ធនាគារពិភពលោក ព្យារកណ៍ថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៤ មានកំណើន ៧,២ ភាគរយ ខណៈ ADB ថា ៧,០ ភាគរយ

ភ្នំពេញ ៧ មេសា ២០១៤: សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៤ ត្រូវបានធនាគារពិភពលោក ព្យារកណ៍ថា នឹងមានកំណើន ៧,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៣ មានកំណើន ៧,៤ ភាគរយ…

ភ្នំពេញ ៧ មេសា ២០១៤: សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៤ ត្រូវបានធនាគារពិភពលោក ព្យារកណ៍ថា នឹងមានកំណើន ៧,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៣ មានកំណើន ៧,៤ ភាគរយ ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយពីសេដ្ឋកិច្ចកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០១៤នេះថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៧,០ ភាគរយ នៅឆ្នាំ២០១៤។

 បើយោងតាមរបាយការណ៍ ដែលបានផ្សព្វផ្សាយ នៅធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា តាមរយៈការផ្សាយបន្តផ្ទាល់ តាមវីដេអូ ខនហ្វើរ៉េន ពីប្រទេសសឹង្ហបូរី នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៤ នឹងមានកំណើន ៧,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៣ មានកំណើន ៧,៤ ភាគរយ។

របាយការណ៍នេះ បានលើកឡើងថា កំណើនសេដ្ឋកិច្ច ៧,២ ភាគរយ ដោយផ្អែកលើការបន្តងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ការត្រឡប់មកវិញ នៃស្ថិរភាពនយោបាយ និងការរំពឹងថា នឹងមានជំនឿជឿជាក់ ឡើងវិញ។ វិស័យធនាគារ កំពុងរីកចម្រើន ជាមួយនឹងភាពស៊ីជម្រៅ ផ្នែកហិរញ្ញវត្ថុ នៅតែបន្តកើតមានឡើង។ ទោះជាការប្រមូលពន្ធក្នុងស្រុកមានការកើនឡើងក្នុងកំរិតទាប ប៉ុន្តែស្ថានភាពសារពើពន្ធ នៅតែប្រកបដោយចីរភាព។ យ៉ាងណាក៏ដោយ ភាពវឹកវរ ពលកម្មសារជាថ្មីទៀត និងឥទ្ធិពលអវិជ្ជមាន ដោយសារការកាត់បន្ថយ ការអនុវត្តគោលនយោបាយ ជំរុញសេដ្ឋកិច្ច នៃធនាគារសហព័ន្ធអាមេរិក អាចបង្កជាហានិភ័យ។

លោកអេករិកេ អាល់ដាហ្សេ ការ៉ូល អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ នៃធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការគ្រប់គ្រងសម្ពាធ នៅក្នុងស្រុក នឹងជួយឲ្យកម្ពុជា សម្រេចបានកំណើន ប្រសើរជាងគេបំផុត ក្នុងចំណោមការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។ ការចរាចរលើបញ្ហាប្រាក់បៀវត្សរ៍ ដែលទទួលលបានជោគជ័យ នឹងបម្រើផលប្រយោជន៍ ដល់ទាំងភាគីកម្មករ និងទាំងក្រុមហ៊ុន។ ការកែលម្អបន្ថែម ទៀត លើការប្រមូលចំណូលក្នុងស្រុក នឹងជួយផ្តល់នូវការគាំទ្រមួយ សម្រាប់ផល ប៉ះពាល់ណាមួយ ក្នុងពេលអនាគត និងផ្តល់ហិរញ្ញប្បទានលើតម្រូវការ ដែលកាន់តែខ្ពស់ សម្រាប់ចំណាយអាទិភាព បូករួមទាំងសំណើប្រាក់បៀវត្សរ៍ សម្រាប់វិស័យសាធារណៈផងដែរ។

ឱនភាពនៃគណនីចរន្ត បានថយចុះដោយសារតែការនាំចូល មានសភាពយឺតយ៉ាវជាងមុន ដែលមានការប្រមូលចំណូលយឺតជាងមុន ដូចនេះវាជាបច្ច័យ នាំឲ្យមានឱនភាពសារពើពន្ធកើនឡើង។ បញ្ហាអស្ថិរភាពនយោបាយបន្ថែម និងបញ្ហាការងារ ព្រមទាំងការធ្លាក់ចុះ នៃសេដ្ឋកិច្ច នៅក្នុងប្រទេសចិន អាចបង្កឲ្យមានហានិភ័យ។

លោកអាឡាសាន សូ ប្រធានគ្រប់គ្រងធនាគារពិភពលោក បានមានប្រសាសន៍ថា សេដ្ឋកិច្ចរបស់កម្ពុជា ធន់នឹងសម្ពាធក្នុងស្រុក និងអាចរក្សាបាននូវកំណើនខ្ពស់របស់ខ្លួន។ កំណើនដ៏រឹងមាំនេះ នឹងអាចជួយឲ្យកម្ពុជា សម្រេចបានគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយភាពក្រីក្រ បានត្រឹម មួយភាគរយ ក្នុងមួយឆ្នាំ។ ដូចយើងទាំងអស់ គ្នា បានដឹងហើយថា ប្រជាជនជិត ៣ លាននាក់ រស់នៅក្រោមបន្ទាត់ក្រីក្រនៅឡើយ ហើយប្រជាជន ៨,១ លាននាក់ រស់នៅក្បែរបន្ទាត់ក្រីក្រ។ ពួកគេនៅតែមានហានិភ័យខ្ពស់ ក្នុងការធ្លាក់ក្នុងភាពក្រីក្រវិញ។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយពីសេដ្ឋកិច្ចកម្ពុជា កាល ពីដើមខែមេសា ឆ្នាំ២០១៤នេះថា កម្ពុជាមានកំណើនសេដ្ឋកិច្ច ៧,០ ភាគរយ នៅឆ្នាំ២០១៤៕V/s

ដកស្រង់ចេញពីគេហទំព័រ CEN ចេញផ្សាយ ៧ មេសា ២០១៤
http://www.cen.com.kh/localnews/show_detail/20?token=YTFiMzQwZG

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់