ខេត្ត​បន្ទាយមានជ័យ​ជំរុញ​ការ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ (AKP)

បន្ទាយមានជ័យ ៣០ តុលា ២០១៤៖ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះមូលដ្ឋាន និងជំរុញការធ្វើ វេទិកាសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឱ្យបានកាន់តែល្អ ប្រសើរឡើង…

បន្ទាយមានជ័យ ៣០ តុលា ២០១៤៖ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តចុះមូលដ្ឋាន និងជំរុញការធ្វើវេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឱ្យបានកាន់តែល្អប្រសើរឡើង។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា ការធ្វើវេទិកានេះឡើងគឺ ដើម្បីបង្ហាញអំពីសមិទ្ធផលនានារបស់ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តដែល បានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លង និងទទួលយកព័ត៌មានពីប្រជាពលរដ្ឋ ព្រមទាំងបង្ហាញអំពីទិសដៅអាទិភាពសម្រាប់ការអភិវឌ្ឍ នៅឆ្នាំបន្ទាប់ ព្រមទាំងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ ឱ្យមានការចូលរួមផ្លាស់ប្តូរយោបល់ និងទទួលយកសំណូមពរពីប្រជាពលរដ្ឋ ដើម្បីរកវិធានការឆ្លើយតបដោះស្រាយ និងសំណូមពរពីប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ពាក់ព័ន្ធ និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តចុះបង្ក្រាបរាល់បទល្មើសផ្សេងៗមានអំពើចោរកម្ម គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ទំនិញគេចពន្ធ ការជួញដូរ មនុស្សឆ្លងដែនជាដើម ជាពិសេសការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិដែលចូលមកទស្សនាក្នុងប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត និងសម្រាប់ព្រះរាជពិធីបុណ្យអ៊ុំទូកនាពេលខាងមុខនេះ។

ឯកឧត្តម ចុង ផែត អភិបាលរងខេត្តតំណាងឱ្យឯកឧត្តមអភិបាលខេត្ត ក៏បង្ហាញពីប្រតិទិនការងារ ការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលខេត្ត ព្រោះកិច្ចការនេះសំខាន់ណាស់ ដោយរាជរដ្ឋាភិបាលជំរុញឱ្យថ្នាក់ក្រោមជាតិអនុវត្ត ដោយការផ្តល់ ថវិកាសម្រាប់ការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ធ្វើយ៉ាងណាឱ្យមានការឆ្លុះបញ្ចាំងអំពីតម្រូវការ និងកំណើនសេដ្ឋកិច្ចរបស់ខេត្ត។

របៀបវារៈប្រជុំសាមញ្ញលើកទី៥ អាណត្តិទី ២របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមមានការពិនិត្យពិភាក្សាសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញ លើកទី៥ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ និងកិច្ចប្រជុំវិសាមញ្ញលើកទី២អាណត្តិ ទី២របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សា អាណត្តិទី២ នៃការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ពិនិត្យពិភាក្សា អនុម័តសេចក្តីព្រាងរបាយការណ៍ខែ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែ (កញ្ញា និង តុលា) ឆ្នាំ២០១៤ និងសំណួរចម្លើយការបញ្ចេញមតិយោបល់បញ្ហាផ្សេងៗ៕ ដោយ៖ ឈុន សារ៉ាត

ដកស្រង់ចេញពីគេហទំព័រAKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់