សិក្ខាសាលាឆ្លុះបញ្ជាំងលទ្ធផលនៃការអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន និងគម្រោងពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ (CDRR)

ខេត្តកែប៖ ក្រុម​ការងារ​លេខាធិការដ្ឋានគណៈកម្មាធិការជាតិ​សម្រាប់​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) សហការជាមួយ​​ក្រុម​ការងារ​អគ្គលេខាធិការគណៈកម្មាការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ​​បាន​រៀបចំ​​សិក្ខាសាលាឆ្លុះបញ្ជាំងលទ្ធផលនៃ​ការ​អនុវត្ត​គម្រោង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​សហគមន៍​​មូល​ដ្ឋាន និង​គម្រោង​ពង្រឹងការសម្របសម្រួលការគ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោម​អធិបតីភាព ឯកឧត្តម​ ឡាំ ហេងហួត អគ្គលេខាធិការគណៈកម្មាការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ និង​ជាប្រធានគម្រោង ដោយ​មាន​អ្នក​ចូល​រួមប្រមាណជា ១០០នាក់ ដែលបាន​​​ប្រព្រឹត្ត​ទៅរយៈពេល​ ៣ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១៣ – ១៥ ខែ​មិថុនា ឆ្នាំ​២០១៨។

សិក្ខាសាលានេះ​ រៀបចំ​ឡើង​ដើម្បី​ឆ្លុះបញ្ជាំង​ការ​អនុវត្ត​គម្រោង​រយៈពេល​បី​ឆ្នាំ​កន្លង​មក ពោល​គឺ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការ​​បញ្ចប់​​គម្រោងនេះ​​។ គម្រោង​នេះ បាន​ចាប់​យក​ឃុំគោលដៅ​ចំនួន ២៤ នៃ​ស្រុក​ចំនួន ១២ ក្នុង​ខេត្ត​ចំនួន​ ៦ រួមមាន៖ ខេត្ត​ព្រៃវែង ខេត្ត​សៀមរាប ខេត្ត​បន្ទាយមាន​ជ័យ ខេត្ត​កំពង់​ធំ ខេត្ត​បាត់​ដំបង និង​ខេត្ត​កំពង់​ចាម។

គម្រោង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​សហគមន៍​​មូល​ដ្ឋាន (CDRR) ទទួល​បាន​ការគាំទ្រ​ពី​មូលនិធិ​ជប៉ុន​សម្រាប់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ មា​ន​​បំណង​កែ​លម្អ​ការ​ត្រៀម​ខ្លួន​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជា​មួយ​នឹង​លទ្ធផល​រំពឹង​ទុក​នៃ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ នឹង​ការ​ឆ្លើយ​តប​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ថ្នាក់​ស្រុក​ និង​ថ្នាក់​ឃុំ​សង្កាត់​ដើម្បី​ជួយ​ដោះ​ស្រាយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​អគ្គ​លេខាធិការ​ដ្ឋាន គ.ជ.គ.ម ​គឺ​ជា​ស្ថាបន័​ប្រតិបត្តិ​ ចំណែក​ឯ​លេខាធិការដ្ឋាន​ ឝ.ជ.អ.ប ​គឺ​ជាស្ថាបន័​អនុវត្ត​។

គោល​បំណង​ចំបងៗ​នៃ​គម្រោងមាន​ចំនួន​ ២ ដូចតទៅ៖

១. ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ពី​ទឹក​ជំនន់​ និង​គ្រោះ​មហន្តរាយ​ផ្សេងទៀត​ទៅ​លើ​បណ្តាល​សហគមន៍​ដែល​ងាយ​រងគ្រោះ​ខ្លាំង​បំផុត​នៅកម្ពុជា។

២. សូចនាករ​សំខាន់ៗ​ស្តីពី​ការ​អនុវត្ត​ការងារ​រួម​មាន​ (១) ការកាត់​បន្ថយ​ការបាត់​បង់​អាយុ​ជីវិត​ និង​មុខ​របរ​ចិញ្ចឹម​ជីវិត​បាន​ ១៥% បើធៀប​ទៅ​នឹង​ការ​សិក្សា​មូលដ្ឋាន​ដំបូង​កាល​ពី​ឆ្នាំ​២០១៣ (រយៈពេល​មធ្យម​ ៥ឆ្នាំ​ ពី​ឆ្នាំ​២០០៩ ទៅ​ ២០០១៣) ក្នុង​ចំនួន​គ្រួសារ​ដែល​​រងគ្រោះ​ និង​ការ​បាត់​បង់​សេដ្ឋកិច្ច​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​តំបន់​គោល​ដៅ​នៅត្រឹម​ឆ្នាំ​២០២០ និង​ (២) ត្រឹម​ឆ្នាំ​២០១៧ អង្គភាព​រដ្ឋាភិបាល​មូល​ដ្ឋាន​ (ថ្នាក់​ស្រុក​ និង​ឃុំ​ សង្កាត់​) បាន​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ខ្លួន​ និង​បាន​បញ្ជ្រាប​នូវ​ការ​ត្រៀម​បម្រុង​សម្រាប់​គ្រោះ​មហន្តរាយ​ការកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​បន្ស៊ាំ​ទៅនឹង​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ចូល​ទៅ​ក្នុង​ដំណើរ​ការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​មូលដ្ឋាន​។

