ

  • បន្តការចុះតាមមូលដ្ឋានដោយមានកម្មវិធីសម្របសម្រួលជាមួយសាមីអង្គភាព និងស្ថានភាពជាក់ស្តែងនៅក្រុង ស្រុកនីមួយៗ។
  • បន្តការរៀបចំវេទិកាសាធារណៈ នៅតាមមូលដ្ឋានឃុំ សង្កាត់ និងសំណូមពរឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ។
  • បន្តផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ តាមមូលដ្ឋាននានា។
  • បន្តបកស្រាយពីភាពត្រឹមត្រូវនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ និងភាពត្រឹមត្រូវនៃការរៀបចំស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាល។
  • បន្តការបកស្រាយអំពីសកម្មភាពបំពុលបរិយាកាសនយោបាយពីមជ្ឈដ្ឋាននានា
  • បន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋដោយសហការជាមួយមន្ត្រីជំនាញ និងរដ្ឋបាលគ្រប់ថ្នាក់ដោយកំណត់ពីអាទិភាពនៃបញ្ហាប្រឈម និងក្តីកង្វល់ទាំងនោះ ដើម្បីដោះស្រាយជាបន្តបន្ទាប់ ទាំងការដោះស្រាយនៅថ្នាក់មូលដ្ឋាន និងការដោះស្រាយនៅថ្នាក់ខេត្ត ហើយត្រូវធ្វើការតាមដានត្រួតពិនិត្យអំពីដំណើរការនៃដំណោះស្រាយទាំងនោះ ឱ្យបានខ្ជាប់ខ្ជួន និងធ្វើរបាយការណ៍សុំយោបល់ពីក្រុមការងារថ្នាក់ជាតិតាមដំណាក់កាលនីមួយៗ។
  • ពង្រឹងកិច្ចសហការជាមួយមន្ត្រីមូលដ្ឋាន ដើម្បីប្រសិទ្ធភាពការងារ ដែលឆ្លើយតបទៅនឹងគោលបំណង និងសំណូមពររបស់ប្រមុខរាជរដ្ឋាភិបាល។

ដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ស្ពឺ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់