កម្ពុជា​រក​ឃើញ​ភាព​ស៊ាំ​របស់​ឱសថ​ចំនួន​បី​ប្រភេទ​សម្រាប់​ព្យាបាល ជំងឺ​គ្រុន​ចាញ់ ជំងឺ​របេង និង​ជំងឺ​អេដស៍

ភ្នំពេញ ៣ មិថុនា ២០១៥៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាបានរកឃើញភាពស៊ាំនឹងឱសថ ដែលកំពុងប្រើប្រាស់សម្រាប់ព្យាបាលប្រឆាំងមេរោគចំនួនបីប្រភេទ ដែលទាក់ទងនឹងឱសថព្យាបាលជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍នោះ។

ភ្នំពេញ ៣ មិថុនា ២០១៥៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាបានរកឃើញភាពស៊ាំនឹងឱសថ ដែលកំពុងប្រើប្រាស់សម្រាប់ព្យាបាលប្រឆាំងមេរោគចំនួនបីប្រភេទ ដែលទាក់ទងនឹងឱសថព្យាបាលជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍នោះ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិស្ដីពីភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ កាល ពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគារ អាំងទែកង់ទីណង់តាល់ ឯកឧត្តម អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានដាក់ បញ្ចូលផែនការ ឆ្លើយតបចំ ពោះភាពស៊ាំនឹងឱសថប្រឆាំងមេរោគ នៅក្នុងផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្ដសុខា ភិបាលជាតិ ឆ្នាំ២០១៦-២០២០ តាមរយៈការងារពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ សម្រាប់គាំទ្រភាពស៊ាំនឹងឱសថប្រឆាំង មេរោគ ការពិនិត្យការស្រាវជ្រាវនូវឧបករណ៍ថ្មីៗ និងធានាឱ្យមានឱសថប្រឆាំងមេរោគប្រកបដោយគុណភាព ។ ឯក ឧត្តមបញ្ជាក់ថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ បានក្លាយជាប្រធានបទរបស់កម្ម វិធីសុខភាព ពិភពលោក ដែលបានដាក់ចេញនូវដំណោះស្រាយមួយស្ដីពីផែនការ សកម្មភាពរបស់ពិភពលោក ឆ្លើយតប ចំពោះភាពស៊ាំនឹងឱសថប្រឆាំងមេរោគ និង តម្រូវឱ្យរដ្ឋជាសមាជិករៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ដ ស្ដីពីឱសថប្រឆាំង មេរោគឱ្យបានដំណាច់ឆ្នាំ២០១៧។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ដថា ភាគច្រើននៃភាពស៊ាំនឹងឱសថប្រឆាំង មេរោគទាំងនេះ បានបង្កឡើង បណ្ដាលមកពីការប្រើប្រាស់ឱសថមិនបានសមស្រប ហើយវាបានគំរាមគំហែងយ៉ាងធ្ងន់ធ្ងរចំពោះសុខភាព សាធារណៈ និងប្រជាពលរដ្ឋកម្ពុជា។ តែទោះជាយ៉ាងណាក្តី ដើម្បីលើកកម្ពស់ការប្រើប្រាស់ឱសថឱ្យ បាន សមស្រប ក្រសួងសុខាភិបាលបានបង្កើតឡើងនូវមគ្គុទ្ទេសក៍ព្យាបាលជាតិ ក្នុងការស្រាវជ្រាវរកភាពស៊ាំ នឹង ថ្នាំប្រឆាំងមេរោគរបេង គ្រុនចាញ់ និងអេដស៍ ដោយដាក់បម្រាមចែកចាយ និងលក់ឱសថព្យាបាលជំងឺរបេង ការព្យាបាលថ្នាំ គ្រុនចាញ់ដោយឱសថមួយមុខ ឱសថមិនគ្រប់ស្ដង់ដារ ឬឱសថក្លែងក្លាយ ពិសេសរៀបចំការ ធ្វើតេស្ដរកជំងឺគ្រុនចាញ់នៅតាមសហគមន៍ និងតាមឱសថស្ថាននានា នៅទូទាំងប្រទេស។

លោក ដុង អៀល អាន(Dong Ill Anh)តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាបានឱ្យដឹងថា ការ ប្រឆាំងនឹងភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគគឺជាកិច្ចការសំខាន់បំផុតសម្រាប់ពិភពលោកទាំងមូល ទាំងប្រទេស អភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលទាមទារឱ្យប្រទេសជាសមាជិកទាំងអស់រៀបចំផែនការសកម្មភាព និងអភិវឌ្ឍន៍គោលនយោបាយជាតិ ហើយជំរុញឱ្យមានការចូលរួមអនុវត្ដន៍ពីគ្រប់វិស័យ របស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនៅក្នុងប្រទេសនីមួយៗ។ លោកបានឱ្យដឹងទៀតថា កម្ពុជាជាប្រទេសមួយដែលបានរៀបចំផែនការ យុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងភាពស៊ាំនឹងថ្នាំប្រឆាំងមេរោគ ហើយដើម្បីដោះស្រាយ ភាពស៊ាំនឹងឱសថប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាគួរតែបង្កើនការតាមដាន និងស្រាវជ្រាវ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងពង្រឹងយន្ដការប្រើប្រាស់ថ្នាំប្រកបដោយប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ភាពស៊ាំនឹង ថ្នាំប្រឆាំងមេរោគគឺបានកើត ឡើងចាប់តាំងពីឆ្នាំ១៩៨៧មក ហើយរហូតមកទល់ បច្ចុប្បន្ននេះ ពុំមានឱសថប្រឆាំងមេរោគថ្មីៗ ត្រូវបានរក ឃើញនៅឡើយនោះទេ។

កម្ពុជាបានរកឃើញអ្នកជំងឺ ដែលមានភាពស៊ាំនឹងឱសថប្រឆាំងមេរោគគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍ ហើយរហូតមកដល់ពេលនេះ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៤ ក្នុងចំណោមប្រទេសចំនួន២៧ នៅក្នុងតំបន់ប៉ាស៊ី ហ្វិកខាងលិច ដែលបានរៀបចំផែនការយុទ្ធសាស្រ្ដជាតិ ដើម្បីទប់ស្កាត់ភាពស៊ាំ នឹងឱសថ ប្រឆាំងមេរោគនោះ៕

 

ដកស្រង់ពី AKP (2-6-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់