សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់សារព័ត៌មានថ្មីៗតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីទាំងបួនរូប នឹងផ្តល់ឱកាសឲ្យកម្ពជានិងអាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា និងផ្តល់មេរៀនបន្ថែមស្តីពីវិមជ្ឈការនៅអាល្លឺម៉ង់។
លោក មិនអត្ថាធិប្បាយពីវិមជ្ឈការឬការទម្លាក់សិទ្ធិអំណាចរបស់ក្រសួងនានា ទៅថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែលោក អត្ថាធិប្បាយខ្លីអំពីក្រសួងអប់រំរបស់លោក។ លោក លើកឡើងថា ក្រសួងអប់រំ បានផ្តោតលើការងារវិមជ្ឈការនិងវិសហមជ្ឈការ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ដូច្នេះថា៖«ក្រសួងអប់រំ បានសិក្សាបទពិសោធន៍ពីប្រទេសកម្ពុជាផ្ទាល់ និង ពីសំណាក់ប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ដើម្បីតម្រង់ទិសការងារវិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យអប់រំ ឲ្យកាន់តែមានប្រសិទ្ធភាព…»។
ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងពីសារសំខាន់នៃប្រព័ន្ធវិមជ្ឈការនិងវិសហមជ្ឈការនេះ។ រដ្ឋមន្ត្រីមហាផ្ទៃ យល់ថា ការផ្ទេរសិទ្ធិអំណាច ទៅថ្នាក់ក្រោមជាតិ គឺជាចំណុចសំខាន់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនិងការអភិវឌ្ឍ។
វិមជ្ឈការនិងវិសហមជ្ឈការ គឺសំដៅលើការផ្ទេរសិទ្ធិអំណាច និងទំនួលខុសត្រូវ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយគិតចាប់ពីថ្នាក់រដ្ឋបាលរាជធានី-ខេត្ត រហូតដល់ឃុំ-សង្កាត់៕
ប្រភពពីសារព័ត៌មានថ្មីៗ