ក្រុម​ប្រឹក្សា​ខេត្ត​ ជំរុញ​រដ្ឋបាល​ខេត្ត​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន

បន្ទាយមានជ័យ ២៩ មករា ២០១៥៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី២របស់ ក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានជំរុញឱ្យផ្នែកពាក់ព័ន្ធរបស់ អាជ្ញាធរខេត្តត្រូវបន្តសិក្សាស្រាវជ្រាវដោះស្រាយបញ្ហាប្រឈមសំណួរ សំណូមពរ ដែលបានទទួលមកពីវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត កាលពីចុងឆ្នាំ២០១៤ឱ្យបានលឿន។

បន្ទាយមានជ័យ ២៩ មករា ២០១៥៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី២របស់ ក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានជំរុញឱ្យផ្នែកពាក់ព័ន្ធរបស់ អាជ្ញាធរខេត្តត្រូវបន្តសិក្សាស្រាវជ្រាវដោះស្រាយបញ្ហាប្រឈមសំណួរ សំណូមពរ ដែលបានទទួលមកពីវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត កាលពីចុងឆ្នាំ២០១៤ឱ្យបានលឿន។

 

ឯកឧត្ដម អ៊ុង អឿន បានមានប្រសាសន៍ថា មានបញ្ហាប្រឈមនានាចំនួន១១៤ដែលបានលើកឡើង ដោយប្រជាពលរដ្ឋចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត ហើយរដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធបានឆ្លើយបំភ្លឺជូនពួកគាត់រួចរាល់ក្នុងវេទិកានេះ។ ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់នេះគឺដំណោះស្រាយបានកម្រិតណា ហើយដែលឥឡូវនេះក្រុមប្រឹក្សាខេត្តបានពិនិត្យពិភាក្សានិងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការប្រគល់ភារកិច្ចជូនដល់មន្ទីរ អង្គភាព ទីចាត់ការរដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ស្រាវជ្រាវដោះស្រាយបញ្ហាទាំងអស់នេះ ទៅតាមវិស័យឱ្យបានលឿនទាន់ពេលវេលាដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

 

ឯកឧត្តម អ៊ុង អឿន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៥នេះ សូមឱ្យកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមេត្តាយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងបង្ក្រាបបទល្មើស នានាផ្ទៃក្នុងភូមិសាស្ត្រ និងនៅតាមព្រំដែន។

 

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម គោ ស៊ុំ សារឿត បានមានប្រសាសន៍ថា នៅឆ្នាំថ្មីនេះរដ្ឋបាលខេត្តនឹងបន្តខិតខំពុះពារជំរុញដល់គ្រប់ផ្នែក អាជ្ញាធរគ្រប់ថ្នាក់ឱ្យបន្តការផ្តល់នូវសេវារដ្ឋបាលសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ។ ការដោះស្រាយបញ្ហាប្រឈម អាជ្ញាធរខេត្តបាន និងកំពុងធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា លើវិស័យកសិកម្ម ការរកទីផ្សារលក់កសិផលការកសាងផ្លូវលំជនបទ ប្រឡាយទឹក សាលារៀន អគ្គិសនីដែលនេះជាតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋ។

 

កិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យនេះក៏បានធ្វើការពិនិត្យពិភាក្សា និងអនុម័តលើ (១). សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៨ (២). សេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៧អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ កំណត់ហេតុស្តីពីកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ និងលើកទី៤នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ (៣). សេចក្តីសម្រេចស្ដីពីការប្រគល់ភារកិច្ចដល់មន្ទីរ អង្គភាព ក្រុង ស្រុក សិក្សាស្រាវជ្រាវដោះស្រាយបញ្ហាសំណួរ សំណូមពរ ដែលទទួលបានមកពីវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់រដ្ឋបាលខេត្តឆ្នាំ២០១៤ (៤). សេចក្ដីព្រាងរបាយការណ៍ខែស្ដីពីការអនុវត្តការងាររដ្ឋបាលខេត្តប្រចាំខែមករា ឆ្នាំ២០១៥ (៥). សំណួរចម្លើយ ការបញ្ចេញមតិយោបល់ និងបញ្ហាផ្សេងៗ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ http://www.akp.gov.kh/kh/?p=105344

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់