នៅព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សារដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយដោះស្រាយបញ្ហាប្រឈមដែលទទួលបានពីវេទិកាសាធារណ: របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងត្រៀមរៀបចំផែន ការការពារ និង សណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជំបិណ្ឌ ប្រពៃណីជាតិ ឆ្នាំ២០១៩នេះ។
ក្នុងកិច្ចប្រជុំនេះដែរលោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងនគរបាលខេត្តបានរាយការណ៍ស្តីពីការត្រៀមរៀបចំកម្លាំងអន្តរាគមន៍រួចជាស្រេចហើយ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០១៩នេះ ។
ឯកឧត្តម ងួន រតន: បានណែនាំដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើការប្រមូលទិន្នន័យអំពីការដោះស្រាយបញ្ហាប្រឈម ដែលបានពីវេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបងកន្លងមក ដើម្បីរួមគ្នាដោះស្រាយជូនប្រចាពលរដ្ឋ។ បន្ទាប់ពីយើងបានពិភក្សាគ្នាដើម្បីធ្វើការដោះស្រាយជុំទី១ អំពីបញ្ហាផ្សេងៗលើគ្រប់វិស័យដែលជាកង្វល់ សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានចប់ និងបន្តធ្វើវេទិកាសាធារណ:ជុំទី២នាពេលខាងមុខទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធទាំងអស់ ក្រោយពីបានទទួលផែនការនៃកិច្ចប្រជុំនេះរួច សូមយកទៅអនុវត្តន៍ផែនការ ការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងការងារផ្សេងៗយកទៅអនុវត្តន៍ឱ្យទទួលបានជោគជ័យ ។ នៅពេលខាងមុខខេត្តបាត់ដំបងគ្រោងនឹងរៀបចំធ្វើពិធីបុណ្យអុំទូកថ្នាក់ខេត្ត ដែលរដ្ឋបាលខេត្តតែងតែធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃបុណ្យចេញព្រះវស្សាខាងមុខនេះ ដោយមានការតាំងពិព័រណ៍ផងដែរ ហើយក្រុមការងារត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ៕
ប្រភពពីរដ្ឋបាលខេត្តបាត់ដំបង