ឯកឧត្តម ងី ច័ន្ទ្រផល ស្នើ​ស្ថាប័ន​រដ្ឋ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ក្រីក្រ​ទៅ​ពិនិត្យ​សុខភាព និង​ទទួល​ការ​ថែទាំ​សុខភាព

សៀមរាប ៨ ធ្នូ ២០១៥៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានស្នើដល់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ដែលធ្វើការពាក់ព័ន្ធនឹងគម្រោងសង្គហទានសង្គម និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតចូលរួមសហការ និងជំរុញកំណើនចំនួនប្រជាពលរដ្ឋក្រីក្រ ពិសេសស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ មកចុះឈ្មោះនៅសាលាឃុំ និងលើកទឹកចិត្តឲ្យពួកគាត់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ…

សៀមរាប ៨ ធ្នូ ២០១៥៖ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានស្នើដល់ស្ថាប័នរដ្ឋ គ្រប់លំដាប់ថ្នាក់ ដែលធ្វើការពាក់ព័ន្ធនឹងគម្រោងសង្គហទានសង្គម និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតចូលរួមសហការ និងជំរុញកំណើនចំនួនប្រជាពលរដ្ឋក្រីក្រ ពិសេសស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ មកចុះឈ្មោះនៅសាលាឃុំ និងលើកទឹកចិត្តឲ្យពួកគាត់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ។

ការស្នើឡើងនេះធ្វើឡើងក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានគម្រោងសង្គហទានសង្គម នៅសាលាស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ដែលសហការរៀបចំដោយលេខាធិការដ្ឋាន គ.ជ.អ.ប និងរដ្ឋបាលស្រុកស្រីស្នំ។

គម្រោងសង្គហទានសង្គមគឺជាគម្រោងរបស់រដ្ឋាភិបាលក្រោមជំនួយរបស់ប្រទេសអូស្រ្តាលីតាមរយៈធនាគារពិភពលោក ដោយផ្តោតជាសំខាន់ទៅលើការបង្កើនលទ្ធភាពឲ្យស្ត្រី និងកុមារក្រីក្រអាចទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភមូលដ្ឋាន ព្រមទាំងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នក្នុងការអនុវត្តកម្មវិធីគាំពារសង្គមនៅកម្ពុជា។ គម្រោងនេះត្រូវបានអនុវត្តសាកល្បងក្នុងស្រុកគោលដៅពីរ គឺស្រុកស្រីស្នំ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រយៈពេល១០ខែមកហើយ។ អ្នកទទួលផលនៃគម្រោងគឺជាប្រជាពលរដ្ឋក្រីក្រ (មានប័ណ្ណក្រីក្រ) ដែលជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ។

ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានស្នើឲ្យមានការផ្តល់ និងផ្សព្វផ្សាយព័ត៌មានបន្តទាក់ទងនឹងការផ្តល់សេវាសុខភាព ដល់មន្រ្តីទទួលបន្ទុកថ្នាក់ស្រុក និងឃុំ ដែលទទួលភារកិច្ចក្នុងការតាមដាន និងផ្ទៀងផ្ទាត់ការអនុវត្តការទទួលខុសត្រូវរួម របស់អ្នកទទួលផលរបស់គម្រោងនេះ ពិសេសមណ្ឌលសុខភាពជួយកត់ត្រាព័ត៌មានពាក់ព័ន្ធទាំងនេះនៅក្នុងសៀវភៅកត់ត្រា ដែលផ្តល់ឲ្យដោយក្រសួងសុខាភិបាល និងបញ្ជាក់វត្តមានរបស់ពួកគាត់ទៅមណ្ឌលសុខភាពនៅក្នុងសៀវភៅសុខភាពមាតា និងប័ណ្ណសុខភាពកុមារឲ្យបានពេញលេញ និងគ្រប់គ្រាន់អាចយកមកប្រើប្រាស់ជាព័ត៌មានយោងបាន។

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

 

មកដល់ដំណាច់ខែតុលា ឆ្នាំ២០១៥ គម្រោងបានចុះឈ្មោះគ្រួសារក្រីក្រ ដែលមានស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំចំនួន ១.៦៣៣ ស្នើនឹង១.៩៩៨នាក់ ដែលក្នុងនោះមានស្ត្រីមានផ្ទៃពោះចំនួន២៦១នាក់ ដែលរស់នៅក្នុងភូមិចំនួន១០៩ ក្នុងឃុំចំនួន១២ របស់ស្រុកស្រីស្នំ និងស្រុកភ្នំស្រុក៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់