​អាជ្ញាធរ​ស្រុក​អូរជ្រៅ​ជំរុញ​ការ​បម្រើ​សេវា​រដ្ឋបាល​សាធារណៈ​ឱ្យ​បាន​លឿន​ជូន​ប្រជាពលរដ្ឋ (AKP)

បន្ទាយមានជ័យ ១០ មិថុនា ២០១៥៖ នៅក្នុងវេទិកាសាធារណៈដែលបានធ្វើឡើងនៅក្នុងឃុំកូប កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ លោក សាន្ត ស៊ានហូ អភិបាលស្រុកអូរជ្រៅបានបង្ហាញ ពីការខិតខំព្យាយាម ជំរុញលើការងារបម្រើសេវារដ្ឋបាលសាធារណៈឱ្យកាន់តែមានតម្លាភាព និងបានលឿនជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

 

បន្ទាយមានជ័យ ១០ មិថុនា ២០១៥៖ នៅក្នុងវេទិកាសាធារណៈដែលបានធ្វើឡើងនៅក្នុងឃុំកូប កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ លោក សាន្ត ស៊ានហូ អភិបាលស្រុកអូរជ្រៅបានបង្ហាញ ពីការខិតខំព្យាយាម ជំរុញលើការងារបម្រើសេវារដ្ឋបាលសាធារណៈឱ្យកាន់តែមានតម្លាភាព និងបានលឿនជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការចូលរួមប្រមាណជាង៣០០នាក់ បានលើកយកបញ្ហាជាច្រើន ដូចជាបញ្ហាការធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលើសតម្លៃកំណត់ហើយមានភាពយឺតយ៉ាវ បញ្ហាតម្លៃអគ្គិសនីនៅថ្លៃ បញ្ហាសណ្តាប់ធ្នាប់ និងចរាចរមិនទាន់បានល្អជាដើម។

 

ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានលើកទ្បើងពីការអភិវឌ្ឍដោយបានសំណូមពរដល់អាជ្ញាធរជួយកសាងផ្លូវទៅកាន់មូលដ្ឋានរបស់ពួកគាត់ ឱ្យបានល្អប្រសើរ និងឆាប់រហ័ស និងមានបញ្ហាជាច្រើនទៀតក៏ត្រូវបានលើកឡើងនៅក្នុងវេទិកានោះផងដែរ។

 

ឆ្លើយតបនឹងបញ្ហារបស់ប្រជាពលរដ្ឋ លោក សាន្ត ស៊ានហូ បានទទួលយកសំណូមពរដែលបានលើកនេះ ដើម្បីធ្វើការដោះស្រាយជាបន្តបន្ទាប់ និងបន្តប្រឹងប្រែងកែលម្អចំណុចខ្វះខាត សំដៅធ្វើការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

 

លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅបានលើកទ្បើងថា កម្មវិធីនេះធ្វើទ្បើងក្នុងគោលបំណងឱ្យប្រជាពលរដ្ឋបានបង្ហាញពីកង្វល់លើការអភិវឌ្ឍជុំវិញស្រុក និងសេវារដ្ឋបាលសាធារណៈ មួយវិញទៀតគឺដើម្បីឆ្លុះបញ្ចាំងពីចំណុចល្អ និងចំណុចខ្វះខាតរបស់អាជ្ញាធរដែនដី។

 

លោកបានបន្តទៀតថា រដ្ឋបាលស្រុកនឹងយកចិត្តទុកដាក់ប្រឹងប្រែងដោះស្រាយ និងឆ្លើយតបទៅនឹង សំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋព្រមទាំងដាក់ បញ្ចូលសំណូមពរ និងបញ្ហាប្រឈមជាអាទិភាពទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់ក្រុមប្រឹក្សាស្រុកទៀតផង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=115641

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់