ភ្នំពេញ ១៣ មិថុនា ២០១៤៖ សៀវភៅ និងវីស៊ីឌី ដែលបានចងក្រងអំពីគោលការណ៍ណែនាំ ស្តីពីការការពារសិទ្ធិស្ត្រី និងកុមារតាមផ្លូវច្បាប់នៅប្រទេសកម្ពុជា ត្រូវផ្សព្វផ្សាយ ក្នុងគោលបំណង លើក កម្ពស់ការឆ្លើយតបចំពោះករណីនៃអំពើហិង្សា ដែលប្រព្រឹត្តដោយដៃគូជិតស្និទ្ធ និងអំពើហិង្សា លើផ្លូវភេទទៅលើស្ត្រីក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ និង អំពើហិង្សាលើផ្លូវភេទទៅលើកុមារផងដែរ ។
ភ្នំពេញ ១៣ មិថុនា ២០១៤៖ សៀវភៅនិងវីស៊ីឌី ដែលបានចងក្រងអំពីគោលការណ៍ណែនាំស្តីពីការការពារសិទ្ធិស្ត្រី និងកុមារតាមផ្លូវច្បាប់
នៅប្រទេសកម្ពុជា ត្រូវផ្សព្វផ្សាយ ក្នុងគោលបំណងលើក កម្ពស់ការឆ្លើយតបចំពោះករណីនៃអំពើហិង្សាដែលប្រព្រឹត្តដោយដៃគូជិតស្និទ្ធ និងអំពើហិង្សា
លើផ្លូវភេទទៅលើស្ត្រីក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ និង អំពើហិង្សាលើផ្លូវភេទទៅលើកុមារផងដែរ ។
ការផ្សព្វផ្សាយសៀវភៅនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមវត្តមានលោកជំទាវ
អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី តំណាងអង្គការជាដៃគូ និងមានស្ត្រី មកពីបណ្តាស្ថាប័នពាក់ព័ន្ធទូទាំងប្រទេសផងដែរ។
ការរៀបរៀងចងក្រងសៀវភៅនេះឡើង គឺចំណាយថវិកាប្រមាណ៥ម៉ឺនដុល្លារ ដោយបានបោះពុម្ពចំនួន៥០០ក្បាល និងធ្វើជាវីស៊ីឌី៣.០០០បន្ទះ
ជាភាសាអង់គ្លេស។
លោកស្រី ប៊រហ្គីត ស្ត្រាប់ (Birgit Strube) លេខាទី១និងជាអនុប្រធានការិយាល័យសហប្រតិបត្តិការស្ថានទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
បានមានប្រសាសន៍ថា សៀវភៅណែនាំនេះគឺជាឧបករណ៍មួយដ៏មានសារសំខាន់នៅក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះស្ត្រី និងកុមារី
ដែលជាអ្នកនៅរស់រានមានជីវិតពីអំពើហិង្សាប្រព្រឹត្តដោយដៃគូជីតស្និទ្ធ និងអំពើហិង្សាផ្លូវភេទរួមទាំងកុមារផងដែរនិង ជាពិសេស គឺកុមារីដែលជា
អ្នកនៅរស់រានមានជីវិតពីអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាផ្លូវភេទ។
លោកស្រីបានបន្ថែមទៀតថា អំពើហិង្សាលើស្ត្រីមិនមែនជាបាតុភូតមួយរបស់ប្រទេសកម្ពុជាតែម្នាក់ឯងនោះទេ វាគឺជាបាតុភូតជាសាកលមួយ។
ក៏ប៉ុន្តែកម្រិតនៃអំពើហិង្សាលើស្ត្រី និង កុមារនៅក្នុងប្រទេសនេះមានលក្ខណៈ គួរឱ្យព្រួយបារម្ភហើយវាទាមទារឱ្យមានការធ្វើសកម្មភាពរួមគ្នាដោយ
រាជភិបាល កម្ពុជានិងដៃគូអភិវឌ្ឍទាំងឡាយ។
លោកជំទាវ អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ក្នុងពិធីនោះថា៖ ផែនការយុទ្ធសាស្ត្ររបស់ក្រសួងកិច្ចការនារី ស្តីពីការលើកកម្ពស់សមភាពយេនឌ័រ
និងការពង្រឹងភាពអង់អាចរបស់ស្ត្រី មានដូចជាផែនការនារីរតនៈ ក៏បានរួមវិភាគទានតម្រង់ទិសនូវការខិតខំរបស់ក្រសួងក្នុងការដោះស្រាយនូវ
អំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីលើកកម្ពស់កិច្ចការពារខាងផ្លូវច្បាប់និងមានការទទួលបានយុត្តិធម៌របស់ស្ត្រីជាជនរងគ្រោះផងដែរ។
លោកជំទាវបានមានប្រសាសន៍បន្តថា យោងតាមការអង្កេតថ្មីមួយដែលបានធ្វើឡើងដោយទីភ្នាក់ងារសហប្រជាជាតិចំនួន៤ ក្នុងចំណោមបុរសកម្ពុជា
ដែលមានអាយុចន្លោះពី១៨ទៅ៤៩ឆ្នាំ ៥ នាក់ យ៉ាងហោចណាស់មានម្នាក់បាន រំលោភសេពសន្ថវៈលើស្ត្រីទាំងនៅក្នុង ឬនៅខាងក្រៅទំនាក់ទំនង
ស្នេហារបស់ពួកគេ។ ២៥ភាគរយនៃស្ត្រីដែលបានផ្តល់បទសម្ភាសន៍បានប្រាប់ឱ្យដឹង ថាពួកគេបានទទួលរងអំពើហិង្សាផ្លូវ ភេទឬរាងកាយ (ឬទាំង២)
យ៉ាងហោចណាស់ម្តងពីដៃគូ ជិតស្និទ្ធរបស់ខ្លួន។ ជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរបស់យើង យើងបានផ្តល់នូវការគាំទ្រ
ដល់ស្ត្រីនិងកុមារច្រើនជាង២.៥០០នាក់ និងកូនរបស់ពួកគេចំនួន៨២២នាក់នៅក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជា ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០១៤