កសិករ​កម្ពុជា​បាន​ផល​ចំណេញ​ច្រើន​ពី​គម្រោង CAVAC (ភ្នំពេញ​ប៉ុស្តិ៍)

ភ្នំពេញ ២៦ មករា ២០១៥៖ មន្ត្រីផ្នែកកសិកម្មខេត្ត កំពង់ធំមួយរូបបានឲ្យដឹងថា មានប្រជាកសិកររាប់ ពាន់គ្រួសារដែលរស់នៅក្នុងខេត្តកំពង់ធំ តាកែវ និងកំពត ទទួលបានទិន្នផលចំណេញកើនឡើងខ្ពស់ជាងធម្មតាចាប់ពី៣០ទៅ៥០ភាគរយ បន្ទាប់ពីពួកគាត់ទទួលបានជំនួយអប់រំផ្នែកបច្ចេកទេស និងការ…

 

 

ភ្នំពេញ ២៦ មករា ២០១៥៖ មន្ត្រីផ្នែកកសិកម្មខេត្ត កំពង់ធំមួយរូបបានឲ្យដឹងថា មានប្រជាកសិកររាប់ ពាន់គ្រួសារដែលរស់នៅក្នុងខេត្តកំពង់ធំ តាកែវ និងកំពត ទទួលបានទិន្នផលចំណេញកើនឡើងខ្ពស់ជាងធម្មតាចាប់ពី៣០ទៅ៥០ភាគរយ បន្ទាប់ពីពួកគាត់ទទួលបានជំនួយអប់រំផ្នែកបច្ចេកទេស និងការអនុវត្តផ្ទាល់ទៅលើដំណាំស្រូវតាមរយៈអង្គការ CAVAC (Cambodia Agricultural Value Chain Program-គម្រោងខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា)ដែលទទួលបានជំនួយគាំទ្រថវិកាគម្រោងពី AusAid នៃប្រទេសអូស្ត្រាលី។

 

លោក កាំង សុផាណា មន្ត្រីសម្របសម្រួលអង្គការ CAVAC ប្រចាំខេត្តកំពង់ធំ បានមានប្រសាសន៍ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១១ រហូតមក ដល់ឆ្នាំ២០១៥ នេះ មានប្រជាកសិករនៅខេត្តកំពង់ធំ ចំនួន រាប់ពាន់គ្រួសារបានទទួលផលប្រយោជន៍ជាច្រើនពីគម្រោងបង្កើនផលិតភាពកសិកម្មបែបថ្មីនេះ។ គម្រោងរបស់ CAVAC បានធ្វើឲ្យប្រជាកសិករយើងយល់ដឹងអំពីវិធីសាស្ត្រលើកកម្ពស់ចំណូលពីការងារកសិកម្មរបស់ពួកគាត់បានប្រសើរឡើងថែមមួយកម្រិតទៀត។

 

លោកបន្តថា៖ «កសិករគាត់អាចចេះធ្វើការវិភាគទូទាត់អំពីគម្រោងចំណាយ និងចំណូលទៅលើការដាំដុះដំណាំកសិកម្មរបស់ខ្លួនជាពិសេសគឺដំណាំស្រូវតែម្តង»។

 

លោក សុផាណា បានថ្លែងបញ្ជាក់ថា អ្វីដែលកសិករយើងងាយស្រួលទទួលយកនោះ គឺមន្ត្រីគម្រោងរបស់ CAVAC បានរៀបចំបង្កើតជាកម្មវិធីបង្រៀនតាមរយៈបទបង្ហាញជាក់ស្តែងដល់ក្រុមកសិករតាមមូលដ្ឋាននានា ដូចជាតាមភូមិស្រុកជាដើម ហើយរាល់គោលដៅនីមួយៗ ត្រូវធ្វើកម្មវិធីនេះជាច្រើនលើក បន្ទាប់មកពួកគេក៏បានជ្រើសរើសធ្វើជាស្រែបង្ហាញនៅលើទំហំផ្ទៃដីច្បាស់លាស់មួយផ្នែករបស់សមាជិកណាម្នាក់នៅទីនោះ។

 

គាត់បញ្ជាក់ថា៖ «នៅពេលប្រមូលផលមន្ត្រីអង្គការរួមទាំងកសិករត្រូវរៀបចំប្រមូលផលស្រូវនោះ រួចថ្លឹងរកចំនួនទិន្នផលទទួលបានសរុប បន្ទាប់មកទូទាត់ទៅនឹងការចំណាយផ្សេងៗ។ ជាលទ្ធផលក្រោយពីការទូទាត់រួចរាល់អស់ហើយ យើងបានធ្វើការប្រៀបធៀបទៅនឹងការធ្វើស្រែតាមទម្លាប់របស់កសិករយើងនៅលើផ្ទៃដីទំហំដូចគ្នានោះ ពួកគាត់បានរកឃើញថា ការធ្វើស្រែតាមការបង្ហាត់បង្ហាញរបស់ CAVAC ទទួលបានផលចំណេញច្រើនជាង គឺចាប់ពី ៣០ ទៅ ៥០ ភាគរយ»។

