រាជធានីភ្នំពេញ៖ “គម្រោងអាហារូបត្ថម្ភកម្ពុជា ២០១៩-២០២៤” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានសមាសភាពចូលរួមឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ៣០០រូប។
គម្រោងអាហារូបត្ថម្ភកម្ពុជាមានគោលដៅលើកកកម្ពស់ការប្រើប្រាស់សេវា និងគុណភាពនៃសេវាអាទិភាពផ្នែកសុខភាពមាតា កុមារ និងអាហារូបត្ថម្ភសំដៅកាត់បន្ថយកង្វះអាហារូបត្ថម្ភរបស់មាតា និងកុមារ និងធ្វើឱ្យប្រសើរឡើងនូវការផ្តល់ថ្នាំបង្ការ និងកាត់បន្ថយអត្រាមរណភាពរបស់ទារក។
គម្រោងអាហារូបត្ថម្ភកម្ពុជាមានវិសាលភាពគ្របដណ្តប់ក្នុងភូមិសាស្ត្រខេត្តចំនួន ៧រួមមាន៖ ខេត្តមណ្ឌលគិរី រតនៈគិរី ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ឆ្នាំង និងខេត្តកោះកុង ព្រមទាំងពង្រីកការគ្របដណ្តប់ដល់ថ្នាក់មន្ទីរពេទ្យបង្អែក និងនៅថ្នាក់មណ្ឌលសុខភាពទូទាំងប្រទេស។
ថ្លែងសុន្ទរកថាស្វាគមន៍ក្នុងពិធីប្រកាសបើកគម្រោងអាហារូបត្ថម្ភដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំគម្រោងអាហារូបត្ថម្ភកម្ពុជានេះឡើងដោយផ្អែកលើយន្តការនៃវិស័យសុខាភិបាលដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវា និងគុណភាពសេវាសំខាន់ៗ និងពង្រីកការផ្តល់សេវាសុខាភិបាល តាមរយៈសមាហរកម្មសកម្មភាពចុះមូលដ្ឋាន និងការសម្របសម្រួលជាមួយសហគមន៍ ព្រមទាំងជំរុញការអនុវត្តរួមគ្នាដោយគណនេយ្យភាព និងធនធានគ្រប់គ្រាន់ សម្រាប់ផ្តល់សេវាសុខភាពមាតា កុមារ និងអាហារូបត្ថម្ភ ការផ្តល់ថ្នាំបង្ការ ដើម្បីធានាសុខភាពដល់កុមារក្នុងសហគមន៍។
ឱកាសពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលមានរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់២០២៤នេះដែរ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់សុខុមាលភាពរបស់មាតា កុមារ និងអាហារូបត្ថម្ភ ដើម្បីពន្លឿននូវវឌ្ឍនភាពនៃការកាត់បន្ថយគម្លាតផ្នែកសុខភាព និងអាហារូបត្ថម្ភនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍បន្ថែមថា តាមរយៈ “គម្រោងអាហារូបត្ថម្ភកម្ពុជា” ក្រសួងសុខាភិបាល និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាស្ថាប័នដឹកនាំការអនុវត្តគម្រោងនេះ ដែលមានភារកិច្ចក្នុងការផ្តល់ការណែនាំ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ដើម្បីផ្តល់សេវាសុខភាពមាតា និងកុមារឱ្យបានកាន់តែមានប្រសិទ្ធភាព សំដៅកាត់បន្ថយភាពក្រិនរបស់កុមារ និងការកង្វះអាហារូបត្ថមដ៏រ៉ាំរ៉ៃរបស់កុមារ។
លើសពីនេះទៀត ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍បន្តថា គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នឹងលើកទឹកចិត្តដល់រដ្ឋបាលមូលដ្ឋាន ក្នុងការធ្វើការឱ្យបានយ៉ាងជិតស្និទជាមួយប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចចូលរួម និងទទួលបាននូវសេវាសុខាភិបាល និងអាហារូបត្ថម្ភពីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ព្រមទាំងអាចឈានទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងការយកចិត្តទុកដាក់ថែទាំសុខភាព និងការទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ។
ជាងនេះទៀត ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានបង្ហាញការជឿជាក់ថា តាមរយៈការអនុវត្តគម្រោង ប្រជាពលរដ្ឋក៏ត្រូវបានលើកទឹកចិត្តផ្តល់មតិយោបល់ទៅរដ្ឋបាលឃុំ សង្កាត់ និងអ្នកផ្តល់សេវាសុខាភិបាលអំពីភាពពេញចិត្តរបស់ពួកគាត់លើការផ្តល់សេវាផ្នែកសុខាភិបាល ដែលតាមរយៈមតិយោបល់ទាំងនេះ រដ្ឋបាលថ្នាក់ក្រោមជាតិអាចសហការ សម្របសម្រួលជាមួយអ្នកពាក់ព័ន្ធនានា ពិសេសមណ្ឌលសុខភាព ដើម្បីកែលម្អការផ្តល់សេវាផ្នែកសុខភាពឱ្យបានកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ស្នើអ្នកពាក់ព័ន្ធទាំងអស់ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរ អង្គភាពពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិ ចូលរួមអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីសម្រេចបាននូវការផ្តល់ និងការទទួលបាននូវសេវាផ្នែកសុខភាពមាតា ទារក និងអាហារូបត្ថម្ភ ប្រកបដោយប្រសិទ្ធភាព។
សូមជម្រាបជូនថា តាមរយៈការអនុវត្តគម្រោងអាហារូបត្ថម្ភកម្ពុជាដោយទទួលបានការគាំទ្រមូលនិធិពីដៃគូអភិវឌ្ឍន៍ (Australian AID, Global Finacing Facility, German Development Bank និងWorld Bank) ប្រជាជនកម្ពុជាដែលនឹងទទួលផលប្រយោជន៍មានចំនួនសរុប ១,៦៧៦,៨៣១រូប (ស្រី៨៤៧,៧២៤រូប) ក្នុងនោះ រួមមាន ទារកអាយុក្រោម១ឆ្នាំចំនួន ៤១,២៧៨រូប (ស្រី២០,៤២៧រូប) កុមារអាយុក្រោម ៥ឆ្នាំចំនួន ២០០,២៩១រូប (ស្រី ៩៨,៥៤១រូប) និងស្ត្រីក្នុងវ័យបន្តពូជ (អាយុចន្លោះ១៥-៤៩) ចំនួន ៤២៦,៨២៦រូប៕