កម្ពុជា លុបបំបាត់ជំងឺកញ្រ្ជឹលទាំងស្រុងហើយនៅឆ្នាំ២០១៥នេះ

ភ្នំពេញ ២៧ មីនា ២០១៥៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ថា ប្រទេសកម្ពុជាបានលុប បំបាត់ជំងឺកញ្ជ្រឹលទាំងស្រុងហើយនៅឆ្នាំ២០១៥នេះ បន្ទាប់ពីបានធ្វើការប្រយុទ្ធប្រឆាំង ចាប់តាំងពីឆ្នាំ១៩៨៦ មក…

ភ្នំពេញ ២៧ មីនា ២០១៥៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសទទួលស្គាល់ថា ប្រទេសកម្ពុជាបានលុប បំបាត់ជំងឺកញ្ជ្រឹលទាំងស្រុងហើយនៅឆ្នាំ២០១៥នេះ បន្ទាប់ពីបានធ្វើការប្រយុទ្ធប្រឆាំង ចាប់តាំងពីឆ្នាំ១៩៨៦ មក។

ជំងឺកញ្ជ្រឹល ជាបញ្ហាសុខភាពចម្បងនៅទូទាំងប្រទេស ជាពិសេសនៅក្នុងតំបន់ដាច់ស្រយាលតាមព្រំដែន ក្នុង ចំណោមប្រជាពលរដ្ឋភាគតិច និងប្រជាពលរដ្ឋចំណាកស្រុក និងនៅតំបន់ក្រីក្រ។ ក្រសួងសុខាភិបាលបាន ផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹលក្នុងឆ្នាំ១៩៨៦ និងបានចាប់ផ្តើមតាមដានករណីជំងឺកញ្ជ្រឹល ជាប្រចាំចាប់តាំងពីឆ្នាំ ១៩៩៨ និងបានបញ្ចូលថ្នាំបង្ការជំងឺកញ្ជ្រឹល ដូសទី២ ក្នុងអំឡុងឆ្នាំ២០១២។

យោងតាមសេចក្តីប្រកាសរួមរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ដែលចេញផ្សាយ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា គណៈកម្មការវាយតម្លៃនៃការបំបាត់ជំងឺកញ្ជ្រឹលរបស់អង្គការសុខភាពពិភពលោក បានទទួលស្គាល់ថា ព្រះរាជាណាចក្រកម្ពុជា បានលុបបំបាត់ជំងឺកញ្ជ្រឹលទាំងស្រុង ព្រមទាំងកត់សម្គាល់ថា មិនមានករណីជំងឺកញ្ជ្រឹលរកឃើញដោយមន្ទីរពិសោធន៍ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១។

សេចក្តីប្រកាសព័ត៌មានរួមនេះ បានបន្តថា ប្រទេសកម្ពុជាសម្រេចបាននូវស្ថានភាពគ្មានជំងឺកញ្ជ្រឹល ចូលរួមការកាត់បន្ថយអត្រាឈឺ និងមរណភាពរបស់កុមារ ជួយឲ្យប្រទេសកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៤។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានសម្តែងនូវការដឹងគុណ ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាលទាំងអស់ និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ព្រមទាំងការជួយគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ ដែលបានធ្វើឲ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងការបំបាត់ជំងឺកញ្ជ្រឹល។

លោកវេជ្ជបណ្ឌិត Dong il Ahn តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជាបានអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឆ្ពោះទៅរកការបំបាត់ជំងឺកញ្ជ្រឹលក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លង មក ។ លោកបានបញ្ជាក់បន្ថែមថា « ជំហានបន្ទាប់របស់យើង គឺត្រូវពង្រឹងការតាមដានជំងឺ និងរក្សាឲ្យបាននូវភាព សុំាក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាឲ្យបានខ្ពស់ជានិច្ច » ។

គណៈកម្មាធិការជាតិវាយតម្លៃការបំបាត់ជំងឺកញ្ជ្រឹលរបស់កម្ពុជា បានជួបប្រជុំគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីពិនិត្យឯកសាររបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ។ គណៈកម្មាធិការនេះ ក៏បានសន្និដ្ឋានថា មានភស្តុតាងដ៏រឹងមាំជាច្រើន ដែលអះអាងថាការឆ្លងនៃមេរោគជំងឺកញ្ជ្រឹលត្រូវបានកាត់ផ្តាច់ ដូច្នេះប្រទេសកម្ពុជាបានសម្រេចបំបាត់ការឆ្លងមេរោគ កញ្ជ្រឹលអស់រយៈពេល ៣៦ខែរួចមកហើយ និងមានលទ្ធភាពស្នើឲ្យមានការវាយតម្លៃដោយគណៈកម្មាធិការវាយតម្លៃ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់។

ជំងឺកញ្ជ្រឹលជាជំងឺឆ្លងខ្លាំងជាងគេបំផុតនៅទូទាំងពិភពលោក ដោយបានសម្លាប់មនុស្សប្រមាណជា ៤០០នាក់ ជា រៀងរាល់ថ្ងៃ ដែលភាគច្រើនជាកុមារដែលមានអាយុក្រោម ៥ឆ្នាំ ឬ ១៦នាក់ បានស្លាប់ជារៀងរាល់ម៉ោង ។ កម្ពុជា គឺជាប្រទេសមានជំងឺកញ្ជ្រឹលជាប្រចាំអស់រយៈពេលច្រើនឆ្នាំមកហើយ ។ រហូតមកដល់ឆ្នាំ ១៩៩៨ ជំងឺ កញ្ជ្រឹលជាមូលហេតុនាំមុខនៃការឈឺ និងការស្លាប់ក្នុងចំណោមជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជា។

ការសម្រេចបានជាស្ថាពរនូវស្ថានភាពគ្មានជំងឺកញ្ជ្រឹល ប្រទេសកម្ពុជាបានចូលរួមជាមួយបណ្តាប្រទេសនៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ចំនួន ៦ប្រទេសផ្សេងទៀត រួមមានប្រទេសអូស្រ្តាលី ប្រទេសប្រ៊ុយណេ ដារូសាឡឹម ប្រទេសជប៉ុន ទីក្រុងម៉ាកាវ (សាធារណរដ្ឋប្រជាមានតិចិន) ប្រទេសម៉ុងហ្គោលី និងសាធារណរដ្ឋ កូរ៉េ ដែលជាប្រទេសសម្រេចបានជាស្ថាពរនូវស្ថានភាពគ្មានជំងឺកញ្រ្ជិល៕

ដកស្រង់ចេញពីគេហទំព័រ DAP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់