វិស័យ​អប់រំ​ខេត្ត​បន្ទាយមានជ័យ​មាន​ការ​រីកចម្រើន ទាំង​បរិមាណ និង​គុណភាព

បន្ទាយមានជ័យ ២៨ មករា ២០១៥៖ ថ្លែងនៅក្នុងឱកាស បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៣-២០១៤ និងទិសដៅឆ្នាំសិក្សា ២០១៤-២០១៥ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា វិស័យអប់រំនៅខេត្តពីមួយឆ្នាំទៅមួយឆ្នាំកាន់តែទទួលបានការរីកចម្រើនទាំងបរិមាណ និងគុណភាព។

 

បន្ទាយមានជ័យ ២៨ មករា ២០១៥៖ ថ្លែងនៅក្នុងឱកាស បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៣-២០១៤ និងទិសដៅឆ្នាំសិក្សា ២០១៤-២០១៥ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ អភិបាលរងខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា វិស័យអប់រំនៅខេត្តពីមួយឆ្នាំទៅមួយឆ្នាំកាន់តែទទួលបានការរីកចម្រើនទាំងបរិមាណ និងគុណភាព។

 

ឯកឧត្តមមានប្រសាសន៍ថា ការសម្រេចបាននូវសមិទ្ធផលនេះ គឺតាមរយៈការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ សកម្មភាពអាទិភាពដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡាដូចជាការប្រមូលកុមារឱ្យចូលរៀនតាមគ្រប់រូបភាព ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំនៅគ្រប់ភូមិសិក្សា ព្រមទាំងបានធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍស្ថាប័ន និងការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត។

 

ឯកឧត្តមបន្តទៀតថា សមិទ្ធផលដែលសម្រេចបានកន្លងមក ពិតជាមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលមានលោកគ្រូអ្នកគ្រូបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស រួមជាមួយមាតាបិតា សហគមន៍ អាជ្ញាធរគ្រប់ជាន់ថ្នាក់បានជួយគាំទ្រ និងជំរុញកូនចៅឱ្យចូលរៀន ការចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជន និងដៃគូអភិវឌ្ឍន៍ផងដែរ។

 

ឯកឧត្តមអភិបាលរងបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានកំណត់អាទិភាពខ្ពស់វិស័យអប់រំ ព្រោះថាវិស័យនេះជាកត្តារួមចំណែកយ៉ាងសំខាន់ណាស់ ក្នុងការកំណត់នូវភាពជោគជ័យលើការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើននោះ។

 

លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឱ្យដឹងដែរថា អត្រានៃការចូលរៀននៅកម្រិតមត្តេយ្យ និងបឋមសិក្សាស្ទើរតែសម្រេចតាមចំណុចដៅរបស់ក្រសួងអត្រាត្រួតថ្នាក់នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាមានកម្រិតទាប និងអត្រាអក្ខរកម្មមនុស្សពេញវ័យក៏មានការថយចុះយ៉ាងច្រើន។ បើប្រៀបធៀបនឹងឆ្នាំសិក្សាកន្លងមក អ្វីដែលឱ្យកត់សម្គាល់គឺការកើនឡើងនូវការចូលរៀននៅកម្រិតមតេ្តយ្យ។

 

លោកបានឱ្យដឹងទៀតថាការពង្រីកសេវាអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាបានទូលំទូលាយដោយមានសេវាអប់រំកម្រិតមូលដ្ឋាននៅគ្រប់ឃុំ សង្កាត់ និងសេវាអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិនៅគ្រប់ស្រុកក្រុង។ ថ្មីៗ នេះអគារសិក្សា បន្ទប់រៀន ហេដ្ឋារចនាសម្ព័ន្ធ សម្ភាររូបវន្តអប់រំបរិស្ថានសិក្សាទាំងក្នុងថ្នាក់រៀន និងក្រៅថ្នាក់ ព្រមទាំងសមត្ថភាពគ្រូបង្រៀនត្រូវបានអភិវឌ្ឍន៍ជាបណ្តើរៗ។ សម្រាប់សកម្មភាពកីឡា សិស្ស និងកីឡាមហាជនក៏មានសកម្មភាពផុលផុសជាងឆ្នាំកន្លងមកដែរ។

 

លោកបានឱ្យដឹងទៀតថា មានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយនាឆ្នាំបន្ត ដូចជាការបោះបង់ការសិក្សារបស់សិស្សទាំងកម្រិតបឋមសិក្សា និងមធ្យមសិក្សាមានអត្រាខ្ពស់។

 

របាយការណ៍របស់មន្ទីរអប់រំខេត្តបានឱ្យដឹងថា នៅឆ្នាំសិក្សា ២០១៤-២០១៥នេះ ខេត្តបន្ទាយមានជ័យមានសាលារៀនគ្រប់ភូមិសិក្សាចំនួន៧៣៩កន្លែង មានសិស្សសរុបចំនួន១៣.៦៤២៨នាក់ដោយ មិនគិតបញ្ចូលសាលាឯកជន៦៥កន្លែង សិស្សសរុប១១.៩៦២នាក់។ បុគ្គលិកសិក្សាមាន៥.៦៩៤នាក់ដោយមិនគិតគ្រូជាប់កិច្ចសន្យា គ្រូ បង្រៀនពីរពេល គ្រូបង្រៀនគួរ និងគ្រូអក្ខរកម្មមានចំនួន៣៦០នាក់ទៀត។ រីឯលទ្ធផលសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិឆ្នាំសិក្សា២០១៣-២០១៤ទាំង២លើកមានចំនួន១.១៦៤នាក់ ស្មើ នឹង៤១,៧៨ភាគរយ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ http://www.akp.gov.kh/kh/?p=105316

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់