 

លោកបានរំឭកថា ចាប់តាំងពីការបង្កើតឲ្យមានគម្រោងរបស់អង្គការ CAVAC នៅក្នុងខេត្តកំពង់ធំកាលពីឆ្នាំ២០១១ មក នៅទូទាំង ៨ ស្រុកនៃខេត្តកំពង់ធំ មន្ត្រីអង្គការនេះបានរៀបចំបង្កើតជាកម្មវិធីបង្ហាញចំនួន ១៩១ លើក ហើយក្នុងមួយលើកៗមានប្រជាកសិករមិនតិចជាង២០គ្រួសារទេ ដែលបានចូលរួមនៅក្នុងកម្មវិធីបង្ហាញពីបទពិសោធថ្មីនេះ។ «ជារួមយើងឃើញមានប្រជាកសិករជាង ៥០ ភាគរយ ដែលបានចូលរួមនៅក្នុងគម្រោងនេះ បានកែប្រែទម្លាប់របស់ពួកគាត់ពីការធ្វើស្រែតាមទម្លាប់បុរាណមកធ្វើតាមកម្មវិធី CAVAC វិញ ព្រោះវាទទួលបានផលចំណេញច្រើនជាង»។ នេះបើតាមការអះអាងបញ្ជាក់របស់លោក សុផាណា។

 

«ឧទាហរណ៍ នៅក្នុងដីស្រែ១ ហិកតា ដែលប្រជាកសិកររបស់យើងគាត់ធ្លាប់ធ្វើស្រែ ហើយទទួលបានផលចន្លោះពី ១តោន ទៅ ២តោននោះ តាមរយៈកម្មវិធី CAVAC របៀបធ្វើកសិកម្មបែបទំនើប ដោយផ្សារភ្ជាប់ទៅនឹងតម្លៃកសិកផលនៅទីផ្សារ។ វិធីនេះចាប់ផ្តើមពីការជ្រើសរើសពូជ ស្ទូងស្រូវនៅពេលសំណាបមានអាយុតិចជាង ១ ខែ ស្ទូង១គុម្ពតែ ១-២ ដើមសំណាប និងស្ទូងជាជួរបន្ទាត់ និងការថែទាំត្រឹមត្រូវតាមបច្ចេកទេសកសិកម្មរួចមកពួកគាត់ទទួលបានទិន្នផលស្រូវលើសពី៣ ទៅ៥តោន ក្នុងមួយហិកតា»។ នេះបើតាមការអះអាងបញ្ជាក់របស់លោក សុផាណា។

 

គម្រោងរបស់ CAVAC អំពីការបង្កើនផលិតភាពស្រូវនេះ គឺយើងបានបង្រៀនកសិករឲ្យគាត់ចេះពីរបៀបសម្រិតសម្រាំងជ្រើសរើសពូជស្រូវ ការរៀបចំទុកដាក់ផលស្រូវ ការថែទាំដំណាំស្រូវ និងជាពិសេសគឺការរៀបចំដីស្រែឲ្យបានត្រឹមត្រូវមុននឹងធ្វើការដាំដុះជាដើម។

 

គម្រោងរបស់ CAVAC មិនមែនចំពោះតែការបង្កើនផលិតផលស្រូវនោះទេ ប៉ុន្តែក៏បានអនុវត្តទៅលើដីដាំដំណាំកសិកម្មជាបន្លែបង្ការជាច្រើនមុខទៀត និងរួមទាំងការស្តារប្រព័ន្ធធារាសាស្ត្រនៅតាមមូលដ្ឋានមួយចំនួនផងដែរ។

 

យោងតាមប្រភពព័ត៌មានពីគេហទំព័ររបស់អង្គការ CAVAC បានឲ្យដឹងថាចាប់តាំងពីឆ្នាំ ២០១៣-២០១៤ អង្គការនេះបានស្តារប្រព័ន្ធធារាសាស្ត្រតូចធំប្រវែង ១១៦,៨០ គីឡូម៉ែត្រ ក្នុងនោះនៅក្នុងខេត្តតាកែវ ប្រវែង ៥០,៤០ គីឡូម៉ែត្រ, កំពត ប្រវែង ៤១,៥០ គីឡូម៉ែត្រ និងកំពង់ធំ ប្រវែង២៦,៨០គីឡូម៉ែត្រ។

 

