ក្រសួងបរិស្ថាន និង​ភាគី​ពាក់ព័ន្ធ រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ ស្តីពី​សេចក្ដីព្រាង​ក្រម​បរិស្ថាន លើក​ទី​១

ភ្នំពេញ ៦ មីនា ២០១៦៖ ក្រសួងបរិស្ថាន សហការជាមួយក្រុមមេធាវីវិស្ណុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ ជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាលើសេចក្ដីព្រាងក្រមបរិស្ថាន…

ភ្នំពេញ ៦ មីនា ២០១៦៖ ក្រសួងបរិស្ថាន សហការជាមួយក្រុមមេធាវីវិស្ណុ ក្រោមការឧបត្ថម្ភពីកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ស្ថានទូតជប៉ុន ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ព្រឹកថ្ងៃទី៦ខែមេសានេះ  បានរៀបចំសិក្ខាសាលាជាតិ ស្តីពីសេចក្តីព្រាង ក្រមបរិស្ថានលើកទី១ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

 

លោក ឯ វុឌ្ឍី ទីប្រឹក្សារដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេស តាក់តែងក្រម បរិស្ថានបានឲ្យដឹងថា “គោលបំណង គឺពិភាក្សាទៅលើសេចក្តីព្រាងក្រមបរិស្ថាន ដែលជាដំណាក់កាល ពិភាក្សាលើសេចក្តីពង្រាងក្រមបឋម ដើម្បីប្រមូលនូវមតិយោបល់ល្អពីភាគីពាក់ព័ន្ធ សម្រាប់កសាងក្រមស្តីពីបរិស្ថាន ដោយធានាកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ត្រូវបានដាក់បញ្ចូលយ៉ាងពេញលេញទៅក្នុងផែនការថ្នាក់ជាតិ និងថ្នាក់តំបន់ និងទៅក្នុងផែនការ និងការគ្រប់គ្រងធនធានធម្មជាតិ”។

 

លោកបន្ថែមថា ក្រមនេះកសាងឡើងជាងមួយឆ្នាំមកហើយ ដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធនូវមតិយោបល់សម្រាប់ធ្វើជាមូលដ្ឋាន គតិយុត្តិមួយចំនួន សម្រាប់ធ្វើជាគោលការណ៍គ្រឹះក្នុងការពិភាក្សាតាក់តែងសេចក្តីព្រាងច្បាប់នេះ។

 

លោក សឿង សារឿន មកពីផ្នែកអង្គការសង្គមស៊ីវិលមានប្រសាសន៍ថា ការផ្ដួចផ្ដើមឲ្យមាន ក្រមបរិស្ថាននេះសំខាន់ណាស់។ ក្រមនេះ ផ្ដោតយកចិត្តទុកដាក់លើគ្រប់វិស័យ តាំងពីទាក់ទងរ៉ែ និងថាមពល ការគ្រប់គ្រងទឹក ការគ្រប់គ្រងសំណល់ ការគ្រប់គ្រងនូវ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដែលសុទ្ធតែមានផលប៉ះពាល់ និងផ្តល់ប្រយោជន៍ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋផ្ទាល់។

 

លោកបន្តថា ការគ្រប់គ្រងបរិស្ថានល្អ ទាំងកាកសំណល់ ទាំងធនធានធម្មជាតិ ការបែងចែក ផលប្រយោជន៍ និងការវិនិយោគសាធារណៈដែលនឹងអាចធ្វើឱ្យមានផលប្រយោជន៍ ជាវិជ្ជមានដល់ ប្រជាពលរដ្ឋ។ ប៉ុន្តែអ្វីដែល លោកសង្ឃឹម ដំណើរការតាក់តែងក្រមនេះ គឺត្រូវឱ្យមានការចូលរួម យ៉ាងសស្រាក់សស្រាំ ដើម្បីចំហរឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប ជាពិសេសប្រជាពលរដ្ឋនៅតំបន់ដែលមានការអភិវឌ្ឍន៏ទាក់ទងនឹងវិស័យរ៉ែ និងថាមពល ឧស្ម័នជាដើម ដែលជាការប៉ះពាល់ជាវិជ្ជមានឬអវិជ្ជមាន។

 

លោកបញ្ជាក់ថា សង្គមស៊ីវិលចង់ឱ្យមានការចូលរួមឲ្យបានពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន សង្គមស៊ីវិល រដ្ឋាភិបាល និងអ្នកជំនាញផ្សេងៗ ពិសេសប្រជាពលរដ្ឋផ្ទាល់ ដើម្បីឲ្យគាត់បានយល់ពីដំណើរការនៃការតាក់តែងក្រមនិងខ្លឹមសារនៃច្បាប់នេះ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់