ចំណែក​សកម្មភាព​ត្រូវ​ផ្តោត​មាន​ចំនួន ៤ ដូចជា៖ សមាសភាគទី១ សមត្ថភាព​ស្ថាបន័​ និង​បច្ចេកទេស​ប្រសើរជាងមុន​នៃ​ស្រុក​អាទិភាព​លើ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​​បន្ស៊ាំ​ទៅនឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ។ សមាសភាគទី២ សមត្ថភាពនៅ​ថ្នាក់​​ឃុំ សង្កាត់​ ត្រូ​វ​បាន​ពង្រឹង​លើ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​។ សមាសភាគទី៣ ការអនុវត្ត​សកម្មភាព​ការ​កាត់​បន្ថយ​ហានិភ័យតាម​សហគមន៍​ និង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ សមាសភាព​ទី៤ ការគ្រប់​គ្រង​គម្រោង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​ការ​ផ្សព្វផ្សាយ​នូវ​ការ​អនុវត្ត​ល្អៗ និង​វិធី​សាស្ត្រ​សម្រាប់​ភាព​ច្នៃ​ប្រឌិត។

លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​ CDRR មាន​ដូ​ច​តទៅ៖

គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្នាក់​ស្រុក​សម្រេច​បាន​១០០% សរុប​ចំនួន ១២​គម្រោង​។

គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្នាក់​ឃុំ​សម្រេច​បាន​១០០% សរុប​ចំនួន ២៤​គម្រោង។

គម្រោង​សាង​សង់​ផ្លូវ​បេតុង​អាមេប្រវែង​៤៦០ម៉ែត្រ​ ទទឹង​៤ម៉ែត្រ​ មាន​ទីតាំង​នៅឃុំ​ពាម​ប្រធ្នោះ ស្រុក​កោះ​សូទិន​ ខេត្ត​កំពង់​ចាម​ មិន​ត្រឹម​ត្រូវ​តាម​ស្ថានភាព​ទីតាំង​គម្រោង​ដែល​មាន​ស្រាប់​ (ទទឹង​ផ្លូវ​បេតុង ធំជាង​គ្រឹះ​ផ្លូវ)។

ការ​ដាក់​លូកប់​ក្នុង​ដី​ជ្រៅ​ដែល​បណ្តាល​ឱ្យ​ក្បាល​លូ​លិប​ចូល​ខាង​ក្នុង​ជ្រៅ​មើល​មិន​ឃើញ​ដូច​ជា​ការ​សាង​សង់​លូ​​ ឃុំ​បឹង​ដោល និង​ឃុំ​រាធរ​ ស្រុក​ព្រះ​ស្តេច និង​ឃុំ​កោះ​សំពៅ ស្រុកពាម​ជរ ខេត្ត​ព្រៃ​វែង ឃុំ​បវេល​ ស្រុក​បវេល​ ខេត្ត​បាត់ដំបង។

គម្រោង​សាងសង់​ផ្លូវ​ដី​ស​ប្រវែង​៤១៨ម៉ែត្រ​ ទទឹងង​៤ម៉ែត្រ​ និង​កម្ពស់​ ២.៥​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​កំបុត ឃុំ​រហាល​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយ​មានជ័យ​ មិន​បាន​ដាក់​លូ​រំដោះ​ទឹក​ចេញ​នៅ​រដូវ​វស្សា។

ជារួម​មេរៀន​ និង​បទពិសោធន៍​ល្អៗ​នៃ​ការ​អនុវត្ត​គម្រោង​កន្លង​មក ដែល​យើង​អាច​យក​ជា​គំរូ​មាន​ដូច​ជា៖ (១) ដើម្បី​ឱ្យ​ការអនុ​វត្ត​គម្រោង​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​សហគមន៍​មូលដ្ឋាន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ គុណភាព​ និង​ឆ្លើយ​តប​តាម​តម្រូវ​ការ​​ជាក់​ស្តែង​នៅមូលដ្ឋាន​ លុះ​ត្រា​តែមាន​ការចូល​រួម​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ និង​អ្នក​ទទួល​ផលគម្រោង។ (២) ការ​គ្រប់​គ្រង​ថវិកា​គម្រោង​តាមរយៈ​ការ​បើក​គណនី​ធនាគារ​ពាណិជ្ជ​ណាមួយ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ជា​កត្តា​ជំ​រុញ​ឱ្យ​ការអនុវត្ត​គម្រោង​មាន​តម្លាភាព​ គណនេយ្យភាព និងទាន់ពេល​វេលា។ និង​ (៣) យន្តការ​នៃ​​ការ​ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​គម្រោង​ពី​ថ្នាក់​ជាតិ​ប្រចាំ​ជា​ចលករ​មួយ​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីសំណាក់​អ្នក​ទទួល​ការ​ចំពោះ​ការ​អនុ​វត្ត​គម្រោង​ប្រកប​ដោយ​គុណភាព​ និង​ត្រឹម​ត្រូវ​តាម​ស្តង់​ដារ​បច្ចេក​ទេស​ដែល​បាន​កំណត់៕ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់