លោក សុផាណា មានប្រសាសន៍បន្ថែមទៀតថា៖ «ថ្មីៗនេះ ចាប់ពីឆ្នាំ២០១៣មក CAVAC បានបង្កើតជាគម្រោងថ្មីមួយទៀត គឺការកៀរពង្រាបដីស្រែឲ្យមានសភាពរាបស្មើល្អដោយប្រើឧបករណ៍ឡាស៊ែរ តាមរយៈម៉ាស៊ីនឈូសកៀរពង្រាប។ ជាលទ្ធផលយើងបានសាកល្បងនៅលើដីស្រែចំនួន៤០ហិកតា។ ចំណែកទិន្នផលស្រូវក្រោយពីការប្រើឧបករណ៍ឡាស៊ែររួចមក គឺទទួលបានផលខ្ពស់ជាងមុន ប្រមាណពី១០ទៅ២០ភាគរយថែមទៀត»។

 

កសិករ ឈ្នាង ឡង អាយុ ៦២ឆ្នាំ រស់នៅភូមិតាមរៀម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា គាត់មានដីស្រែមួយហិកតា ដែលត្រូវបានអង្គការ CAVAC ជ្រើសរើសកៀរពង្រាបឲ្យកាលពីឆ្នាំ២០១៣ ហើយផលស្រូវរបស់គាត់ទទួលបានរហូតដល់ ទៅ៤,៥០តោន ក្នុង១ហិកតា ខណៈកាលពីមុនទទួលបានត្រឹមតែ២,៥០តោន ប៉ុណ្ណោះ។

 

គាត់បញ្ជាក់ថា៖ «ខ្ញុំចំណេញប្រាក់បានច្រើនជាងមុន ព្រោះផលស្រូវបានច្រើន និងចំណាយក៏តិចជាងមុនដែរ គឺរាប់ទាំងការបញ្ចូលទឹកក្នុងស្រែ ងាយស្រួលថែទាំជាងមុន និងដាក់ជីជាដើម។ បច្ចុប្បន្ន ខ្ញុំអាចលក់ពូជស្រូវផ្ការំដួលរបស់ខ្ញុំបានតម្លៃ ២ ០០០ រៀល ក្នុង ១គីឡូក្រាម ចំណែកឯស្រូវចំណីវិញមានថ្លៃត្រឹមតែ ៩០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម»។

 

«អង្គការ CAVAC បានជួយយើងឲ្យយល់ដឹងអំពីរបៀប ធ្វើស្រែទទួលបានផលច្រើន និងចំណាយតិចជាងមុន ទាំងនេះវាជួយលើកកម្ពស់ជីវភាពរបស់យើងឲ្យគ្រាន់បើជាងមុនច្រើន» ។ នេះបើតាមសម្តីរបស់មីង ឡង។

 

លោក ធីវ វ៉ាន់ធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹង ថា៖ «តាមរយៈគម្រោងរបស់ CAVAC បានធ្វើឲ្យប្រជាកសិករនៅខេត្តកំពង់ធំ មានការផ្លាស់ប្តូរជាវិជ្ជមានច្រើន និងធ្វើឲ្យជីវភាពរបស់ពួកគាត់ធូរធារបានមួយកម្រិតថែមទៀត»។

 

«ចំណុចសំខាន់ៗ៣ ដែល CAVAC ជួយដល់យើង គឺទី១ បានគាំទ្រចងក្រងបង្កើតឲ្យមានជាសហគមន៍កសិករជាច្រើននៅតាមមូលដ្ឋាននានាទី ២ CAVAC បានកែប្រែឲ្យប្រជាកសិកររបស់យើងងាកមកជ្រើសរើសការប្រើប្រាស់ពូជស្រូវសំខាន់ៗទាំង ១០ ស្របនឹងគោលនយោបាយជំរុញផលិតកម្មស្រូវឲ្យកាន់តែខ្ពស់ប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់នៅលើទីផ្សារ។ ចំណែកចំណុចសំខាន់បំផុតទី ៣ នោះ គឺ CAVAC បានជួយបណ្តុះបណ្តាលកសិកររបស់យើងឲ្យពួកគាត់ទទួលបាននូវចំណេះដឹងក្នុងការដាំដុះ ស្រូវតាមលក្ខណៈទំនើបសមស្រប ហើយទទួលបានទិន្នផល ខ្ពស់»។ នេះបើតាមប្រសាសន៍របស់លោក វ៉ាន់ធី។

 

លោក វ៉ាន់ធី បន្តថា៖ «តាមការកត់សម្គាល់របស់ខ្ញុំ រាល់កសិករដែលបានចូលរួមនៅក្នុងគម្រោងរបស់ CAVAC ពួកគាត់មានការប្រែប្រួលជីវភាពប្រសើរឡើងលឿនជាងកាលពីពេលមុន»៕

អត្ថបទដកស្រង់ចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៥

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់