កិច្ច​ប្រជុំ​លើក​ទី១ របស់​ក្រុម​ការងារ​បច្ចេកទេស​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ការ​កសាង​ផែនការ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៣០ កក្កដា ២០១៤៖ ក្រុមការងារបច្ចេកទេសបញ្ជ្រាបការប្រែប្រួលអាកាសធាតុ (CGCM) ដែលទើបបង្កើតថ្មី នៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៣០ កក្កដា ២០១៤ បានបើកកិច្ចប្រជុំ លើកទី១ របស់ខ្លួន នៅក្នុងការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ភ្នំពេញ ៣០ កក្កដា ២០១៤៖ ក្រុមការងារបច្ចេកទេសបញ្ជ្រាបការប្រែប្រួលអាកាសធាតុ (CGCM) ដែលទើបបង្កើតថ្មី នៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៣០ កក្កដា ២០១៤ បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួន នៅក្នុងការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយ លោក នី គឹមសាន ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដែលជាក្រុមការងារបច្ចេកទេសបញ្ជ្រាបការប្រែប្រួលអាកាសធាតុ សរុបចំនួន ២៤ នាក់ (ស្រ្តី៤នាក់)។

សមាសភាពក្រុមការងារបច្ចេកទេសបញ្ជ្រាបការប្រែប្រួលអាកាសធាតុនេះ រួមមាន៖ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ សាលាខេត្តបាត់ដំបង សាលាខេត្តតាកែវ សាលាខេត្តព្រះវិហារ និងដៃគូអភិវឌ្ឍន៍នានា (Sida, EU, UNDP, UNCDF, ADB, IFAD, World Bank និង NAPA)។

លោក នី គឹមសាន មានប្រសាសន៍នៅក្នុងអង្គប្រជុំថា CGCM ទើបត្រូវបានបង្កើតឡើងថ្មី ដោយមានការផ្ដួចផ្ដើមពីលេខាធិការដ្ឋាន គ.ជ.អ.ប និងដៃគូអភិវឌ្ឍន៍នានា ដើម្បីសម្របសម្រួលរាល់ការងារដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលបញ្ជ្រាបទៅក្នុងការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រុមការងារនេះគឺជាការិយាល័យច្រកចេញចូលតែមួយ ដែលពាក់ព័ន្ធនឹងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក្រុមការងារនេះនឹងផ្តល់យោបល់បច្ចេកទេស ដើម្បីជំរុញការងារបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ឲ្យទទួលបានជោគជ័យ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិភាក្សា និងឆ្លងយោបល់លើសេចក្តីព្រាងល័ក្ខខ័ណ្ឌប្រតិបត្តិការងារ (ToR) ដែលកន្លងមកក្រុមការងារបច្ចេកទេសនេះ និងដៃគូពាក់ព័ន្ធនានា បានពិភាក្សា និងផ្តល់យោបល់ក្នុងកម្រិតបឋមរួចមកហើយ។ កិច្ចប្រជុំនេះក៏មានគោលបំណង ដើម្បីប្រកាសសុពលភាពក្រុមការងារ ដែលនឹងគ្រោងដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចមួយ ដើម្បីឲ្យប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ទទួលស្គាល់ជាផ្លូវការ ។

លោក នី គឹមសាន មានប្រសាសន៍បន្តថា ក្រុមការងារបច្ចេកទេសនេះនឹងធ្វើការងារផ្ទាល់ជាមួយដៃគូអភិវឌ្ឍន៍នានា ទីប្រឹក្សាជាតិ ទីប្រឹក្សាអន្តរជាតិ ដែលធ្វើការក្នុងក្របខ័ណ្ឌបច្ចេកទេស ក្នុងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងការកសាងផែនការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក បន្ថែមថា នៅពេលដែលលេខាធិការដ្ឋាន គ.ជ.អ.ប មានសេចក្តីព្រាងឯកសារ ដែលរៀបចំដោយទីប្រឹក្សាជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងក្រុមការងារនេះ នោះលេខាធិការដ្ឋាន គ.ជ.អ.ប នឹងដាក់ជូនក្រុមការងារបច្ចេកទេសនេះ ដើម្បីផ្តល់យោបល់ត្រឡប់មកវិញ។ លោក បានស្នើដល់ក្រុមការងារ ឲ្យជួយដល់ក្រុមការងារដែលទើបបង្កើតថ្មីនេះ ឲ្យដើរទៅមុខបានល្អ ដើម្បីជាគំរូល្អមួយ ដែលអាចទទួលបានការចាប់អារម្មណ៍ពីដៃគូអភិវឌ្ឍន៍នានា ហើយលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើការសម្រួលសម្រួលការងារនេះបានល្អ ដែលនឹងអាចទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតពីដៃគូពាក់ព័ន្ធ ទៅកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់